ជាតិ
សុខភាព
ការភ័យខ្លាច​ពី​ការ​មាក់ងាយ​រារាំង​ប្រជាជន​កម្ពុជា​ពី​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​
15, Aug 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ភ្នំពេញ ៖ ការភ័យខ្លាច​និង​ភាព​ខ្មាសអៀន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​១​ម៉ឺន​នាក់​មិន​ហ៊ាន​មក​ធ្វើតេស្ត​ឈាម​ដើម្បី​ស្វែងរក​មេរោគ​អេដស៍​នោះទេ​។​

 
​ផ្អែក​តាម​របាយការណ៍​ឆ្នាំ ២០១៨ របស់​អង្គការសហប្រជាជាតិ​ផ្នែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ UNAIDS បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ដែល​ផ្ទុកមេរោគ​អេដស៍​មាន​ចំនួន​ប្រមាណ ៦៧០០០ នាក់​។ ប៉ុន្តែ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​តែ ៥៧០០០ ទៅ ៥៩០០០ នាក់​ប៉ុណ្ណោះ​បានមក​ធ្វើតេស្ត​ឈាម​ស្វែងរក​មេរោគ​អេដស៍​បាន​ត្រឹមត្រូវ​។ ហើយ​ពួកគេ​កំពុង​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​។​
 
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ប្រជាពលរដ្ឋ​ចំនួន​មួយ​ម៉ឺន​នាក់​ទៀត​មិនបាន​ទៅធ្វើ​តេស្ត​ឈាម ហើយក៏​មិនដឹងថា ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍​ឡើយ​។​
 
​លោក យី ស៊ី​យ៉ាន ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ពី​សុខភាព​ប្រជាជន ដែលជា​ស្ថាប័ន​ការពារ​ការឆ្លង​នៃ​ជំងឺអេដស៍​ធំជាងគេ​នៅ​កម្ពុជា​រកឃើញថា​ការភ័យខ្លាច​ក្នុងការ​រកឃើញ​លទ្ធផល​វិជ្ជមាន​នៃ​មេរោគ​អេដស៍​ក្នុង​ឈាម​គឺជា​ឧបសគ្គ​ធំ​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​រារាំង​ពួកគេ​មួយចំនួន​មិន​ឲ្យ​ធ្វើតេស្ត​ឈាម​។​
 
​ការវាយតម្លៃ​នេះ​មាន​បន្ទាប់ពី​ការសហការ​ស្រាវជ្រាវរ​បស់​លោក​ជាមួយ​ក្រុម​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ដើម្បី​ការស្រាវជ្រាវ​ទៅលើ​អាកប្បកិរិយា​របស់​ប្រជាជន​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ​។​
 
​លោក Steve Wignall​ដែលជា​វេជ្ជបណ្ឌិត​និង​ប្រធាន​នៃ​គម្រោង LINKAGES របស់​កម្ពុជា​ដែលជា​កម្មវិធី​បង្ការ​កា​រ​រីក​រាលដាល​នៃ​ជំងឺអេដស៍​យល់ស្រប​ដែរ​ថា មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ស្ទាក់ស្ទើរ​ក្នុងការ​ទៅធ្វើ​តេស្ត​ឈាម​ស្វែងរក​មេរោគ​អេដស៍​នោះ គឺ​ដោយសារ​ការភ័យខ្លាច​និង​ខ្លាច​ចំពោះ​ការ​មាក់ងាយ​។​
 
«​ពួកគេ​ដឹងថា បើសិនជា​គេ​ទៅធ្វើ​តេស្ត​ឈាម គ្រូពេទ្យ​នឹង​សួរ​ពួកគេ​អំពី​រឿង​ទាំងនេះ​។ ដូច្នេះ​ការភ័យខ្លាច​ទីមួយ​គឺ​ការភ័យខ្លាច​ពី​ការ​លាតត្រដាង​ចម្លើយ​សំណួរ​ទាំងនេះ​។ ការភ័យខ្លាច​មួយទៀត​នោះ គឺ​ពួកគេ​បារម្ភ​ខ្លាច​ទទួលបាន​លទ្ធផល​មិនល្អ​»​។​
 
​យោងតាម UNAIDS ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំង ៥៦០០០​នាក់ ដែល​ទទួល​បានមក​ធ្វើតេស្ត​ឈាម​ដើម្បី​ស្វែងរក​មេរោគ​អេដស៍ បានទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​នេះ​។ នេះ​មានន័យថា ចំនួន​វីរុស​អេដស៍​នៅក្នុង​ខ្លួន​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ដល់​កម្រិត​អ​ប្បរមា​មួយ ដែល​គេ​មិនអាច​ពិនិត្យឃើញ​បាន​ទៀត​នោះទេ​។​
 
​នៅ​ប្រទេស​កម្ពុជា មធ្យោបាយ​ក្នុងការ​ព្យាបាល​ទូទៅ​មួយ​សម្រាប់​អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស៍​គឺ​ដោយ​ការប្រើប្រាស់​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍ (ART)​។​
 
​លោក យី ស៊ី​យ៉ាន បាន​ឲ្យ​ដឹងថា បើសិនជា​គេ​អាច​រកឃើញ​ចំនួន​វីរុស​ក្នុង​ខ្លួន​អ្នកជំងឺ​អេដស៍​នៅមាន​បរិមាណ​តិច​នោះ អ្នកជំនាញ​នឹង​អាច​បង្កា​មេរោគ​នោះ​មិន​ឲ្យ​ឆ្លងទៅ​ដៃគូ​រួមភេទ​បាន ទោះបីជា​ក្រោយ​ការរួម​ភេទ​ដោយ​មិនមាន​ការការពារ​ត្រឹមត្រូវ​ដល់​ទៅ ៩៤ ភាគរយ​។​
 
​លោក Steve ពន្យល់ថា ការធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា​គឺមាន​ភាពប្រសើរ​សម្រាប់ ប្រព័ន្ធ​ស៊ាំ​របស់​ពួកគេ​។​
 
«​បើសិនជា​អ្នក​ចាំ​ហើយ​ចាំ​ទៀត​នោះ​ដោយសារតែ​ភ័យខ្លាច នោះ​ប្រព័ន្ធ​ភាពស៊ាំ​នឹងត្រូវ​បាន​បំផ្លិចបំផ្លាញ ហើយ​ដល់​ពេលនោះ​វា​នឹងមាន​ការពិបាក​សម្រាប់​យើង​ដែលជា​គ្រូពេទ្យ​ក្នុងការ​ព្យាបាល​»​។​
 
​លោក​បន្ថែមថា មនុស្ស​ភាគច្រើន​មិន​ជឿទុកចិត្ត​លើ​ការរក្សា​អាថ៌កំបាំង​នៃ​លទ្ធផល​ធ្វើតេស្ត​ឈាម​នោះឡើយ​។ ហើយ​ពួកគេ​មានការ​បារម្ភ​ថា លទ្ធផល​ឈាម​របស់ខ្លួន​នឹង​ត្រូវបាន​លាតត្រដាង ជាពិសេស​ក្នុងករណី​ដែល​ក្រុមមនុស្ស​នោះ​ជា​អ្នករកស៊ី​ផ្លូវភេទ ឬ​មាន​ប្រវត្តិ​មាន​ដៃគូ​មិន​ផ្លូវការ​ខាងក្រៅ​ច្រើន ឬក៏​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​។​
 
​សុជាតា ដែលមាន​អាយុ ២៤ ឆ្នាំ បាន​ឆ្លង​មេរោគ​អេដស៍​ពី​សង្សារ​ចាស់​នាង​ម្នាក់​ប្រហែលជា​បួន​ឆ្នាំមុន​។ នាង​បាន​ប៉ះទង្គិច​ផ្លូវចិត្ត​ពេល​ដឹង​ពី​លទ្ធផល​ធ្វើតេស្ត​ឈាម​របស់ខ្លួន​។ ប៉ុន្តែ គ្រូពេទ្យ​បាន​ជួយ​លើកទឹកចិត្ត​នាង និង​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​។ សុជាតា បាន​ថ្លែងប្រាប់ VOA ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា​៖
 
«​ពីដំបូង​វា​ប៉ះពាល់​ផ្លូវចិត្ត​ខ្ញុំ​យ៉ាងខ្លាំង ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ទទួលស្គាល់ថា វា​ជាការ​ពិត​របស់​ជីវិត​ខ្ញុំ​។ ឲ្យ​តែ​ខ្ញុំ​លេបថ្នាំ​ទៀងទាត់ ខ្ញុំ​អាច​រស់រានមានជីវិត​ធម្មតា​ដូច​គេ​ដូច​ឯង​។ ការធ្វើ​តេស្ត​ឈាម​ទាន់ពេលវេលា​អាច​ឲ្យ​ខ្ញុំ​អាច​ការពារ​ការ​រាលដាល​នៃ​មេរោគ​នេះ​ទាន់ពេលវេលា​»​។​
 
​បរិសុទ្ធ ដែលជា​និស្សិត​ស្ថាបត្យកម្ម​មួយរូប​បាន​ថ្លែងប្រាប់ VOA ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែរ​ថា លោក​បានធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​កាលពី​លោក​រៀន​នៅ​វិទ្យាល័យ​។ លោក​ធ្លាប់បាន​គ្រូពេទ្យ​សួរដេញដោល​ដោយ​ត្រង់ៗ​អំពី​ការ​រួមភេទ​ដែល​មិនបាន​ការពារ​ត្រឹមត្រូវ​។ ហើយ​សំណួរ​ទាំង​នោះបាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់លោក​។​
 
​លោក បរិសុទ្ធ គិតថា ប្រជាពលរដ្ឋ​មួយចំនួន​មិន​ហ៊ាន​មក​ពិនិត្យ​ឈាម​ដោយសារ​ពួកគេ​មានការ​ភ័យខ្លាច​ចំពោះ​ហានិភ័យ​នៃ​ការរើសអើង​និង​ការបាត់បង់​ឱកាស​ការ​ងារ​។​
 
​លោក បរិសុទ្ធ បាន​ថ្លែងថា​៖
 
«​អ្នក​ដែល​គេ​ដឹងថា​មាន​ផ្ទុកមេរោគ​អេដស៍​អាច​ត្រូវបាន​គេ​រើសអើង ឬ​បាត់បង់​ការងារ អញ្ចឹង​ហើយ​បានជា​អ្នក​ទៅធ្វើ​តេស្ត​ឈាមមាន​ការភ័យខ្លាច​ច្រើន​»​។​
 
​យោងតាម​ក្រុម​អ្នកជំនាញ​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស​ប្រមាណ​មួយ​ម៉ឺន​នាក់​ដែល​ផ្ទុកមេរោគ​អេដស៍ ហើយ​មិនបាន​ចេញទៅ​ធ្វើតេស្ត​ឈាម​ដើម្បី​ស្វែងរក​មេរោគ​នោះ មាន​អាយុ​ចន្លោះ​ពី ១៥ ទៅ ៤៩ ឆ្នាំ​។ ហើយ​អ្នក​ទាំងនោះ​ភាគច្រើន​គឺជា​អ្នករកស៊ី​ផ្លូវភេទ មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នកប្រើប្រាស់​គ្រឿងញៀន​។​
 
​លោក តែង គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹងថា​អត្រា​ឆ្លង​មេរោគ​អេដស៍​ក្នុង​មួយឆ្នាំៗ​មាន​ចំនួន​ប្រមាណ​៥០០​នាក់​។ ប៉ុន្តែ​អត្រា​នៃ​ការឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល​បានដាក់​គោលដៅ​លុបបំបាត់​ការឆ្លង​នៃ​ជំងឺអេដស៍​ត្រឹម​ឆ្នាំ ២០២៥​។​
​លោក តែង គ​ន្ធី យល់ស្រប​ថា ការភ័យខ្លាច​ការ​មាក់​ងាយ​និង​រើសអើង​ពី​សហគមន៍​និង​ការ​ខ្មាសអៀន​បានធ្វើ​ឲ្យ​អ្នក​ផ្ទុកមេរោគ​អេដស៍​មួយចំនួន​មិន​ហ៊ាន​ចេញមុខ​ធ្វើតេស្ត​ឈាម​។​
 
​លោក​មានប្រសាសន៍ថា អ្នកជំងឺ​ទាំងនោះ​ខ្វះ​ការយល់ដឹង​ពី​ហានិភ័យ ហើយ​ប្រការនេះ​នឹង​ផ្តល់​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​ផង និង​បង្ក​ឲ្យ​ឆ្លង​រាលដាល​ដល់​អ្នកដទៃ​ផង​។​
 
«​បើសិនជា​គាត់​ស្រឡាញ់​ជាតិ បើសិនជា​គាត់​ស្រឡាញ់​ប្រទេស​គាត់ គាត់​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​មិន​ឲ្យ​ឆ្លង​ជំងឺអេដស៍​»​។​
 
​លោក តែង គ​ន្ធី ព្រួយបារម្ភ​ថា ប្រសិនបើ​និន្នាការ​នៃ​ការភ័យខ្លាច​ក្នុងការ​ធ្វើតេស្ត​ស្វែងរក​មេរោគ​អេដស៍​នៅតែ​បន្ត វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលដៅ​លុបបំបាត់​ការឆ្លង​ជំងឺអេដស៍​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com