ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ទាំងនេះ​នឹង​កើតឡើង​បើសិនជា​អ្នក​ញ៉ាំ​ខ្ញី​បានជា​រៀងរាល់ថ្ងៃ​
15, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្ញី​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មួយ​ប្រភេទ​សម្រាប់​ប្រជាជន​រស់នៅ​តំបន់​អាស៊ាន ប៉ុន្តែ​ខ្មែរ​យើង​ក៏​ពេញនិយម​ខ្លាំង​ណាស់ដែរ ព្រោះ​វា​អាចជួយ​ផ្តល់​ជា​រសជាតិ​យ៉ាង​ឆ្ងាញ់ និង​ហឹរ​តិចៗ​។ ក្រៅពីនេះ ខ្ញី​ក៏ត្រូវ​បាន​គេ​រកឃើញថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់ដែរ ជាពិសេស​អាច​ព្យាបាល​ជំងឺ​ជាច្រើន​បាន​ថែម​ទៀតផង​។



យ៉ាងណាមិញ បើសិនជា​អ្នកមាន​ទម្លាប់​ញ៉ាំ​ខ្ញី​រាល់ថ្ងៃ​មែន នោះ​អ្នកនឹង​ទទួលបាន​ប្រយោជន៍​ដូចខាងក្រោម​នេះ​៖
 
​ទប់ស្កាត់​ការ​ច្រាល​អាស៊ីត​ក្រពះ​
 
​ការ​ច្រាល​អាស៊ីត​ក្រពះ​កើត​ឡើងលើ​មនុស្ស​រាប់លាន​នាក់​មកហើយ​នៅលើ​ពិភពលោក​។ វា​គឺជា​ជំងឺ​មួយ​ដែល រំលាយ​អាហារ​របស់​ក្រពះ​ត្រូវបាន​ច្រាល​មកដល់​បំពង់ក ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ក្រហាយៗ និង​ចង់​សន្លប់​ផងដែរ​។ ថ្វីបើ​ជំងឺ​នេះ​ច្រើនតែ​បង្កឡើង​ដោយ​ការ​ញ៉ាំ​អាហារ​មែន​ក៏ដោយ តែ​ការ​ញ៉ាំ​ខ្ញី​អាចជួយ​ទប់ស្កាត់​បញ្ហា​នេះ​បាន​។ អ្នក​គ្រាន់តែ​ចិត​តែ​ខ្ញី​ជា​ពីរ​បី​ចំណិត​ហើយ​ដាក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ញ៉ាំ​ទៅជា​ការ​ស្រេច​ហើយ​។ 
 
​បំបាត់​ការ​រលាក​
 
​ប្រយោជន៍​មួយទៀត​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​ញ៉ាំ​ខ្ញី​រាល់​ថ្ងៃនោះ​គឺ វា​អាចជួយ​ប្រឆាំង​ការ​រលាក​ដែល​កំពុងតែ​កើតឡើង​ក្នុង​ខ្លួន​បាន​។ សារធាតុ Gingerols ដែលមាន​ក្នុង​មើម​ខ្ញី​មួយ​នេះ ត្រូវបាន​គេ​រកឃើញថា អាច​បន្ថយ​ការ​រលាក ជាពិសេស​បំបាត់​ការឈឺ​សាច់ដុំ និង​ការឈឺចាប់​ផ្សេងៗ​បាន​។ ការ​ញ៉ាំ​ខ្ញី​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា និង​ធាត់​ជ្រុល​ផងដែរ​។ 
 
​បញ្ឈប់​ការ​ចាញ់កូន​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនតែ​ត្រូវការ​ដោះស្រាយ​ការ​ចាញ់កូន​នៅ​ត្រីមាស​ដំបូង​ព្រោះ​វា​ជា​ពេលវេលា​ដែល​ត្រូវការ​ក្អួត​ច្រើនៗ​។ រឿងនេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​ដោយសារតែ​ត្រូវ​ការចូល​បន្ទប់​ទឹកជា​ប់​។ ប៉ុន្តែ​អ្នក​អាច​ប្រើប្រាស់​ខ្ញី​ដើម្បី​ដោះស្រាយ​រឿងនេះ​បាន​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ថា តើ​អ្នក​អាច​ញ៉ាំ​ខ្ញី​បាន​ឬ​អត់​ក្នុងការ​ព្យាបាល​ការ​ចង្អោ​នេះ​។ 
 
​សម្រក​ទម្ងន់​
 
​ការ​ធាត់​ជ្រុល​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ននេះ ហើយក៏​កំពុង​តែមាន​មនុស្ស​ជាច្រើន​វិវត្តន៍​ទៅរក​ការ​ធាត់​លើស​ទម្ងន់​ដែរ​។ ប៉ុន្តែ​ពេលនេះ​គឺជា​ដំណឹង​ល្អ​ហើយ ព្រោះ​អ្នក​អាច​ប្រើ​ខ្ញី​ដើម្បី​សម្រក​ទម្ងន់​បាន ដោយ​គ្រាន់តែ​បញ្ចូល​វា​ទៅក្នុង​របប​អាហារ​នោះ​ជាការ​ស្រេច​ហើយ​។ ខ្ញី​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ការរំលាយ​អាហារ ដូច្នេះ​វា​នឹង​ជួយ​សម្រក​ទម្ងន់​បែប​ធម្មជាតិ​បាន​។ ការបន្ថែម​ខ្ញី ទៅក្នុង​របប​អាហារ ក៏​អាចជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​កាន់តែ​យូរ​ដែរ​។ 
 
​ព្យាបាល​ការឈឺ​បំពង់ក និង​ក្អក​
 
​បើសិនជា​អ្នក​កំពុងតែ​ដោះស្រាយ​ការ​ក្អក ឬ​ឈឺបំពង់ក អ្នក​ប្រហែលជា​កំពុង​តែមាន​ជំងឺ​ផ្តាសាយ​ដែល​ត្រូវ​ព្យាបាល​ឲ្យ​បាន​លឿន​ហើយ​។ សំណាង​ដែរ ខ្ញី​អាចជា​មធ្យោបាយ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​យកមកប្រើ​ដើម្បី​បំបាត់​ការ​ក្អក និង​ឈឺបំពង់ក​បាន​។ អ្នក​គ្រាន់តែ​ហាន់​ខ្ញី​ពីរ​បី​ស្លាយ​ដាក់​ក្នុង​ទឹក​ក្តៅ​មួយ​ពែង ហើយ​លាយ​ទឹកឃ្មុំ​ខ្លះ​ដើម្បី​ទទួលទាន​នោះ​ក៏បាន​ធូរស្រាល​ពី​ការឈឺ​បំពង់ក និង​ក្អក​ហើយ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com