កីឡាជាតិ
ជាតិ
AFF U18៖ ជា​ជំនួប​បង្គ្រប់កិច្ច​សម្រាប់​កម្ពុជា តែ​ម្ចាស់ផ្ទះ​វៀតណាម​ត្រូវការ​ឈ្នះ​ដាច់ខាត​
15, Aug 2019 , 11:08 am        
រូបភាព
សកម្មភាពប្រកួតរបស់ U18 កម្ពុជា(អាវខៀវ) និងវៀតណាមកន្លងទៅ
សកម្មភាពប្រកួតរបស់ U18 កម្ពុជា(អាវខៀវ) និងវៀតណាមកន្លងទៅ
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ត្រូវ​តតាំង​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម សម្រាប់​ជំនួប​ចុងក្រោយ​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship នៅ​ម៉ោង​៤​រសៀល​ថ្ងៃទី​១៥ ខែសីហា នេះ នា​កីឡដ្ឋាន Thong Nhat Stadium​។ ក្រៅពី​ជំនួប​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​ម៉ាឡេស៊ី ប៉ះ​ថៃ រីឯ​អូស្ត្រាលី​ជួប​សិង្ហ​បុរី​នៅ​ម៉ោង​៤​រសៀល​ដូចគ្នា​។​

 
​ក្រោយ​ឈ្នះ​ថៃ​ជា​ប្រវត្តិសាស្ត្រ ៤-៣ និង​ចាញ់​៣​ប្រកួត បានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ធ្លាក់​ចេញពី​ពានរង្វាន់ AFF U18 Championship ដោយ​ស្វ័ត​ប្រវត្តិ​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។ ដូច្នេះ​សម្រាប់​ការ​ប៉ះ​ជាមួយ​វៀតណាម​នៅ​ម៉ោង​៤​រសៀល​នេះ វា​ជា​ជំនួប​បង្គ្រប់កិច្ច​សម្រាប់ U18 កម្ពុជា តែ​កម្ពុជា​ក៏​ទាមទារ​ឈ្នះ​វៀតណាម ដើម្បី​កែប្រែ​កំណត់ត្រា​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ 
 
​ផ្ទុយទៅវិញ ការ​ប៉ះគ្នា​នៅ​កីឡដ្ឋាន Thong Nhat ថ្ងៃនេះ វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ម្ចាស់ផ្ទះ​វៀតណាម ពោលគឺ​ពួកគេ​ត្រូវការ​ឈ្នះ​កម្ពុជា​ជាដាច់ខាត ដើម្បី​អ៊ុត​មើល​លទ្ធផល​ជំនួប​រវាង​ម៉ាឡេស៊ី​ជាមួយ​ថៃ និង​អូស្ត្រាលី​ជាមួយ​សិង្ហ​បុរី ដែល​រៀបចំ​នៅ​ម៉ោង​៤​រសៀល​ដំណាលគ្នា​នេះ​។ ក្នុងករណី​ចាញ់​ឬ​ស្មើ​ជាមួយ​កម្ពុជា នោះ​ពួកគេ​នឹង​ធ្លាក់​ចេញពី​ការប្រកួត ទោះ​លទ្ធផល​ការប្រកួត​របស់​ម៉ាឡេស៊ី និង​អូស្ត្រាលី​បញ្ចប់​ក្នុង​លទ្ធផល​បែបណាក៏ដោយ​។ 
 
​ក្នុងករណី​វៀតណាម​អាច​យកឈ្នះ​កម្ពុជា ហើយ​ម៉ាឡេស៊ី ឬ​អូស្ត្រាលី​ចាញ់​ក្នុង​ការប្រកួត​ថ្ងៃនេះ នោះ​ពួកគេ​នឹង​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ​បើ​ម៉ាឡេស៊ី និង​អូស្ត្រាលី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ហើយ​វៀតណាម​អាច​យកឈ្នះ​កម្ពុជា នោះ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ពួកគេ​ទាំង​៣ គឺ​អាស្រ័យ​លើ​គ្រាប់​បាល់​ចំណេញ​។ បច្ចុប្បន្ន​ម៉ាឡេស៊ី​ឈរ​កំពូល​តារាង​មាន​៩ ខណៈ​អូស្ត្រាលី​ឈរ​លេខ​២​មាន​៩​ពិន្ទុ​ដូចគ្នា រីឯ​វៀតណាម​ឈរ​លេខ​រៀង​ទី​៣​មាន​៧​ពិន្ទុ​។ 
 
​កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​វៀតណាម​ឡើយ​សម្រាប់​ការជួបគ្នា​៣​លើក​កន្លងមកនេះ​។ នា​ជំនួប​បើកឆាក​នៅ​ឆ្នាំ​២០០២ កម្ពុជា​ចាញ់​វៀតណាម ៣-១ បន្ទាប់មក​នៅ​ឆ្នាំ​២០០៣ និង ២០០៧ កម្ពុជា​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៥-០ ដូចគ្នា​។ ប៉ុន្តែ​បន្ទាប់ពី​នោះមក​កម្ពុជា​មិន​ធ្លាប់​ជួប​វៀតណាម​នោះទេ​។ 
 
U18 ឥណ្ឌូណេស៊ី និង​មី​យ៉ាន់​ម៉ា ជា​ក្រុម​តំណាង​ឲ្យ​ពូ​ល A ដែល​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U18 Championship 2019 នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​៕

Tag:
 បាល់ទាត់​
  AFF U18 Championship
© រក្សាសិទ្ធិដោយ thmeythmey.com