កីឡាជាតិ
ជាតិ
AFF U18៖ ក្រោយចាញ់កម្ពុជា គ្រូបង្វឹកវៀតណាម លោក Hoang Anh Tuan លាលែងពីតំណែង លោក Hoang Anh Tuan ឈរបញ្ជាក្រុមនាជំនួបជាមួយកម្ពុជា។ រូបថត Vietnamnet
× បរាជ័យ ២-១ ដោយសារកម្ពុជាក្នុងការប្រកួតពូល B បានឲ្យ U18 វៀតណាម ដែលជាម្ចាស់ផ្ទះខកឱកាសទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ AFF U18 Championship 2019។ ក្រោយលទ្ធផលដ៏ខកចិត្តនេះ លោក Hoang Anh Tuan ដែលជាគ្រូបង្វឹក បានប្រកាសលាលែងពីតំណែងភ្លាមៗ។ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានទទួលយកការសម្រេចចិត្តនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Vietnamnet។
លោក Hoang Anh Tuan អាយុ៥១ឆ្នាំ បានដឹកនាំក្រុមយុវជន U18 ឬ U19 វៀតណាម ចាប់តាំងពីឆ្នាំ២០១៥មក ដោយលោកបាននាំក្រុមបានលេខពីរព្រឹត្តិការណ៍ AFF Championship នៅឆ្នាំ២០១៥ និងលេខ៣នៅឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ផងដែរ U19 វៀតណាម ក្រោមការដឹកនាំរបស់លោកបានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ AFC Championship។
នៅឆ្នាំ២០១៩នេះ ក្នុងនាមជាម្ចាស់ផ្ទះ វៀតណាមបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣នៅក្នុងពូល B ក្រោយឈ្នះម៉ាឡេស៊ី ១-០, ចាញ់អូស្ត្រាលី ៤-១, ឈ្នះសិង្ហបុរី ៣-០, ស្មើថៃ ០-០ មុននឹងខកចិត្តចាញ់កម្ពុជា ២-១ ដែលធ្វើឲ្យពួកគេចាញ់ពិន្ទុម៉ាឡេស៊ីសម្រាប់ចំណាត់ថ្នាក់លេខ២ក្នុងពូល។
យោងតាម Vietnamnet លោក Tuan រាប់រងទាំងអស់ចំពោះលទ្ធផលបរាជ័យ ដោយលោកលើកឡើងថា យុវជនបាល់ទាត់វៀតណាមនៅតែមានសក្តានុពល។ «យើងត្រូវការពេលវេលាបន្ថែមទៀត។ ខ្ញុំទទួលស្គាល់ថា ស្មារតីកីឡាករយើងធ្លាក់ចុះ ដែលនាំឲ្យមានបញ្ហាផ្សេងទៀត។ ចំពោះលទ្ធផលប្រកួតនេះ ខ្ញុំគ្មានអ្វីដែលត្រូវប្រកែកនោះឡើយ»។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម ទទួលយកសំណើរសុំលាលែងរបស់លោក Tuan ហើយកំពុងសំឡឹងរកអ្នកជំនួស ខណៈវៀតណាមនៅមានព្រឹត្តិការណ៍ជាច្រើនទៀតដែលត្រូវប្រកួតប្រជែង៕ © រក្សាសិទ្ធិដោយ thmeythmey.com