សម្រាប់​អ្នកភូមិ​មួយចំនួន​ជំរឿន​ដូចជា​មិន​ជួយ​ឲ្យ​ការរស់នៅ​របស់​ពួកគេ​ប្រសើរឡើង​នោះទេ​
ជាតិ
សម្រាប់​អ្នកភូមិ​មួយចំនួន​ជំរឿន​ដូចជា​មិន​ជួយ​ឲ្យ​ការរស់នៅ​របស់​ពួកគេ​ប្រសើរឡើង​នោះទេ​
15, Aug 2019 , 1:39 pm        
រូបភាព
អ្នកស្រី កាន់ សារីន វ័យ ៤៨ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុកគ្រួសារ រស់នៅក្នុងខណ្ឌច្បារអំពៅ សង្កាត់ក្បាលកោះ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩។ អ្នកស្រីបានប្រាប់វីអូអេថា អ្នកស្រីចង់បានមន្ទីរពេទ្យនៅក្នុងភូមិ។ (ផន បុប្ផា/VOA Khmer)
អ្នកស្រី កាន់ សារីន វ័យ ៤៨ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុកគ្រួសារ រស់នៅក្នុងខណ្ឌច្បារអំពៅ សង្កាត់ក្បាលកោះ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩។ អ្នកស្រីបានប្រាប់វីអូអេថា អ្នកស្រីចង់បានមន្ទីរពេទ្យនៅក្នុងភូមិ។ (ផន បុប្ផា/VOA Khmer)
ដោយ: VOA
​ភ្នំពេញ ៖ នៅពេល​ក្រុម​អ្នកធ្វើ​ជំរឿន​ទៅដល់​ផ្ទះ​របស់​អ្នកស្រី​កាន់ សារី​ន នៅ​ខណ្ឌ​ច្បារអំពៅ នៅ​ប៉ែក​ខាងកើត​នៃ​រាជធានី​ភ្នំពេញ អ្នកស្រី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ផ្សេងៗ និង​ប្រាប់​ពី​តម្រូវការ​របស់​អ្នកស្រី​និង​តម្រូវការ​ក្នុង​សហគមន៍​អ្នកស្រី​។​

 
​ក្នុង​វ័យ​៤៨​ឆ្នាំ អ្នកស្រី​កាន់ សារី​ន​ចង់បាន​មន្ទីរពេទ្យ​មួយ​នៅក្នុង​ភូមិ​អ្នកស្រី​ផ្ទាល់​ដើម្បី​ជួយ​កាត់បន្ថយ​ចំណាយ​ទាំង​ប្រាក់កាស និង​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ស្វែងរក​កន្លែង​ព្យាបាល​។ ដ្បិត​នៅពេលដែល​សមាជិកគ្រួសា​រណា​មួយ​នៅក្នុង​ភូមិ ឬក៏​សមាជិកគ្រួសារ​របស់​អ្នកស្រី​មាន​ជំងឺ ហើយ​ត្រូវការ​ការព្យាបាល អ្នកស្រី​និង​អ្នកភូមិ​ត្រូវធ្វើ​ដំណើរ​ទៅរក​ការព្យាបាល​នៅ​រាជធានី​ភ្នំពេញ ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ភូមិ​របស់​អ្នកស្រី​។ ប៉ុន្តែ​អ្នកស្រី​មិនមាន​ឱកាស​ប្រាប់​ពី​សេចក្តីត្រូវការ​ទាំងនេះ​ទៅកាន់​អ្នក​ចុះមក​ធ្វើ​ជំរឿន​កាលពី​ខែមីនា​កន្លងទៅ​នោះទេ​។​
 
«​គេ​អត់​សួរ​ទេ​! គេ​អត់​សួរ​ទេ​! គេ​អត់​សួរថា ភូមិ​យើង​មាន​មន្ទីរពេទ្យ​អត់​។ មាន​អ្នក​ឈឺ មានអី​អត់ ដូច​ថា​ពេល​ឈឺ​មានអី​ដឹក​ទៅ​មន្ទីរពេទ្យ​អត់​។ អត់​មាន​សួរ​ទេ​។ ទាំងអស់ អត់​មាន​សួរ​ទេ​។ ហើយ​ពេទ្យ​មាន​[​ជិត​]​អី​! នៅ​ឆ្ងាយ​ណាស់​។ ហ្ន​! នៅ​ថ្នល់​ឯណោះ​។ មិនមែន​នៅក្នុង​ភូមិ​ហ្នឹង​ណា​។ ហើយ​ចុះ​គ្នា​អ្នក​អត់ អ្នក​អីហ្នឹង ពិបាក​យ៉ាងណា​?»
 
 
​ក្រុម​អ្នកធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ឆ្នាំ​២០១៩​បាន​កាន់​ជាប់​នឹង​ខ្លួន​នូវ​កម្រង​សំណួរ​ជាច្រើន​ដែលមាន​កម្រាស់​ប្រាំមួយ​ទំព័រ​។ ប៉ុន្តែ​អ្នកស្រី​កាន់ សារី​ន​បាន​បញ្ជាក់ថា អ្នក​សម្ភាស​ដើម្បី​ធ្វើ​ជំរឿន​នៅផ្ទះ​អ្នកស្រី​បាន​ចំណាយពេល​ប្រមាណ​២០​នាទី​ដើម្បី​សួរ​នូវ​កម្រង​សំណួរ​ដែលមាន​ជាង​២០​សំណួរ​នេះ​។​
 
«​អត់​បាន​សួរ​បញ្ជាក់​ទេ​។ គេ​សរសេរ​ប្រញាប់ៗ​អ៊ីចឹងទៅ​! គាត់​ប្រញាប់​ពេក មិនបាន​សួ​រ‍​»​។​
 
​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ជំរឿន​រៀងរាល់​ដប់ឆ្នាំ​ម្តង​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង​៨,៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ការធ្វើជំរឿន​ឆ្នាំ​២០១៩​នេះ ដើម្បី​បាន​«​តួលេខ​ប្រជាសាស្ត្រ​ពិតប្រាកដ​» ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​ត្រឹមត្រូវ​សម្រាប់​កិច្ចអភិវឌ្ឍន៍​និង​ធ្វើ​ឲ្យ​សុខុមាលភាព​ប្រជាពលរដ្ឋ​ប្រសើរឡើង​។​
 
​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​ចូលរួម​ដំណើរការ​ជំរឿន​ឆ្នាំនេះ​បាន​ប្រាប់​វី​អូ​អេ​ថា ពួកគេ​មិន​ត្រូវបាន​គេ​សួរ​សំណួរ​ច្រើន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សហគមន៍​និង​តម្រូវការ​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​ឡើយ​។​
 
​នៅ​ចម្ងាយ​ពី​ផ្ទះ​អ្នកស្រី​កាន់ សារី​ន​ប្រហែលជា​កន្លះ​គីឡូម៉ែត្រ  អ្នកស្រី​ស្រី គ​ន្ធា​ធ្វើជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ជាង​២០​ឆ្នាំ​មកហើយ​។ អ្នកស្រី​គ​ន្ធា​ក៏បាន​លើក​ពី​បញ្ហា​ដូចគ្នានេះដែរ​។​
 
«​បើតាម​ខ្ញុំ​មើល​ទូរទស្សន៍​ទៅ មានអី​ល្អ​តើ​! ជំរឿន​ហ្នឹង​គឺថា គេ​ចង់ដឹងថា ប្រជាជន​ហ្នឹង​មាន​ជីវភាព​ធូរធា​អត់​អ៊ីចឹង​ទៅណា៎ បាន​គាត់​សួរ​អ៊ីចឹង​ទៅណា​ជំរឿន​ហ្នឹង​។ គាត់​សួរ​ប្រហែល​ប្រមាណ​១៥​នាទី​អីហ្នឹង​»​។​
 
​ថ្វីបើ​ការធ្វើជំរឿន​ប្រជាជន​បានបញ្ចប់​ទៅហើយ​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​វី​អូ​អេ​បាន​ជួប​សម្ភាស​ក្នុងអំឡុងពេល​ជំរឿន​នោះ​មិនបាន​ដឹង​ពី​សារសំខាន់​នៃ​ការធ្វើជំរឿន​នោះទេ​។ ដោយឡែក​មន្ត្រី​មូលដ្ឋាន​ដែល​ទទួលខុសត្រូវ​ក្នុង​ការធ្វើជំរឿន​ក៏​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​។​
 
​លោក​ផុន កុសល វ័យ​៥៧​ឆ្នាំ ជា​អ្នក​ជំរឿន​ក្នុង​សង្កាត់​បាក់​ខែង​ទីក្រុង​ភ្នំពេញ​លើកឡើងថា អ្នកភូមិ​យល់ដឹង​តិចតួច​អំពី​ការធ្វើជំរឿន​។ ហើយ​ការណ៍​នេះ​បាន​បង្ក​ការលំបាក​សម្រាប់​លោក​។​
 
«​ចូល​កន្លែង​ណា​ពិបាក ចង់​២០​នាទី​អី​ដែរ​ហ្នឹង​ណា៎ ព្រោះ​គាត់​អត់​សូវ​យល់​អ៊ីចឹង​ទៅណា៎​។ យើង​សួរ​ទៅ គាត់​នៅ​ទាក់​ទើរៗ​។ អ៊ីចឹង​បានន័យថា ១៥​ថ្ងៃ​អីហ្នឹង​យើង​ធ្វើ​អត់​ទាន់ ដល់​ទៅ​២០​ថ្ងៃ​»​។​
 
​មន្ត្រី​ជំរឿន​ចំនួន​ប្រមាណ​៥០.០០០​នាក់​ត្រូវ​បានដាក់​ឲ្យ​ប្រមូល​ទិន្នន័យ​ទូទាំងប្រទេស ដែលមាន​ចំនួន​ភូមិ​ប្រមាណ​ជាង​១៤.០០០​។ មន្ត្រី​ជំរឿន​ម្នាក់ៗ​ទទួលបាន​ប្រាក់កម្រៃ​ចំនួន​៦​ដុល្លារ​ក្នុង​មួយថ្ងៃ​សម្រាប់​ការងារ​ជំរឿន​នេះ​។​
 
​សម្រាប់​លោក​យ៉ាន់ ហេង វ័យ​៥៩​ឆ្នាំ ជា​មេភូមិ​មួយ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ និង​ជាម​ន្ត្រី​ជំរឿន​ផងដែរ​នោះ ចំនួន​មន្ត្រី​ជំរឿន​ខាងលើ​មិនអាច​ធានា​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​ឆាប់រហ័ស​ទេ កាលពី​ខែមីនា​កន្លងទៅ​។​
 
​លោក​មេភូមិ​យ៉ាន់ ហេង​បាន​បន្ថែមទៀតថា  នៅក្នុង​ភូមិ​របស់លោក​មាន​អ្នក​សម្ភាស​ដើម្បី​ជំរឿន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​រូបលោក និង​អនុប្រធាន​ភូមិ​របស់លោក​។ អ្នក​ទាំងពីរ​ត្រូវ​ដើរ​សម្ភាស​ប្រជាពលរដ្ឋ​ដែលមាន​ជិត​៥០០​គ្រួសារ សម្រាប់​រយៈពេល​កំណត់​ជា​ផ្លូវការ​ចំនួន​១១​ថ្ងៃ​។​
 
​ដូច្នេះ​រូបលោក​និង​មន្ត្រី​ជំរឿន​ផ្សេងទៀត​បាន​រំលង​សំណួរ​មួយចំនួន ហើយ​ត្រូវធ្វើ​ការងារ​ទាំងនេះ​ដោយ​ប្រញាប់​ដើម្បី​អាច​ចប់​តាម​ពេល​កំណត់​។​
 
«​ពិបាក​ណាស់​! យើង​ត្រូវ​ចូល​ផ្ទះ​ខ្លះ​ពី​ពីរ​ទៅ​បី​ដង​។ ផ្ទះ​ខ្លះ​យើង​ជួប​មនុស្ស តែ​អត់​មាន​លទ្ធផល អត់​មាន​ឯកសារ​។ មនុស្ស​ចាស់​នៅ​[ តែ​]​កូន​អ្នក​ទុក​ឯក​សារ‍​»​។​
 
​ទោះបី​ជាមាន​ចំណុច​ខ្វះខាត​មួយចំនួន​បាន​កើតឡើង​ក្នុងអំឡុង​ពេលធ្វើ​ជំរឿន លោកស្រី ហង់ លី​ណា អគ្គនាយិកា​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ បាន​និយាយថា ការ​រំលង​សំណួរ​ខ្លះៗ​ក្នុង​ដំណើរការ​ជំរឿន​នឹងមិន​ប៉ះពាល់​ដល់​លទ្ធផល​ជំរឿន​នោះទេ​។​
 
​លោកស្រី​បន្ថែមថា ក្រសួង​បានធ្វើ​ការស្ទង់មតិ​ដាច់ដោយឡែក​មួយ​ដើម្បី​យក​ជា​សំណាក​នៃ​ចំនួន​ប្រជាជន​។​
 
«​ដូច​ខ្ញុំ​បាន​ជម្រាប​អូន​អម្បាញ់មិញ​អ៊ីចឹង ក្រោយ​ជំរឿន​ហើយ យើង​មាន​អង្កេត​មួយ​វាស់វែង​ហើយ អាហ្នឹង​អំពី​ការបាត់បង់​សំណួរ ការ​រាប់មិនអស់​មនុស្ស​អីហ្នឹង​។ យើង​យកមក​ធ្វើការ​គិតគូរ​អី​ហើយ​គឺថា អត់​មាន​បញ្ហា​អ្វី​ទេ​អូន​»​។​
 
​លោក Michael Renfrew អ្នកស្រាវជ្រាវ​ម្នា​ក់នៅ​វេទិកា​នា​អនាគត លើកឡើងថា កង្វះ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ជំរឿន​ធ្វើ​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​ដំណើរការ​នេះ​មិនបាន​ពេញលេញ​នោះទេ​។​
 
​លោក Renfrew បាន​បន្ថែមថា ប្រសិនបើ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​ការធ្វើជំរឿន ហើយ​យល់​អំពី​មូល​ហេតុថា ហេតុអ្វី​បានជា​ត្រូវធ្វើ​ជំរឿន នោះ​ពួកគេ​នឹងចូលរួម​ឆ្លើយ​សំណួរ​បាន​កាន់តែ​ល្អ​ជាង​នេះ និង​អាច​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ​ក្នុង​ដំណើរការ​ជំរឿន​។​
 
​តួលេខ​បណ្តោះអាសន្ន​នៃ​ការធ្វើជំរឿន​ប្រជាជន​ក្នុងឆ្នាំនេះ​បង្ហាញថា ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​១៥.២៨៨.៤៨៩​មាន​ប្រុស​ចំនួន​៧.៤១៨.៥៧៧ និង​ស្រី​ចំនួន​៧.៨៦៩.៩១២​នាក់​។ នេះ​មានន័យថា មនុស្ស​ស្រី លើស​មនុស្ស​ប្រុស​ប្រមាណ​៤​ម៉ឺន​នាក់​។​
 
​លោ​កស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់បាន​លើកឡើងថា ចំនួន​ប្រជាជន​កម្ពុជា​នេះ​នៅ​តិច​នៅឡើយ​។ ហើយ​កម្ពុជា​គួរតែមាន​ប្រជាជន​រហូតដល់​៣០​លាន​នាក់​ទើប​សមល្មម​នឹង​ទំហំ​ទឹកដី​ដែលមាន​។ ទោះជា​យ៉ាងណា​ចំនួន​ប្រជាជន​កម្ពុជា​បាន​កើន​ពី​៥,៧​លាន​នាក់​នៅ​ឆ្នាំ​១៩៦២​ដល់​១១​លាន​នាក់​នៅ​ឆ្នាំ​១៩៩៨​។ ហើយ​ចំនួន​ពលរដ្ឋ​កម្ពុជា​បាន​កើន​ដល់​១៣​លាន​នាក់​នៅ​ឆ្នាំ​២០០៨៕
 

© រក្សាសិទ្ធិដោយ thmeythmey.com