សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន បន្ថយ​ការទិញ​មាស​ក្រៅប្រទេស​ដើម្បី​សន្សំ​លុយ ស្របពេល​តម្លៃ​ប្រាក់​យ័ន​ធ្លា​ក់ទាប​
15, Aug 2019 , 7:19 pm        
រូបភាព
​ចិន រឹតត្បិត​នាំចូល​មាស​ជាច្រើន​តោន​ចាប់តាំងពី​ខែឧសភា​មក ក្នុង​គោលបំណង​កាត់បន្ថយ​ការហូរ​ចេញ​លុយ​ដុល្លារ​ទៅ​ក្រៅប្រទេស និង​ពង្រឹង​រូបិយវត្ថុ​របស់ខ្លួន ស្របពេល​សេដ្ឋកិច្ច​មាន​កំណើន​យឺត​ជាង​មុន​។


 
​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក កាត់បន្ថយ​ការនាំចូលមាស​ប្រមាណ​ជា ៣០០​តោន ទៅ ៥០០​តោន បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ​មុខ ដែលមាន​តម្លៃ​ពី​១៥ ទៅ ២៥​ពាន់​លាន​ដុល្លារ​។ ការ​រឹតត្បិត​នេះ​គឺ កើតចេញពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បង្ក​អោយ​សេដ្ឋកិច្ច​ចិន​ដើរ​យឺត​បំផុត​ក្នុង​រយៈពេល ៣​ទសវត្ស​ន៍​មកនេះ និង​កើតចេញពី​ការទម្លាក់​តម្លៃ​លុយ​យ័ន​មក​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៨​។ 
 
​ផ្អែក​តាម​ទិន្នន័យ​នាំចេញ​នាំចូល  ចិន​គឺជា​ប្រទេស​នាំចូល​មាស​ច្រើនជាងគេ​បំផុត ដែល​បញ្ជា​ទិញ​ប្រមាណ​ជា​១៥០០​តោន មានតម្លៃ​ស្មើនឹង ៦០​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​១​ភាគ​៣ នៃ​តួលេខ​ផ្គត់ផ្គង់​មាស​នៅលើ​ពិភពលោក​កាលពី​ឆ្នាំមុន​។ 
 
​តាម​ទិន្នន័យ​នៃ​ការនាំចេញ​នាំចូល​ដដែល ទីក្រុង​ប៉េកាំង​នាំចូល​មាស ៥៧៥​តោន​ក្នុង​ពាក់កណ្តាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៩ ធ្លាក់ចុះ​ពី​៨៨៣​តោន បើ​ធៀប​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២០១៨​។ គ្រាន់តែ​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ ការនាំ​ចូល​មាស​មាន​ត្រឹមតែ ៧១​តោន​ប៉ុណ្ណោះ ដែល​ធ្លាក់​ពី​១៥៧​តោន ក្នុង​ខែឧសភា ឆ្នាំ​២០១៨​។ ចំណែក​នៅក្នុង​ខែមិថុនា​វិញ តួរ​លេខ​កាន់តែ​ធ្លាក់ចុះ​ទៅទៀត ដោយ​ធ្លា​ក់មក​ត្រឹម ៥៧​តោន​ប៉ុណ្ណោះ ខណៈពេល​ខែមិថុនា ឆ្នាំមុន មាន​រហូតដល់​១៩៩​តោន​។​
 
​ប្រភព​មិន​ប​ញ្ជេ​ញ​ឈ្មោះ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការ​នាំចូល​មិនអាច​ធ្លាក់​ដល់​សូន្យ​បានឡើយ គឺ​ដោយសារ​មានការ​នាំចូល​រ៉ែ​មាស​យកមក​ចំរាញ់​នៅក្នុង​ប្រទេស​នៅតែ​បើក ហើយ​ការ​រឹត​ត្បឹ​ត​នេះ​ទៀតសោត គឺ​កុំអោយ​លុយ​ហូរ​ចេញទៅ​ក្រៅប្រទេស​ច្រើនពេក ស្របពេល​លុយ​យ័ន​ធ្លាក់​តម្លៃ​។ 
 
​ការបញ្ជាទិញ​មាស ភាគច្រើន​គឺ​មកពី​ប្រទេស​មួយចំនួន​ដូចជា ស្វ៊ី​ស អូស្ត្រាលី និង​អាហ្វ្រិក​ខាងត្បូង ដែល​ការទូទាត់​គិត​ជា​លុយ​ដុល្លារ​។ ជាទូទៅ​ក្រុម​អ្នកជំនួញ និង​ធនាគារ​អន្តរជាតិ​ជា​អ្នកទិញ​មាស​ទាំងនេះ ដោយ​កម្រិត​បរិមាណ​នាំចូល​ដោយ ធនាគា​កណ្តាល​ប្រទេស​ចិន​។  
 
​ការតម្កល់​លុយ​ដុល្លារ​នៅក្នុង​ប្រទេស​ចិន​គឺមាន​រហូតដល់ ៣,១​លាន​លាន​ដុល្លារ ដែល​តួលេខ​ដ៏​ច្រើន​បំផុត ដែល​រដ្ឋាភិបាល​ប្រើប្រាស់ ដើម្បី​ការពារ​រូបិយវត្ថុ​របស់ខ្លួន​។ ដូចនេះ ដើម្បី​កាត់បន្ថយ​ការហូរ​លុយ​ចេញទៅ​ក្រៅប្រទេស ធនាគា​កណ្តាល​ចិន​មានតែ​រឹតត្បិត​លើ​ការនាំ​ចូល​មាស​ចូលក្នុង​ស្រុក ព្រោះ​នៅពេល​ប្រជាជន អ្នកជំនួញ​ត្រូវកា​ទិញ​មាស ពួកគេ​ត្រូវ​ដូរ​លុយ​យ័ន ទៅជា​លុយ​ដុល្លារ​ជាមុនសិន​។ 
 
​តម្លៃ​មាស​នៅក្នុង​ប្រទេស​ចិន​នៅតែ​បន្ត​កើនឡើង បើ​រដ្ឋាភិបាល​មិនទាន់​ដក​ការ​រឹតត្បិត​ចេញ ហើយ​ប្រជាជន​ចិន នឹង​បញ្ចេញ​មាស​របស់ខ្លួន​លក់ ដើម្បី​ទទួលបាន​តម្លៃ​ថ្លៃ ខណៈពេល​តម្រូវការ​មាស​នៅលើ​ពិភពលោក​នឹង​លើស បើ​អ្នកវិនិយោគ​ចិន​នៅតែ​បន្ត​ទិញ​មាស​ក្នុង​បរិមាណ​ដ៏​តិច​បែបនេះ​៕  
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com