ONE Championship
កីឡាជាតិ
ជាតិ
គ្រូ​ជី​ជិត​ស៊ូ វិភាគ​ជំនួប​រវាង ចាន់ រតនា និង Gustavo Balart នៅ​សង្វៀន ONE: DREAMS OF GOLD
14, Aug 2019 , 11:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

​គ្រូបង្វឹក​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ខាង​ក្បាច់គុន ជី​ជិ​ស៊ូ លោក Fernando Salvador បាន​ចេញមុខ​វិភាគ​ការប្រកួត​រវាង​កំពូល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និង ជើង​ខ្លាំង​សញ្ជាតិ​គុយបា Gustavo Balart នៅ​សង្វៀន ONE: DREAMS OF GOLD ដែល​រៀបចំ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​សុក្រ​ទី ១៦ ខែ សីហា ចាប់ពី​ម៉ោង ៥ ល្ងាច [​ម៉ោង​នៅ​កម្ពុជា​] តទៅ​។ គូ ចាន់ រតនា  និង Balart អាច​នឹង​ចាប់ផ្ដើម​ប្រកួត​វេលា​ម៉ោង ៨:៣០​នាទី យប់​។

 
​គ្រូបង្វឹក​រូបនេះ​បាន​វិភាគ​ថា ចាន់ រតនា មាន​ឱកាសល្អ​ដើម្បី​ឈ្នះ​ការប្រកួត​តាមរយៈ​ការរៀប​គម្រោង​ការពារ​ទប់​ទល់នឹង​អ្នកជំនាញ​ផ្នែក​ចំបាប់​, និង ដៃគូ​ប្រយុទ្ធ​មាន​កម្លាំង​ខ្លាំងក្លា​។ លោក​បន្តថា រតនា ត្រូវតែមាន​ការរៀបចំ​ខ្លួន​ល្អ និង ប្រើ​តិក​និក​ឲ្យ​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ចំពោះ Balart ដែលជា​កីឡាករ​ចំបាប់​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​តំណាង​ឲ្យ​គុយបា​។ 

​វីដេអូ ប្រកួត​ចុងក្រោយ​របស់ Balart នៅ​សង្វៀន ONE៖
 
​គ្រូបង្វឹក​ដែលមាន​កូនសិស្ស MMA ជាច្រើន​នៅ​កម្ពុជា​បង្ហើប​បច្ចេកទេស​ដល់ រតនា បែបនេះ​៖« Balart ច្បាស់​ជា​ព្យាយាម​ចូលចាប់ និង បោក​ទៅនឹង​ក្ដារ​រេញ​លើ រតនា និង បញ្ចប់​ការប្រកួត​តែម្ដង​។ Balart គេ​មាន​កម្លាំង​ខ្លាំងណាស់ និង មាន​ពិសោធន៍​ច្រើន​ក្នុង​ពិភព​កីឡា​ចំបាប់​ទៀតផង​»​។ 
 
​គ្រូបង្វឹក​ដែល​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​គុន​ស្ថាបនិក MMA នៅ​អាមេរិក​ដដែល​នេះ​គូសបញ្ជាក់ថា វា​ជា​ភ័ព្វសំណាង​មួយ ព្រោះ រតនា បាន​ហ្វឹកហាត់​ត្រៀម​ជាច្រើន​ដើម្បី​តតាំង​ជើង​ខ្លាំង​ដូច Balart ហើយ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​រំភើប​សម្រាប់​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់ រតនា ពេល​ប៉ះ ម្ចាស់​
​មេដាយមាស Pan American Games ឆ្នាំ ២០១១​។ 
 
​វីដេអូ ប្រកួត​ចុងក្រោយ​របស់ ចាន់ រតនា នៅ​សង្វៀន ONE ៖ 
 
 
​បែបណា​ក្ដី​គ្រូបង្វឹក​សញ្ជាតិ​អាមេរិក សង្កត់ធ្ងន់ថា ម្ចាស់​ក្លិប «​សិល្បៈ​» ត្រូវ​ប្រើ​ក្បាច់​ពី​ចម្ងាយ និង ប្រើ​ជង្គង់​អុក​ដើម្បី​កាត់​ទប់​ក្បាច់​របស់ Balart​។ ព្រោះ​ការធ្វើ​បែបនេះ​អាច​ការពារ​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ពី​ការប៉ុនប៉ង​ផ្ដួល ដែល​អាច​ចាញ់​នៅលើ​ក្ដារ​រេញ ប្រសិនជា​ដួល​។ យ៉ាងណាក្ដី គ្រូបង្វឹក​គុន​ចម្រុះ​រូបនេះ បាន​រៀបរាប់​ទៀតថា កីឡាករ​មកពី​គុយបា មាន​កម្ពស់​ទាប​ជាង​ចាន់ រតនា ប៉ុន្តែ មាន​បម្លាស់​ទី​រហ័សរហួន មិន​ចាញ់ រតនា ឡើយ​។ នេះ​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ​នៅ​កម្ពុជា និង ពិភពលោក​។ 


 
​លោក Fernando ផ្ដល់យោបល់​ទៀតថា​៖«​បើ​ចង់​មានប្រៀប​លើ Balart , ចាន់ រតនា ត្រូវតែ​ប្រើ​ក្បាច់គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​, កុំ​ចូល​កៀក​ពេក​ដោយ​វ៉ៃ​, ជង្គង់ និង​ទាត់​ពី​ចម្ងាយ​សំដៅ​ផ្នែក​ខាងលើ​នៅ​ទឹក​ទី​២ និង ទី​៣»​។ 
 
Balart ពិតជា​អស្ចារ្យ ដោយ​ឈ្នះ ៨ លើក​ក្នុងការ​បង្ហាញខ្លួន ១០ លើក​លើស​ង្វៀន​គុន​ចម្រុះ​កន្លងមក​។ យ៉ាងណាក្ដី បុរស​វ័យ ៣២ ឆ្នាំ​សញ្ជាតិ​គុយបា រូបនេះ ចាញ់​កីឡាករ​សញ្ជាតិ​ជប៉ុន Tatsumitsu Wada ក្នុងការ​ប្រកួត​ចុងក្រោយ​របស់ខ្លួន​។ ផ្ទុយទៅវិញ​ម្ចាស់​ក្លិប «​សិល្បៈ​»  ចាន់ រតនា ឈ្នះ​ការប្រកួត​ចុងក្រោយ​នៅ​សង្វៀន ONE ទល់នឹង​កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី Rudy Agustian​។ តើ ចាន់ រតនា អាច​ឈ្នះ Balart ដើម្បី​បង្កើន​កំណត់ត្រា​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE ទេ​? 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​ពីស​ង្វៀន ONE: DREAMS OF GOLD ពី​ប្រទេស​ថៃ​នា​ល្ងាច​ថ្ងៃទី ១៦ សីហា ចាប់ពី​ម៉ោង ៥​ល្ងាច​តទៅ  តាមរយៈ​ផេ​ក  https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com