ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​បញ្ជូន​ហឹប​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ចំនួន​៤០៤​ហឹប​ទៅកាន់​ទូទាំង​រាជធានី​-​ខេត្ត​
16, Aug 2019 , 9:59 am        
រូបភាព
ទិដ្ឋភាព​ មន្ត្រី​នៃ​ក្រសួង​អប់រំ កំពុង​ត្រូតពិនិត្យ​ហឹបវិញ្ញាសាប្រឡងបាក់ឌុប រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ទិដ្ឋភាព​ មន្ត្រី​នៃ​ក្រសួង​អប់រំ កំពុង​ត្រូតពិនិត្យ​ហឹបវិញ្ញាសាប្រឡងបាក់ឌុប រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រគល់​ជូន​ហឹប​វិញ្ញាសា​ចំនួន​៤០៤​ហឹប​ដល់​គណៈមេប្រយោគ និង​គណៈ​អប្បមាទ​ទូទាំង​រាជធានី​-​ខេត្ត សម្រាប់​ដឹកទៅតាម​មណ្ឌល​នីមួយៗ​នៅ​ទូទាំង​រាជធានី​-​ខេត្ត ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ប្រឡង​បាក់​ឌុប​នា​ថ្ងៃទី​១៩-២០ ខែសីហា​ខាងមុខនេះ​។ បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដំណើរ​ការដឹក​ហឹប​វិញ្ញាសា​នេះ​នឹង​ទៅដល់​គោលដៅ​នៅថ្ងៃនេះ​ទាំងអស់​។


 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បញ្ជាក់ថា ដំណើរ​ការដឹក​ហឹប​វិញ្ញាសា​នេះ​កំពុងតែ​ប្រព្រឹត្តិ​ទៅដោយ​រលូន​។ រូបលោក​បញ្ជាក់ថា​ក្រសួង​អប់រំ និង​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​សមត្ថកិច្ច បានរួម​កម្លាំង​គ្នា មកជួយ​អមដំណើរ​ការដឹកជញ្ជូន​ហឹប​វិញ្ញាសា ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​។ 
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ ហឹប​វិញ្ញាសា​ប្រឡង​ទាំង​៤០៤​ហឹប នឹងដាក់​តាម​ក្នុង​មួយ​មណ្ឌល​ប្រឡង​ចំនួន​២​ហឹប​។ លោក អះអាងថា ហឹប​នីមួយៗ​មានការ​ចាក់សោ​សុវត្ថិភាព​ត្រឹមត្រូវ ដែលមាន​បិទ​ក្រដាស​ស្តើងៗ​នៅលើ​ជុំវិញ​សោ ដើម្បី​ធានា​នូវ​សុក្រឹតភាព ភាព​ដើម​របស់​ហឹប​វិញ្ញាសា និង​មិនមាន​ករណី​បែក​ឆ្លា​យ​វិញ្ញាសា​ប្រឡង​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ទៀតថា អ្នក​ដែលមាន​សិទ្ធិ​ចាក់សោ​ហឹប​នោះ ទាល់តែ​អ្នកមាន​សមត្ថកិច្ច មាន​ដីកា​បញ្ជូន​ត្រឹមត្រូវ ទើប​មាន​សិទ្ធិ​កាន់​ចាក់ និង​បិទ​សោ​នោះបាន​។ 
 
ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយមាន​សិស្ស​ប្រឡង​សរុប​ចំនួន​១១៧,០២៤ នាក់ ស្រី ៦០៤២១ នាក់ ។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៤៦៨៣​នាក់ ស្រី ២៥២៨៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧២៣៤១​នាក់ ស្រី ៣៥១៣៦ នាក់​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១២៧​មណ្ឌល ចែកចេញជា​បន្ទប់​សរុប​មាន​៤៧២៥​បន្ទប់​៕​


ទិដ្ឋភាព​ មន្ត្រី​នៃ​ក្រសួង​អប់រំ កំពុង​ដឹក​ជញ្ជូន​ហឹបវិញ្ញាសាប្រឡងបាក់ឌុប ទៅ​កាន់​ទូទាំង​រាជធានី​-ខេត្ត រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា


Tag:
 ​ក្រសួង​អប់រំ​
 ​វិញ្ញាសា​
 ​បាក់​ឌុប​
 ​រាជធានី​-​ខេត្ត​
 BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com