អន្តរជាតិ
កូរ៉េខាងជើង បាញ់​កាំជ្រួច​ពីរ​គ្រាប់​នៅថ្ងៃនេះ ក្រោយ​បដិសេធ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​
16, Aug 2019 , 9:13 am        
រូបភាព
កាំជ្រួចដែលកូរ៉េខាងជើងបាញ់នៅថ្ងៃទី១១ ខែសីហាកន្លងទៅ។ រូបភាព KCNA
កាំជ្រួចដែលកូរ៉េខាងជើងបាញ់នៅថ្ងៃទី១១ ខែសីហាកន្លងទៅ។ រូបភាព KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៦ ខែសីហា បាន​បាញ់​កាំជ្រួច​ចំនួន​ពីរ​គ្រាប់​សំដៅ​សមុទ្រ​ខាងកើត​។ នេះ​ជាការ​បាញ់​លើក​ទី​៦​ហើយ​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​បី​សប្ដាហ៍​មកនេះ​។ ការបាញ់​នេះ ធ្វើឡើង​ក្រោយ​ក្រុង​ព្យុងយ៉ាង​បដិសេធ​ការចរចា​ជាមួយ​ក្រុង​សេ​អ៊ូ​ល​។ យោធា​កូរ៉េខាងត្បូង មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​កាំជ្រួច​ដែល​បាញ់​នេះ​នៅឡើយ​ទេ​។​

 
​បើតាម​ការប្រកាស​សេនាធិការ​ចម្រុះ​កងទ័ព​កងទ័ព​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​ពីរ​គ្រាប់​ចេញពី​ឆ្នេរ​ភាគ​ខាងកើត​ក្នុង​ខេត្ត Kangwon នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា​នេះ​។ មិនមាន​ព័ត៌មាន​លម្អិត​ទាក់ទង​ប្រភេទ ចម្ងាយ​រត់ ឬ​ចម្ងាយ​ហោះ​ឡើង​របស់​កាំជ្រួច​នេះ​នៅឡើយ​ទេ ដោយ​យោធា​កូរ៉េខាងត្បូង​ប្រកាសថា ខ្លួន​កំពុង​ពិនិត្យ​ស្ថានការណ៍ និង​ការត្រៀម​លក្ខណៈ​ទុក​មុន​។ 
 
​នេះ ជាការ​បាញ់​លើក​ទី​៦​ហើយ​របស់​កូរ៉េខាងជើង​ចាប់តាំងពី​ការបាញ់​នៅ​ដំបូង​នៅ​ខែកក្កដា​។ កាលពី​ថ្ងៃទី​២៥ ខែកក្កដា កូរ៉េខាងជើង បាន​ផ្ដើម​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ពីរ​គ្រាប់ ដែលជា​ប្រភេទ​មី​ស៊ី​ល​ទើប​អភិវឌ្ឍ​ថ្មី​ឈ្មោះ KN-23 ។ គេ​មិនដឹងថា កាំជ្រួច​បាញ់​នៅ​ថ្ងៃទី​១៦ នេះ ដូចគ្នា​នឹង​មី​ស៊ី​ល​ថ្ងៃទី​២៥ ឬ​យ៉ាងណា​ឡើយ ដ្បិត​កន្លងមក​កូរ៉េខាងជើង​អះអាងថា ខ្លួន​ធ្លាប់​បាញ់​សាកល្បង​ប្រព័ន្ធ​កាំជ្រួច​ស៊េរី​ថ្មី​ផងដែរ​។ 
 
​ការបាញ់​លើកចុងក្រោយ​នេះ​ទៀតសោត ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក្រុង​ព្យុងយ៉ាង​និយាយ​វាយប្រហារ​កូរ៉េខាងត្បូង​ខ្លាំង​។ គណៈកម្មាធិការ​សម្រាប់​ការបង្រួបបង្រួម​ដោយ​សន្តិភាព​ដែលជា​អង្គភាព​ទទួលបន្ទុក​ការងារ​កូរ៉េខាងត្បូង​របស់​កូរ៉េខាងជើង បាន​រិះគន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ដែល​ចង់​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​នៅត្រឹម​ឆ្នាំ​២០៤៥ បើទោះបី​អាណត្តិ​របស់លោក​ចប់​នៅ​ឆ្នាំ​២០២២ ក៏ដោយ​។  
 
​គណៈកម្មាធិការ​នេះ បាន​ហៅ​ការប្រើប្រាស់​ពាក្យ​សកម្មភាព​គួរ​ឲ្យ​បារម្ភ ឬ​ការ​បង្កហេតុ​សំដៅ​កូរ៉េខាងជើង​ដោយ​លោក មូ​ន ជា​សម្ដី​ព្រហើន​។ លើសពីនោះ គណៈកម្មាធិការ​នេះ ក៏​ឆ្លៀត​រិះគន់​សមយុទ្ធ​កូរ៉េខាងត្បូង និង​អាមេរិក ក៏ដូចជា​ផែនការ​ការពារជាតិ​៥​ឆ្នាំ​របស់​សេ​អ៊ូ​ល​ថែមទៀត ដោយ​ចាត់ទុកជា​ត្រៀម​កម្ទេច​កូរ៉េខាងជើង​។ បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​នេះ កូរ៉េខាងជើង​គ្មានអ្វី​ត្រូវ​និយាយ​ជាមួយ​កូរ៉េខាងត្បូង​ឡើយ ហើយក៏​មិន​អង្គុយ​ជជែក​គ្នា​ម្ដងទៀត​ដែរ​៕

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com