ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ខ្មែរ​បួនរូប នឹង​ទៅ​អាល្លឺម៉ង់ ដើម្បី​ឈ្វេងយល់​ពី​វិមជ្ឈការ​
16, Aug 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​កម្ពុជា​បួនរូប គឺ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ ពីថ្ងៃ​ទី​២៤​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​


​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រី​ទាំង​បួនរូប នឹង​ផ្តល់ឱកាស​ឲ្យ​ក​ម្ព​ជា​និង​អាល្លឺម៉ង់ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា និង​ផ្តល់​មេរៀន​បន្ថែម​ស្តីពី​វិមជ្ឈការ​នៅ​អាល្លឺម៉ង់​។  
 
​លោក មិន​អត្ថាធិប្បាយ​ពី​វិមជ្ឈការ​ឬ​ការទម្លាក់​សិទ្ធិអំណាច​របស់​ក្រសួង​នានា ទៅ​ថ្នាក់ក្រោម​ជាតិ​នោះទេ ប៉ុន្តែ​លោក អត្ថាធិប្បាយ​ខ្លី​អំពី​ក្រសួង​អប់រំ​របស់លោក​។ លោក លើកឡើងថា ក្រសួង​អប់រំ បាន​ផ្តោតលើ​ការងារ​វិមជ្ឈការ​និង​វិសហមជ្ឈការ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​អប់រំ បាន​សិក្សា​បទពិសោធន៍​ពី​ប្រទេស​កម្ពុជា​ផ្ទាល់ និង ពី​សំណាក់​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដើម្បី​តម្រង់ទិស​ការងារ​វិម​ជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​វិស័យ​អប់រំ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​...»​។ 
 
​ថ្មីៗ​នេះ សម្តេច ស ខេង បានលើកឡើង​ពី​សារសំខាន់​នៃ​ប្រព័ន្ធ​វិមជ្ឈការ​និង​វិសហមជ្ឈការ​នេះ​។ រដ្ឋមន្ត្រី​មហាផ្ទៃ យល់ថា ការផ្ទេរ​សិទ្ធិអំណាច ទៅ​ថ្នាក់ក្រោម​ជាតិ គឺជា​ចំណុច​សំខាន់​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​។  
 
​វិមជ្ឈការ​និង​វិសហមជ្ឈការ គឺ​សំដៅលើ​ការផ្ទេរ​សិទ្ធិអំណាច និង​ទំនួល​ខុសត្រូវ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​គិត​ចាប់ពី​ថ្នាក់រដ្ឋបាល​រាជធានី​-​ខេត្ត រហូតដល់​ឃុំ​-​សង្កាត់​៕ 
 

Tag:
 កម្ពុជា​-​អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com