កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង ជា​ចំណែក​ធំ​ជួយ​ឲ្យ​ក្រុម​ឈ្នះ នា​ជំនួប​ជើង​ទី​១​ពាន​សម្តេច ហ៊ុន សែន​
15, Aug 2019 , 10:19 pm        
រូបភាព
កីឡាករ កែវ សុខផេង (ឆ្វេង) និងកីឡាករ ចាន់ វឌ្ឍនាកា នាជំនួបជើងទី១ពានសម្តេច ហ៊ុន សែន, រូបថតពីក្លិបបាល់ទាត់វិសាខា និងបឹងកេត
កីឡាករ កែវ សុខផេង (ឆ្វេង) និងកីឡាករ ចាន់ វឌ្ឍនាកា នាជំនួបជើងទី១ពានសម្តេច ហ៊ុន សែន, រូបថតពីក្លិបបាល់ទាត់វិសាខា និងបឹងកេត
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា និង កែវ សុខ​ផេង បាន​ក្លាយជា​ចំណែក​ធំ​ក្នុង​ការជួយ​ក្រុម​ឲ្យ​ទទួលជោគជ័យ នា​ជំនួប​បើកឆាក​ជើង​ទី​១​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយពេល​ពួកគេ​រកបាន​ពីរ​គ្រាប់​រៀងៗ​ខ្លួន​នៅលើ​ទឹកដី​ខ្លួន​កាលពី​ថ្ងៃទី​១៤ សីហា​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​បឹងកេត និង​វិសាខា​មានឱកាស​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។ សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​) ក៏​ទទួលបាន​ជ័យជម្នះ​លើ​ភ្នំពេញ​ក្រោ​ន​ផងដែរ​។

 
​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង ដើម្បី​ជួយ​ឲ្យ​បឹងកេត​ទទួលបាន​ជ័យជម្នះ ២-០ លើ​ក្រុម​សូល​ទី​ឡូ​អង្គរ នា​ជំនួប​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ជ័យជម្នះ​នេះ គឺជា​ដូ និង​ជា​ទុន​ដ៏​រឹងមាំ​សម្រាប់​បឹងកេត​ក្នុងការ​តទល់​ជាមួយ​សូល​ទី​ឡូ​អង្គរ​នៅ​ជើង​ទី​២ ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​ជើង​ទី​២​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ ខែសីហា នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ 
 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ បឹងកេត​និង​សូល​ទី​ឡូ​អង្គរ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុង​ការប្រកួត​៤៥​នាទី​។ ប៉ុន្តែ​គ្រាប់​ទី​១ ក៏បាន​កើតឡើង​នៅ​នាទី​បន្ថែម​តង់​ទី​១​ក្រោយពេល​កីឡាករ ចាន់ វឌ្ឍនាកា ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច​ជួយ​ឲ្យ​បឹងកេត​នាំមុខ ១-០ បន្ទាប់ពី​ខ្សែការពារ​សូល​ទី​ឡូ​អង្គរ​យកដៃ​ប៉ះបាល់​នៅ​តំបន់​គ្រោះថ្នាក់​។ 
 
​នៅ​នាទី​ទី​៥១​ខ្សែប្រយុទ្ធ​មកពី​ខេត្តកំពត​រូបនេះ បានបង្ហាញ​ភាព​អស្ចារ្យ​មួយ តាមរយៈ​ការទា​ត់បាល់​ចេញពី​ជ្រុង​បញ្ចូល​ទី​សូល​ទី​ឡូ​អង្គរ ដើម្បី​បង្កើន​ការនាំ​មុខ ២-០ ឲ្យ​ក្រុម​បឹងកេត​។ ទោះបី​សូល​ទី​ឡូ​អង្គរ​ព្យាយាម​ដាក់​សម្ពាធ និង​បង្កើត​ឱកាស​ដើម្បី​បំប៉ោង​ទី​របស់​បឹងកេត តែ​ពួកគេ​នៅតែ​មិនអាច​ទម្លុះ​របាំង​ការពារ​ដ៏​រឹងមាំ​ពី​សំណាក់​ខ្សែការពារ និង​អ្នកចាំទី​របស់​បឹងកេត​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន​វិសាខា ខ្សែប្រយុទ្ធ កែវ សុខ​ផេង បានរួម​ចំណែក​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២ របស់​វិសាខា​លើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែល​ជួយ​ឲ្យ​ពួកគេ​កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​ប្រកួត​ជើង​ទី​២​នៅលើ​ទឹកដី​ខេត្តតាកែវ​។ គ្រាប់​បាល់​ទី​១​បាន​កើតឡើង​ត្រឹម​១១​នាទី​ដំបូង​នៃ​តង់​ទី​១ បន្ទាប់ពី​កីឡាករ កែវ សុខ​ផេង តែ​តបាល់​បញ្ចូល​ទី​បានសម្រេច ដើម្បី​នាំមុខ ១-០ ឲ្យ​វិសាខា​។ កីឡាករ ទិ​ត្យ ឌី​ណា បាន​បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី​៣៥ មុន​កីឡាករ ឆេង ម៉េង សម្រេច​គ្រាប់​ទី​៣​នៅ​៤​នាទី​បន្ទាប់​។ ក្រោយមក កែវ សុខ​ផេង បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន​នៅ​នាទី​ទី​៤៩​។ 
 
​ទោះបី​វិសាខា​នាំមុខ ៤-០ តែ​កីឡាករ​គី​រី​សុខ​សែន​ជ័យ​មិនបាន​បន្ថយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ឡើយ ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ស្វិត​ស្វាយ​និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន​។ ការប្រឹងប្រែង​របស់​ពួកគេ បាន​ជួយ​ឲ្យ​គ្រាប់​បាល់​ទី​១​សម្រាប់​គីរីវង់​សុខ​សែន​ជ័យ​កើតឡើង ក្រោយ​កីឡាករ សំ តារា សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ៤-១ នៅ​នាទី​ទី​៨៧​។ ៣​នាទី​ក្រោយមក​កីឡាករ ជូ ហាវ បានសម្រេច​គ្រាប់​ទី​២ ដើម្បី​បញ្ចប់​ជាមួយ​លទ្ធផល​បរាជ័យ ៤-២​។ ការបរាជ័យ​នេះ បាន​បង្ខំ​ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ធ្វើយ៉ាងណា​ត្រូវ​យកឈ្នះ​វិសាខា​ឲ្យ​លើសពី​ពីរ​គ្រាប់​ក្នុងការ​ប្រកួត​ជើង​ទី​២ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ គឺ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​រវាង​ក្រសួងការពារជាតិ​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​តង់​ទី​១​។ ប៉ុន្តែ​ការប្រកួត​តង់​ទី​២​ដំណើរការបាន​៣​នាទី កីឡាករ ណា​រ៉ុង កក្កដា បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ​ទ័ព ហើយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​៕ 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
  ចាន់ វឌ្ឍនាកា​
  កែវ សុខ​ផេង
© រក្សាសិទ្ធិដោយ thmeythmey.com