ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជា​ឲ្យ​បង្កក​ទ្រព្យ​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស គ្រឿងញៀន កាប់​ឈើ និង លាងលុយកខ្វក់​
15, Aug 2019 , 8:39 pm        
រូបភាព
​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស គឺជា​អ្នក​ដែលមាន​មានទ្រព្យ​សម្បត្តិ​ច្រើន​។  ពួកគេ​បាន​ប្រើប្រាស់​ល្បិច​បោក​បញ្ឆោត​ពលរដ្ឋ​ក្រីក្រ លើ​គ្រប់​រូបភាព​។ ដូច្នេះ​សម្តេច បាន​ប្រាប់​អាជ្ញាធរ​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​លើ​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស គ្រឿងញៀន ការកាប់​ឈើ​ខុសច្បាប់ និង ការលាង​លុយកខ្វក់ ជាដើម​។

 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា មិនត្រូវ​ឲ្យ​កម្ពុជា​បន្ត​ស្ថិតនៅក្នុង​បញ្ជី​ឃ្លាំមើល (​ចំណាត់ថ្នាក់​អាក្រក់​) ពី​សំណាក់​អន្តរជាតិ លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​បន្តទៀត​ទេ តែ​ត្រូវតែ​ធ្វើ​ឲ្យ​កម្ពុជា​ជា ស្ថិតក្នុង​ចំណាត់ថ្នាក់​ល្អ ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​។  សម្តេច បន្តថា ជន​ទុច្ចរិត អ្នក​ដែល​រកស៊ី​ជួញដូរ​មនុស្ស គឺជា​អ្នកមាន​ទ្រព្យសម្បត្តិ ប៉ុន្តែ​លោភលន់​មិនចេះចប់​។ ហើយ​ពួកគេ​បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់​រូបភាព ដើម្បី​ទៅ​បោក​បញ្ឆោត​អ្នក​ដែល​គ្នា​គ្មាន​លទ្ធភាព អ្នក​ដែល​គ្មាន​ការចេះដឹង និង​ការអប់រំ ឬ​ជីវភាព​ខ្សត់ខ្សោយ​។​
 
​រដ្ឋមន្ត្រី​មហាផ្ទៃ មានប្រសាសន៍ថា​៖«​កម្ពុជា​ស្ថិតក្នុង​បញ្ជី​ឃ្លាំមើល យើង​មិន​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ​។ [….] បើ​យើង​គ្រាន់តែ​ចាប់​បានមក យក​មនុស្ស​ហ្នឹង​ទៅ​កាត់ទោស ប៉ុន្តែ​ចរាចរណ៍​លុយ​នោះ ដែលជា​លុយខ្មៅ យើង​អត់​បង្កក​ទុក ដោយ​អត់​មាន​ប្រយោជន៍​ទេ​»​។​
 
​ថ្លែង​នៅក្នុង​វេទិកា​ជាតិ​អន្តរ​សាសនា​នៅ​កម្ពុជា​លើក​ទី​៣ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩  សម្តេច ស ខេង បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​រួមគ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​សាសនា​ផ្សេងៗ​។ សម្តេច បន្ថែមថា ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ចលនា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស ត្រូវ​ចូលរួម​ទាំងអស់គ្នា ដោយ​មិនត្រូវ​ពឹង​ផ្អែកលើ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តែមួយ​នោះទេ​។ 
 
​សម្តេច​បានបង្ហាញ​ជំហរ​ថា រដ្ឋាភិបាល​នឹង​បន្ត​ជំរុញ​ការផ្សព្វផ្សាយ និង​អប់រំ​ប​ន្តែ​ម​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពី​ល្បិច​របស់​ឧក្រិដ្ឋជន និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​លុបបំបាត់ចោល​ទាំងស្រុង​នៃ​អំពើ​ជួញដូរ​មនុស្ស​។ 
 
​យោងតាម​របាយការណ៍​ស្តីពី​ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប បាន​ឲ្យ​ដឹងថា អាជ្ញា​ធរមាន​សមត្ថកិច្ច បង្ក្រាប​សកម្មភាព​ជួញដូរ​មនុស្ស​បាន​៧៨​ករណី  ជនរងគ្រោះ​២៦៣​នាក់ ត្រូវបាន​សង្គ្រោះ គឺ​កើនឡើង ១៦​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ហើយ​ជនសង្ស័យ​៩៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុលាការ ដោយ​ក្នុងនោះ​មាន​ស្ត្រី​២២​នាក់ ជនបរទេស​១៤​នាក់ (​ចិន​១២​នាក់ និង អាមេរិក​២​នាក់ )​។ 
 
​មកដល់​បច្ចុប្បន្ន អាជ្ញាធរ​បាន​ជួយសង្គ្រោះ​ពលករ​កម្ពុជា​២១៧៤៦​នាក់ (​ស្រី​៩៤២៥​នាក់​)   ក្នុងនោះ មាន​ពលករ​ខ្មែរ ដែល​ត្រូវ​សង្គ្រោះ​ពី​ប្រទេស​ថៃ មាន ២១៦៥៨​នាក់​៕ 
 

Tag:
 ​ជួញដូរ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com