អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន​៖ កូរ៉េខាងត្បូង នឹង​ចាប់ដៃ​ជប៉ុន បើ​ជ្រើសរើស​ផ្លូវ​ចរចា​បញ្ចប់ទំនាស់​ពាណិជ្ជកម្ម​
15, Aug 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៥ ខែសីហា បាន​ផ្ញើ​សារ​ទន់ភ្លន់​មួយ​ទៅកាន់​ជប៉ុន ដើម្បី​ដោះស្រាយ​ទំនាស់​ពាណិជ្ជកម្ម​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ នាឱកាស​រំឭក​ខួប​នៃ​ការបញ្ចប់​អាណានិគម​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ លោក មូ​ន ប្រាប់​ក្រុង​តូ​ក្យូ​ថា កូរ៉េខាងត្បូង នឹង​កាន់​ដៃ​រួមគ្នា​ជាមួយ​ជប៉ុន បើ​ជ្រើសរើស​ផ្លូវ​ចរចា និង​កិច្ចសហប្រតិបត្តិការ​នោះ​។ ប៉ុន្តែ​ជប៉ុន ក៏​ត្រូវមាន​គោលនយោបាយ​ពាណិជ្ជកម្ម​មួយ​ដែល​ស្មើភាព និង​ឈប់​យក​ពាណិជ្ជកម្ម​ជា​អាវុធ​ផងដែរ​។​

 
​ទំនាស់​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​បច្ចុប្បន្ននេះ ផ្ដើមចេញ​ដោយសារ​រឿង​អាណានិគម​ឆ្នាំ​១៩១០-​ឆ្នាំ​១៩៤៥ ពេល​ជប៉ុន​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​តែម្ដង​។ ដោយសារ​សាលក្រម​តុលាការ​កូរ៉េ​ខាង​ត្បូ​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សងជំងឺចិត្ត​កម្ម​ករ​កូរ៉េខាងត្បូង​ដែល​ត្រូ​បង្ខំ​ឲ្យ​ធ្វើការ​ពេលនោះ ជប៉ុន​ក៏​រឹតត្បិត​ការនាំ​ចេញទៅ​កូរ៉េខាងត្បូង ហើយ​ដក​កូរ៉េខាងត្បូង​ចេញពី​បញ្ជី​ដៃគូ​ទុកចិត្ត​។ កូរ៉េខាងត្បូង​ក៏​ឆ្លើយតប​វិញ​ដោយ​ដក​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ដូចគ្នា​។​
 
​ទោះ​សភាពការណ៍​នៅ​តានតឹង​ក្ដី ឯ​ដំណោះស្រាយ​រក​មិនទាន់​ឃើញ​ក្ដី កូរ៉េខាងត្បូង​នៅតែ​បើកទ្វារ​ចរចា​ដដែល​។ នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានប្រកាស​ត្រៀម​ចាប់ដៃ​ជាមួយ​ជប៉ុន បើ​ជប៉ុន​ចង់បាន​កិច្ចសហប្រតិបត្តិការ ហើយ​អ្នកជិតខាង​ទាំងពីរ ក៏​អាច​ជម្នះ​បញ្ហា​ប្រវត្តិសាស្ត្រ​ដើម្បី​ការរីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​។ ប៉ុន្តែ​ជប៉ុន​ត្រូវ​ត្រឡប់​មើល​កំហុស​អតីតកាល​របស់ខ្លួន​ដែលជា​ដើមហេតុ​នៃ​បញ្ហា​សព្វថ្ងៃ​។​
 
«​យឺត​ប្រសើរ​ជាង​អត់​! ប្រសិនបើ​ជប៉ុន​ជ្រើសរើស​ផ្លូវ​សន្ទនា និង​កិច្ចសហប្រតិបត្តិការ យើង​នឹង​កាន់​ដៃ​គ្នា​ដោយ​រីករាយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក មូ​ន នាឱកាស​កម្មវិធី​រំឭក​ថ្ងៃ​រំដោះ​ឧបទ្វីប​ពី​ការគ្រប់គ្រង​របស់​ចក្រ​ព​ត្តិ​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រធានាធិបតី​កូរ៉េខាងត្បូង​បន្តថា សេ​អ៊ូ​ល នឹង​ប្រឹងប្រែង​ជាមួយ​តូ​ក្យូ​ក្នុង​ការបង្កើត​អាស៊ី​បូព៌ា​មួយ​ដែលមាន​កិច្ចសហប្រតិបត្តិការ និង​ពាណិជ្ជកម្ម​យុត្តិធម៌​។​
 
​ក្នុង​សុន្ទរកថា​នៅឯ​វិមានឯករាជ្យ​ក្រៅ​រដ្ឋធានី​សេ​អ៊ូ​ល លោក មូ​ន ប្រើប្រាស់​ពាក្យ​កិច្ចសហប្រតិបត្តិការ និង​វិបុលភាព​យ៉ាង​ញឹកញាប់​។ ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏​សង្ឃឹមថា ជប៉ុន​នឹង​ដើរតួនាទី​នាំមុខគេ​ក្នុង​ការជំរុញ​សន្តិភាព និង​ការរីកចម្រើន​ក្នុង​តំបន់​។ ប៉ុន្តែ​លោក​ក៏​ឆ្លៀត​រិះគន់​ជប៉ុន​ដែរ​ជុំវិញ​ចំណាត់ការ​ថ្មីៗ​របស់​តូ​ក្យូ ដោយ​ប្រដូច​ការ​រឹតត្បិត​ការនាំចេញ​វត្ថុធាតុដើម​ទៅនឹង​ការ​ទាត់​ជណ្ដើរ​ចោល មិន​ឲ្យ​ប្រទេស​ផ្សេង​ឡើង​តាម​ខ្លួន​។​
 
​ទន្ទឹមគ្នា​នោះ លោក មូ​ន ក៏​ប្រកាស​ដែរ​ថា កូរ៉េខាងត្បូង នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ដែលមាន​ទទួលខុសត្រូវ ហើយ​គ្មាន​នរណា​អាចធ្វើ​រង្គើ​បានឡើយ​។ សម្រាប់​លោក សេដ្ឋកិច្ច​កូរ៉េខាងត្បូង នៅ​មិនទាន់​រឹងមាំ ដោយ​ខ្វះ​ភាពខ្លាំង និង​នៅ​បែងចែក​ដដែល​។ ដើម្បី​ដោះស្រាយ​បែបនេះ លោក ក៏​ដាក់ចេញ​ទស្សនវិស័យ​សេដ្ឋកិច្ច​ស​ន្តិ​ភាព​ដើម្បី​ប្រមូលផ្ដុំ​ធនធាន​ពី​ឧបទ្វីប​កូរ៉េ​ដែល​គ្មាន​នុយក្លេអ៊ែរ និង​ភាពជា​ដៃគូ​អន្តរ​កូរ៉េ​៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com