គ្រូបង្រៀន​ម្នាក់​ថតរូប​អគារ​និង​ផ្ទះ​បុរាណ​ដើម្បី​ចូលរួម​អភិរក្ស​សំណង់​ចាស់ៗ​
ជាតិ
គ្រូបង្រៀន​ម្នាក់​ថតរូប​អគារ​និង​ផ្ទះ​បុរាណ​ដើម្បី​ចូលរួម​អភិរក្ស​សំណង់​ចាស់ៗ​
16, Aug 2019 , 7:59 pm        
រូបភាព
កម្រងរូបភាព VOA៖ ពិព័រណ៍​រូបថត​​ «អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង» ​
កម្រងរូបភាព VOA៖ ពិព័រណ៍​រូបថត​​ «អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង» ​
ដោយ: VOA
​ភ្នំពេញ ៖​នៅក្នុង​បន្ទប់​មួយ​នៃ​អាគារ The Factory Phnom Penh ក្នុង​សង្កាត់​ចាក់អង្រែ រូបថត​នៃ​សំណង់​ចាស់ៗ​រួមមាន​ចំនួន​៥៥​ផ្ទាំង​ត្រូវ​ព្យួរ​នឹង​ជញ្ជាំង​ក្នុងការ​តាំងពិព័រណ៍​មួយ​ដើម្បី​រំឭក​ដល់​សំណង់​ទាំងនេះ​ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្នុងពេល​ខាងមុខ​។​

 
​ពិព័រណ៍​រូបថត​ដែលមាន​ឈ្មោះថា «​អគារ​បេតិកភណ្ឌ​ដែល​ត្រូវគេ​មើលរំលង​» បានបង្ហាញ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ ប្រក់​ក្បឿងស្រកាលិញ​ស្លែ​កាន់​ឡើង​ខ្មៅ ផ្ទះថ្ម​សង់​បែប​រចនាបទ​សម័យ​អាណានិគម​បារាំង​ដែលមាន​ស្នាម​ទឹកភ្លៀង​ហូរ​កាត់​ជញ្ជាំង​ឡើង​ពណ៌​ស្រអាប់ រូបថត​ពី​ខ្លោងទ្វារ រូប​អគារ​និង​ព្រះវិហារ​។​
 
​លោក ស្រ៊ិ​ន សុខ​មាន បាន​ចំណាយពេល​ដប់ឆ្នាំ​ដើម្បី​ថត​ប្រមូលយក​ទិដ្ឋភាព​សំណង់​វ័យ​ចំណាស់​ទាំងនេះ​។ គ្រូបង្រៀន​ភាសា​អង់គ្លេស អាយុ​២៦​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា​ការរៀបចំ​ពិព័រណ៍​រូបថត «​អគារ​បេតិកភណ្ឌ​ដែល​ត្រូវគេ​មើលរំលង​» នេះ​ធ្វើឡើង​ដោយសារ​លោក​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង និង​ស្គាល់​ពី​រចនាបថ​ស្ថាបត្យកម្ម​អគារ ឬ​សំណង់​កាលពី​បុរាណ ដែល​អាច​ប្រឈម​នឹង​ការបាត់បង់​នា​ថ្ងៃ​អនាគត​។​
 
«​ស្ថាបត្យកម្ម​ដែល​យកមក​បង្ហាញ​ហ្នឹង គឺមាន​រឿងរ៉ាវ​ច្រើន​។ ទីមួយ ខ្ញុំ​ស្រឡាញ់​។ ទី​ពីរ អគារ​ខ្លះ​គេ​កំពុង​វាយចោល ឬ​វាយចោល​ថ្មីៗ ឬ​គ្រោង​នឹង​វាយចោល​។ អញ្ចឹង​យើង​ដឹង​ទាន់ យើង​ទៅ​ថត​ឲ្យ​ហើយ​។ ថត​ឲ្យ​ហើយ​ទៅ យើង​ចងក្រង​ជា​ឯកសារ​អញ្ចឹង​ទៅ​»​។​


លោក ស្រ៊ិន សុខមាន ម្ចាស់រូបថតនៅក្នុង កម្មវិធីពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នៅ The Factory Phnom Penh ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

​នៅ​ពីក្រោម​រូបថត​ទាំង​៥៥​ផ្ទាំង មានការ​សរសេរ​រៀបរាប់​ពី​ឈ្មោះ ទីតាំង ឆ្នាំ​សាងសង់ និង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ផងដែរ​។​
 
​លោក ស្រ៊ិ​ន សុខ​មាន បន្ថែមថា លោក​មាន​គោលបំណង​ផ្តល់​ចំណេះដឹង​បន្ថែម​ពី​រចនាបថ​ស្ថាបត្យកម្ម​កាលពីពេល​អតីត​កាល​នៅ​ប្រទេស​កម្ពុជា​។​
 
​ក្នុង​ពេលនេះ​សំណង់​ចាស់ៗ​មួយចំនួន​ក្នុង​រូបថត​របស់លោក ត្រូវ​ជំនួស​វិញ​ដោយ​អគារ​ធំៗ ហើយ​ភាគច្រើន​សម្រាប់​ហេតុផល​ពាណិជ្ជកម្ម​។ 
 
​លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ធ្វើជា​ធិបតី​ក្នុង​ការបើក​សម្ភោ​ធ​ពិព័រណ៍​រូបថត​នេះ​បាន​លើកទឹកចិត្ត​ដល់​ក្រុមយុវជន​ឲ្យ​ព្យាយាម​ធ្វើការ​ស្រាវជ្រាវ​ដូចគ្នានេះ​។​
 
«​ប៉ុន្តែ​ការយល់​ពី​រចនាបថ​នេះ គឺ​ការសំខាន់​។ ខ្ញុំ​ចង់ឃើញ​យុវជន​ខ្មែរ​យើង​ចេះ​គិត ចេះ​គូរ ហើយ​គឺអាច​ចំណាយពេល​មួយចំនួន​របស់ខ្លួន​ហ្នឹង​ធ្វើការ​ស្រាវជ្រាវ​អំពី​អ្វី​ដែលជា​ការសំខាន់​។ ប៉ុន្តែ​គេ​មិន​ចាប់ភ្លឹក​ទេ ប៉ុន្តែ​ការ​ទាំងអស់​នេះហើយ​ធ្វើ​ឲ្យ​យើង​យល់ថា ម៉េច​ហៅថា ខ្មែរ​? ខ្មែរ​ខុសគេ​កន្លែង​ណាខ្លះ​?» ។​


រូបថតមួយនៅក្នុងកម្មវិធីពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នៅ The Factory Phnom Penh ក្នុងក្រុងភ្នំពេញ និងធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
 
​លោក ហ៊ុន ចាន់​សាន ស្ថាបត្យករ និង​ស្ថាបនិក​ក្រុមហ៊ុន Re-Edge Architecture កត់សម្គាល់ថា​រូបថត​ទាំងនេះ​មាន​លក្ខណៈ​ជា​កេរ្តិ៍ដំណែល​និង​ប្រវត្តិសាស្ត្រ​។​
 
«​បើសិនជា​យើង​និយាយ​អំពី​អគារ Heritage ហ្នឹង បើ​យើង​និយាយថា វា​មានតម្លៃ​គឺ​វា​មានតម្លៃ​ហើយ ពីព្រោះ វា​ឆ្លុះបញ្ចាំង​។ វា​មិន​ត្រឹមតែ​ប្រាប់​ជនបរទេស​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​រីកចម្រើន​ប៉ុណ្ណា រីកចម្រើន​អ្វីខ្លះ មាន​ស្រទាប់​នៃ​ប្រវត្តិសាស្ត្រ​»​។​
 
​ពិព័រណ៍​រូបថត​រយៈពេល​បី​ថ្ងៃ​ដែល​ទើបតែ​បញ្ចប់​កាលពី​ថ្ងៃទី​១២​ខែសីហា​នេះ បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ជាច្រើន​។​
 
​លោក Pawel Szewczyk ជនជាតិ​ប៉ូឡូញ និង​ជា​អ្នកជំនាញ​ផ្នែក​ថតរូប​ម្នាក់ ចាប់អារម្មណ៍​ទៅលើ​រចនាបថ​ចម្រុះ​នៃ​ស្ថាបត្យកម្ម​នៅ​កម្ពុជា ដោយសារតែ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​របប​អាណានិគម និង​ទទួល​ឥទ្ធិពល​ពី​បរទេស​កាលពី​អតីតកាល​។​
 
«​វា​កំពុងតែ​កើតឡើង​ហើយ​។ ខ្ញុំ​មិនដឹងថា វា​ជា​រឿង​ល្អ ឬ​អាក្រក់​ទេ​។ ខ្ញុំ​គិតថា គួរតែ​រក្សា​កន្លែង​ទាំងនោះ ឬ​ប្រហែល​ផ្លាស់ប្តូរ​ទៅជា​អ្វីមួយ​ផ្សេង ដូចជា កន្លែង Factory នេះ​»​។​
 
​សំណង់​បុរាណ​ខ្មែរ​ធ្វើ​អំពី​ឈើ សំណង់​រឹង​ធ្វើ​អំពី​ស៊ីម៉ង់​ក្នុង​រួប​ថត​ទាំង​៥៥​ផ្ទាំង​នេះ ភាគច្រើន​ត្រូវ​សាងសង់​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ លោក ស្រ៊ិ​ន សុខ​មាន បាន​ថតរូប​សំណង់​វ័យ​ចំណាស់​ទាំងនេះ​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និង​ខេត្ត​មួយចំនួន​ផ្សេងទៀត​។​
 
​កញ្ញា Anna Blandlord គ្រូបង្រៀន​ម្នា​ក់នៅ​សាលា​អន្តរជាតិ​ភ្នំពេញ ISPP បាន​ប្រាប់ VOA ថា ការតាំងពិព័រណ៍​នេះ​ធ្វើ​ឲ្យ​កញ្ញា​យល់ដឹង​ពី​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា​។​
 
​កញ្ញា​បាន​បន្ថែម​ដោយ​ភាព​ងឿ​យ​ឆ្ងល់​ថា​តើ​នា​ថ្ងៃ​ខាងមុខ «​សំណង់​ថ្មីៗ​នឹង​លុប​ពីលើ​សំណង់​ទាំងនោះ​ឬទេ​»​។ កញ្ញា​បាន​បន្តថា «​សំណង់​ថ្មី​មាន​លក្ខណៈ​ធំ ប៉ុន្តែ​សំណង់​ចាស់​មាន​លក្ខណៈ​ស្រស់ស្អាត​»​។​


រូបថតមួយនៅក្នុងកម្មវិធីពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» នៅ The Factory Phnom Penh ក្នុងក្រុងភ្នំពេញ និងធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
 
​កញ្ញា ស៊ុន សុ​ម៉ាលី និស្សិត​ផ្នែក​សា្ថ​ប​ត្យ​កម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ បាន​និយាយថា រចនាបថ​ស្ថាបត្យកម្ម​នៃ​សំណង់ និង​អគារ ដែល​ត្រូវបាន​យក​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​ពិព័រណ៍ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​កញ្ញា​យ៉ាងខ្លាំង​។​
 
«​ពីមុន​គឺ ការសាងសង់​មួយ​គឺ វា​ច្បាស់លាស់​។ ហើយ​សំណង់​រឹងមាំ​ល្អ​។ ឥឡូវ​ដូច​យើង ដឹងថា អត់​ដឹងថា អត់​ធានា​ដូច​មុន​អញ្ចឹង​»​។​
 
​និស្សិត​អាយុ​២៤​ឆ្នាំ​រូបនេះ​ក៏បាន​សំណូមពរ​ឲ្យ​មាន​ការជួយ​ផ្សព្វផ្សាយ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​ពី​បុរាណ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​យល់ដឹង​បន្ថែម​ផងដែរ​។​
 
​ជាមួយគ្នានេះ​លោក ស្រ៊ិ​ន សុខ​មាន អ្នករៀបចំ​ការតាំងពិព័រណ៍​រូបថត​សំណង់​បុរាណ គ្រោង​នឹង​ចងក្រង​រូបថត​ដែល​លោក​ថត​សន្សំ​បាន​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​ដើម្បី​បោះពុម្ព​ជា​សៀវភៅ​កម្រង​រូបថត​អគារ​ចាស់ៗ​ទាំងនេះ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com