កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​បារម្ភ​លើ​ទីលាន​អង្គ​រថា​យ​ហ្គឺ​រ តែ​ប្តេជ្ញា​ពង្រឹង​ក្រុម​ឲ្យ​បានល្អ
15, Aug 2019 , 1:51 pm        
រូបភាព
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ហាក់​បារម្ភ​លើ​ស្ថានភាព​ទីលាន ពេល​ប៉ះ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នា​ជំនួប​ជើង​ទី​១​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១៥ ខែសីហា នេះ នា​កីឡដ្ឋាន​ខេត្តសៀមរាប​។ តែ​យ៉ាងណា​ពួកគេ​ប្តេជ្ញា​នឹង​រៀបចំខ្លួន​ឲ្យ​បានល្អ​សម្រាប់​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ ហើយ​ជឿជាក់ថា វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង​និង​ជក់ចិត្ត​បំផុត​។

 
​ជំនួយការ​គ្រូបង្វឹក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​លោក ជូ សារឿន ជឿជាក់ថា​ការ​ប៉ះគ្នា​រវាង​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ​និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​។ គ្រូ​ជំនួយ​រូបនេះ​បានចាត់ទុក​ការធ្វើដំណើរ និង​គុណភាព​ទីលាន ជា​បញ្ហា​ប្រឈម​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ត្រូវ​ដោះស្រាយ និង​ធ្វើយ៉ាងណា​ឲ្យ​កីឡាករ​ស៊ាំ​ខ្លួន​ជាមួយ​ទីលាន​។ 
 
«​ការប្រកួត​កន្លងមក​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​គឺមាន​ភាព​តានតឹង​គ្រប់​កាលៈទេសៈ ដូច្នេះ​ការ​ប៉ះគ្នា​លើក​នេះ​យើង​មិនអាច​មើលងាយ​គូប្រកួត​បានទេ ព្រោះ​ការ​របស់​យើង​ឲ្យ​តែ​ប៉ះ​គាត់​ទាំង​ក្នុង​លី​គ គឺ​តានតឹង​ខ្លាំងណាស់​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​ណាមួយ​ខុស​ទីលាន​ហ្វឹកហាត់​ទៀត ដូច្នេះ​យើង​ត្រូវ​ពង្រឹង​ក្រុម​យើង​ឲ្យ​ស៊ាំ​ជាមួយ​ទីលាន ដើម្បី​ប្រកួត​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជូ សារឿន​។ 


លោក ជូ សារឿន និយាយក្នុងកម្មវិធីចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយកាលពីពេលកន្លងទៅ
 
​ព្រះខ័ន​រាជ​ស្វាយរៀង​ទើបតែ​ជួប​អង្គ​រថា​យ​ហ្គឺ​រ ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​សប្តាហ៍​មុន ដោយ​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដី​ខេត្តសៀមរាប​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន គឺ​ទាមទារ​ឲ្យ​ក្រុម​ទាំងពីរ​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ ដែល​កត្តា​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង មាន​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ប្រកួត​ថ្ងៃនេះ ដោយសារ​សមាជិក​ពួកគេ​ភាគច្រើន​ជា​កីឡាករ​ជម្រើសជាតិ​។ 
 
«​ពានរង្វាន់​សម្តេច​ដោយ​ប្រើ​ធនធាន​ខ្មែរ​ដូចគ្នា វា​មិន​អី​នោះទេ តែ​យើង​នៅ​ខ្លាច​លើ​បញ្ហា​តារាង​នឹង​តែម្តង​។ ការប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​គ្រាន់តែ​ថា​យើង​មាន​តែម​ជាង គ្រាន់តែ​ថា កីឡាករ​យើង​ម្នាក់ៗ​មាន​បទពិសោធ​ច្រើន និង​សុទ្ធសឹង​ជា​កីឡាករ​ជម្រើសជាតិ ហើយ​គេ​មិនសូវមាន​នោះទេ​។ ប៉ុន្តែ​ដោយសារ​គេ​(​អង្គ​រថា​យ​ហ្គឺ​រ​)​ជា​ម្ចាស់​ទឹកដី គេ​ស៊ាំ​ជាមួយ​តារាង ខណៈ​យើង​អត់​ស៊ាំ​ជាមួយ​តារាង​»​។ នេះ​ជាការ​បន្ថែម​របស់​គ្រូ​ជំនួយ​រូបនេះ​។ 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទម្លាក់​ម្ចាស់​ជើងឯក​ថ្នាក់​ខេត្ត ត្បូងឃ្មុំ ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៧-១ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ទម្លាក់​អគ្គិសនី​កម្ពុជា​យ៉ាង​ប្រផិតប្រផើយ ៣-២៕ 

Tag:
 ​អង្គ​រថា​យ​ហ្គឺ​រ​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com