ONE Championship
កីឡាជាតិ
ជាតិ
Petrosyan ដែល​ត្រូវ​ដណ្ដើម​ប្រាក់​១​លាន​ដុល្លារ រៀបរាប់​ពី​គុណ​ឪពុក​ចំពោះ​ការ​ជ្រោមជ្រែង​
15, Aug 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ឪ​ពុក​របស់​កីឡាករ Giorgio Petrosyan លោក Andrei គឺជា​ប្រភព​គាំទ្រ​ដ៏​សំខាន់បំផុត​ក្នុងការ​ពង្រឹង​ភាពជោគជ័យ​បន្តបន្ទាប់ និង ការលើកទឹកចិត្ត​ខ្លាំង​បំផុត​ដើម្បី​ឲ្យ​រូបគេ​ស្ថិតនៅ​ជា​កំពូល​កីឡាករ​នាពេល​បច្ចុប្បន្ន​។  កូនកាត់​អា​មេ​នី​-​អ៊ីតាលី ត្រូវ​តតាំង​ជាមួយ Jo Nattawut នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix នៅ​សង្វៀន ONE: DREAMS OF GOLD នា​ថ្ងៃ​សុក្រ​ទី ១៦ ខែ សីហា ចុង​សប្ដាហ៍​នេះ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​។​


 
 អ្នកឈ្នះ​នឹង​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែលមាន​ប្រាក់រង្វាន់ ១ លាន​ដុល្លា​។ ជើង​ខ្លាំង​រូបនេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ធំធេង​ពី​សំណាក់​លោកឪពុក​របស់​ខ្លួន តាំងពី​មុន​ឈាន​ជើង​ចូល​ទីលាន​ហ្វឹកហាត់​ម្ល៉េះ​។ 
 
​វីដេអូ​៖ Giorgio Petrosyan ឈ្នះ Petchmorakot នៅ​វគ្គ​៨​នាក់​ចុងក្រោយ​៖
 
 
​ជើងឯក​ពិភពលោក​ក្នុងការ​ប្រកួត kickboxing ៥​សម័យកាល​បានធ្វើ​ឲ្យ​គោលដៅ​ក្លាយជា​ការពិត ប៉ុន្តែ លោក Andrei រឹតតែ​សំខាន់​ក្នុង​ភាពជោគជ័យ​របស់ខ្លួន​។  «​ប៉ា​របស់ខ្ញុំ​ជាម​នុស្ស​ពិសេស​ណាស់​។ ខ្ញុំ​ជំពាក់​គុណ​របស់គាត់​លើសលប់​ដែល​លោក​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ដល់​ចំណុចកំពូល​រហូតដល់​ពេលនេះ​។ ខ្ញុំ​ចូល​ហាត់​ប្រដាល់​តាំងពី​អាយុ ៧ ទៅ ៨ ឆ្នាំ ព្រោះ​គាត់​ជឿជាក់​លើ​ខ្ញុំ ហើយ គាត់​ធ្លាប់​និយាយថា ខ្ញុំ​អាច​នឹង​ឡើងដល់​កីឡាករ​លេខ​១​ក្នុង​លោក​។ នេះ​ជាត​ម្លៃ​មិនអាច​កាត់ថ្លៃ​បាន​»​។ Petrosyan គូសបញ្ជាក់​បែបនេះ​។ 
 
Andrei បាន​នាំ​គ្រួសារ​ទៅ​រស់នៅ​អ៊ីតាលី ក្នុង​ឆ្នាំ ១៩៩៩ និង​ស្វែងរក​កន្លែង​ល្អប្រសើរ​ដើម្បី​អនាគត​ក្រុមគ្រួសារ ពេល ប្រទេស អា​មេ​នី មាន​សង្គ្រាម​ហែកហួរ​គ្នា​។ នោះ​ជា​រឿង​លំបាក​មួយ​ដោយសារ​អត់​មានផ្ទះ​សម្បែង និង អត់​មានការ​គាំទ្រ ប៉ុន្តែ ពួកគេ​ទទួលបាន​ជំនួយ​ពី​សប្បុរសធម៌ និង ការផ្ដួចផ្ដើម​គំនិត​ជាថ្មី​ដើម្បី​រស់រាន​។ Giorgio ជា​អ្នកតាមដាន​រឿងភាពយន្ត​ក្បាច់គុន ហើយ និមិត្តរូប (idol) របស់គេ​គឺ Bruce Lee​។ Giorgio តែងតែ​ចិញ្ចឹមចិត្ត​ចង់​ដូច​វីរបុរស​របស់ខ្លួន និង បង្កើត​អាជីព​ជាមួយ​ក្ដី​ស្រលាញ់​។ មុនពេល​រកបាន​ក្លិប​ហ្វឹកហាត់​ក្បាច់គុន ឳ​ពុក​របស់ Giorgio បាន​លើកទឹកចិត្ត​គេ​ឲ្យ​ធ្វើ​អ្វីដែល​ខ្លួន​ស្រលាញ់ និង បំពេញ​បំណង​មួយ​នេះ​។ 
 
«The Doctor» បាន​រំលឹកថា​៖«Kickboxing មិនមែនជា​រឿង​ល្អ​ទេ​នៅ អា​មេ​នី ហើយ ខ្ញុំ​ហ្វឹកហាត់​កីឡា​ផ្សេង​។ ពេល​យើង​មក​អ៊ីតាលី ខ្ញុំ​ក៏​អស់សង្ឃឹម​រក​កន្លែង​ហ្វឹកហាត់​ហ្វឹកហាត់​ប្រដាល់ ព្រោះ Gorizia ជាទី​ក្រុង​តូច​មួយ និង មិន​ងាយស្រួល​ក្នុង​ការរក​ទីតាំង​ហ្វឹកហាត់​ប្រដាល់​ទេ​»​។ 
 
​វីដេអូ​ការប្រកួត​រវាង Giorgio Petrosyan និង  Jo Nattawut  កាល​ខែ មេសា ឆ្នាំមុន​៖ 
 

Giorgio រំលឹកថា ៖«​យើង​ស្នាក់​នៅក្នុង​ជម្រក​សប្បុរសធម៌​មាន​ឈ្មោះថា Caritas ហើយ ប៉ា​របស់ខ្ញុំ​ធ្លាប់​ស្នាក់នៅ​ជាមួយ​ខ្ញុំ​ដែរ​។ ខ្ញុំ​ហ្វឹកហាត់​ខ្លួនឯង​។ តែ​ប៉ា​ខ្ញុំ​ប្រាប់ថា កន្លែង​ហ្វឹកហាត់​នឹង​រកបាន​ឆាប់ៗ​នេះ​។ ខ្ញុំ​រៀបចំ​កន្លែង​ដាក់​បាវ​សាក់​នៅ​ទីតាំង​បាល់បោះ ហើយ​ខ្ញុំ​អាច​ទាត់ និង បញ្ចេញ​កណ្ដាប់ដៃ រួមទាំង​ការរត់​តិចៗ​បាន​»​។ 
 
​មិនយូរប៉ុន្មាន លោក Andrei បា​នរក​កន្លែង​ហាត់​បាន​ឲ្យ​កូន​របស់ខ្លួន​។ លោក លើកទឹកចិត្ត​ឲ្យ Giorgio ធ្វើដំណើរ​ទៅមក​ពី​កន្លែង​ហ្វឹកហាត់​រយៈ​ចម្ងាយ​ប៉ុន្មាន​ម៉ា​យ និង លើកទឹកចិត្ត​ថា​កូន​របស់ខ្លួន​អាចធ្វើ​បាន​។ Petrosyan បន្តថា មុនពេល​ចូល​គេង ឳ​ពុក​របស់ខ្លួន​បាន​ប្រាប់​ឲ្យ​អា​វ៉ង់​ចំនួន ១០ ដង ដើម្បី​បង្កើន​កម្លាំង​រៀងរាល់ថ្ងៃ​។ Petrosyan  សង្កត់ធ្ងន់ថា ៖«​តែ​ប៉ា​ខ្ញុំ​លើកទឹកចិត្ត​បន្ត ! ទេ កូន​គួរ​ធ្វើ​រហូតដល់​អា​វ៉ង់ ១១ ដង​ដើម្បី​ឲ្យ​កាន់តែខ្លាំង​ឡើង​។ ខ្ញុំ​ជឿជាក់​ដូច្នេះ ខ្ញុំ​ក៏​អា​វ៉ង់ ១១​ដង​មុនពេល​ចូល​គេង​»​។ 
 
​កីឡាករ​រហស្សនាម «The Doctor» ហក់​ចូល​ការប្រកួត​ក្នុង​អាយុ ១១ ឆ្នាំ ហើយ​បន្ទាប់មកទៀត​គេ​ធ្វើការ​យ៉ាងខ្លាំង​ក្លា​មិនគួរ​ឲ្យ​ជឿ ដែល​ក្នុងនោះ​ប្រកួត​បាន ១០១ ដង និង ចាញ់​តែ ២ ដង​ប៉ុណ្ណោះ​។ លោក Andrei តែងតែ​ដាស់តឿន​កូន​របស់ខ្លួន​អំពី​វិន័យ​ដែល​អាច​នាំ​ឲ្យ​ទទួលបាន​លទ្ធផល​ត្រចះត្រចង់​នៅ​ថ្ងៃ​អនាគត​។ 


 
Petrosyan ចង្អុល​បង្ហាញថា​៖«​ខ្ញុំ​ស្ដាប់​ដំបូន្មាន​របស់គាត់​ទាំងអស់​។ នេះ​ជា​ហេតុផល​ខ្ញុំ​អាចមក​ដល់​កម្រិត​កំពូល​។ គាត់​បាន​ព្រមាន​អំពី​ការ​ដើរលេង និង ផឹកស៊ី​ពេលយប់​។ ប៉ុន្តែ​ត្រូវ​ហ្វឹកហាត់​ខ្លាំង​ដើម្បី​ធ្វើខ្លួន​របស់​យើង​មានឈ្មោះ​បោះ​សំឡេង​»​។ 
 
​ឥឡូវនេះ Petrosyan កំពុងតែ​រៀបខ្លួន​ជួប Nattawut ដែល​ធ្លាប់​ឈ្នះ​ម្ដង​រួចហើយ​កាល​ខែមេសា​ឆ្នាំមុន​។ បើសិនជា Petrosyan ឈ្នះ​ទៀត គេ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ខ្លួនឯង ដែល​អាច​ឈានទៅ​ឈ្នះ​ប្រាក់រង្វាន់​រហូតដល់ ១ លាន​ដុល្លារ​អាមេរិក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ 
 
​មុនពេល​ជំនួប​ដ៏​ធំ​នេះ Petrosyan បានធ្វើ​ឲ្យ​ឪពុក​របស់គេ​មាន​មោទនភាព​ភាព ពេល​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​។ បុរស​វ័យ​៣៣​ឆ្នាំ​សង្កត់ធ្ងន់​បែបនេះ ៖« គាត់​សប្បាយចិត្ត​ណាស់ ដូច្នេះ​ខ្ញុំ​មាន​មោទនភាព​សម្រាប់​លោកប៉ា​រប​ស់​ខ្ញុំ​។ ហើយ​គាត់​ក៏មាន​មោទនភាព​ធំធេង​បំផុត​ចំពោះ​ខ្ញុំ​ដែរ​»​។​
 
​កុំ​ភ្លេច​តាមដាន​ការប្រកួត​គូ​ខ្លាំងៗ​នៅ​សង្វៀន  ONE: DREAMS OF GOLD នា​ថ្ងៃទី ១៦ ខែ សីហា ខាងមុខ​ចាប់ពី​ថ្ងៃ​ម៉ោង ៥:០០ ល្ងាច​តទៅ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក  https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ។ គូ ចាន់ រតនា និង Balart អាច​ចាប់ផ្ដើម​ពី​ម៉ោង ៨ កន្លះ​យប់​តទៅ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com