ជាតិ
នយោបាយជាតិ
មជ្ឈមណ្ឌលបង្វឹកទ័ពកម្ពុជា សុំឲ្យវិទ្យាស្ថានទ័ពវៀតណាម «ជួយគ្រប់លទ្ធភាព» ជំនួបរវាងលោក ឈុន ឆេង (ស្តាំដៃ) និង លោក ហ័ង វ៉ាន់មីញ (រូបពីក្រសួងការពារជាតិ)
× មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ស្នើសុំវិទ្យាស្ថានកងទ័ពជើងគោកវៀតណាម «ឲ្យជួយផ្តល់គ្រប់លទ្ធភាព» ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា។
សំណើនេះ គឺលើកឡើងដោយឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង និងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មីញ (Hoang Van Minh) នាយកវិទ្យាស្ថានកងទ័ពជើងគោកវៀតណាម កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ លោក ហ័ង វ៉ាន់មីញ និង គណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ នៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៩នេះ។
បើតាមក្រសួងការពារជាតិកម្ពុជា លោក ហ័ង វ៉ាន់មីញ បានសន្យា ថានឹងពាំនាំសំណើនិងសំណូមពររបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ដាក់ជូនថ្នាក់លើរបស់ខ្លួន «ដើម្បីសម្រេច»។ លោក ក៏បានសន្យាដែរ ថានឹងបន្តខិតខំរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា និងវិទ្យាស្ថានទ័ពជើងគោកវៀតណាម ឲ្យល្អប្រសើរទ្វេដង។
លើសពីនេះ លោក ហ័ង វ៉ាន់មីញ បានសរសើរនិងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់នាយទាហាន ពលទាហានគ្រប់ជំនាញ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ដោយមានការទទួលខុសត្រូវខ្ពស់។
ក្នុងជំនួបនោះ លោក ឈុន ឆេង បានរៀបរាប់ប្រាប់លោក ហ័ង វ៉ាន់មីញ អំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី និង ភារកិច្ចរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ដែលជាសេនាធិការឲ្យកងទ័ពជើងគោកកម្ពុជា ក្នុងការហ្វឹកហ្វឺន ការបណ្តុះបណ្តាល និង ការបំប៉នបំពេញវិជ្ជាដល់នាយពលទាហានគ្រប់ជំនាញ។
លោក ឈុន ឆេង បន្តថា សមិទ្ធផលក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជានាពេលបច្ចុប្បន្ន គឺមានចំណែកនៃការជួយឧបត្ថម្ភរបស់ដៃគូនានា ហើយក្នុងនោះ យោធភូមិភាគទី៧ នៃកងទ័ពវៀតណាម «បានផ្តល់តាមតម្រូវការ» របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ចាប់តាំងពីបានប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ក្នុងឆ្នាំ២០១៦មក៕
Tag:
កម្ពុជា-វៀតណាម
យោធា
© រក្សាសិទ្ធិដោយ thmeythmey.com