ប្រតិបត្តិ​ការទិញ​-​លក់ និង​ជួល​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ប្រតិបត្តិ​ការទិញ​-​លក់ និង​ជួល​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​
16, Aug 2019 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
​លំហូរ​នៃ​ការវិនិយោគ ជំរុញ​ដល់​សកម្មភាព​អភិវឌ្ឍ​គម្រោង​ធំៗ​នៅក្នុង​ទីក្រុង ឲ្យ​ពុះកញ្ជ្រោល​ខ្លាំង​ក្នុង​រយៈ​ជិត​មួយ​ទស្សវត្សរ៍​ចុងក្រោយ​។ ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៩ គម្រោង​អភិវឌ្ឍន៍​ដែលមាន​ទឹកប្រាក់​វិនិយោគ​ចំនួន ៥.២ ពាន់​លាន​ដុល្លារ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​អនុម័ត​។ ចំនួន​នេះ​កើនឡើង ៤៨.៥ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។
 
​ជាការ​ពិតណាស់ កំណើន​សកម្មភាព​វិនិយោគ​បែបនេះ វា​បញ្ជាក់ថា​វិនិយោគិន​មើលឃើញ​ពី​សក្តា​ពល​នៃ​តម្រូវការ​អចលនទ្រព្យ ឬ​អាច​និយាយបានថា វិសាលភាព​នៃ​ការទិញ​-​លក់ និង​ជួល​អចលនទ្រព្យ​នៅក្នុង​ប្រទេស កំពុងមាន​ដំណើរការ​ប្រសើរឡើង​ជាង​មុន​។ 
 
​លោក ឡុង គឹមសួគ៌ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Century 21 Advanced Property ដែលជា​ក្រុមហ៊ុន​ផ្តោតលើ​ទិញ​-​លក់ និង​ជួល​នៅក្នុង​ក្រុង បាន​ឲ្យ​ដឹងថា ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅពេល​បច្ចុប្បន្ន មានដំណើរ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​។ លោក​មើលឃើញថា អ្នកទិញ​មកពី​ក្រៅប្រទេស បាន​បន្ត​ហូរ​ចូលមក​កម្ពុជា រួមមាន ចិន កូរ៉េ សិង្ហ​បុរី និង​អឺរ៉ុប​ជាដើម​។ ចំណែក​អ្នក​ក្នុងស្រុក ក៏មាន​តម្រូវការ​កាន់តែច្រើន​។ 
 
​ការទិញ​-​លក់ អចលនទ្រព្យ​មិន​ទៀត​ទាត់​
 
​ទោះយ៉ាងណា លោក​កត់សម្គាល់​ឃើញថា ការទិញ​លក់ ឬ​ជួល ពី​អតិ​ជន​ថិ​ជន មិនមែន​តែងតែ​កើនឡើង​ជានិច្ច​នោះទេ​។ មានន័យថា ការឡើង​ចុះ គឺ​អាស្រ័យ​ទៅតាម​កត្តា​ជះឥទ្ធិពល​ផ្សេងៗ​។  លោក បញ្ជាក់​បន្ថែមថា ជាក់ស្តែង​នៅ​រយៈពេល​ចុងក្រោយ ការជួល​អចលនទ្រព្យ ហាក់​ថមថយ​បន្តិច [​សម្រាប់​ក្រុមហ៊ុន​របស់លោក​] ដោយ​លោក​បាន​ពន្យល់ថា ប្រការនេះ ប្រហែល​អាច​បណ្តាលមកពី​កត្តា​តម្លៃ​ជួល​ថ្លៃ​នៅក្នុង​ក្រុង ខណៈ​អ្នកស្នាក់នៅ​ជា​ជនជាតិ​បរទេស ពិសេស​ប៉ែក​អឺរ៉ុប​បាន​ធ្លាក់ចុះ​។ 
 
​លោក គឹមសួគ៌ ជឿថា​ការទិញ​លក់ និង​ជួល​កើនឡើង ឬ​ថយចុះ មិន​ទៀត​ទាត់​ដូច្នេះ វា​ជា​និន្នាការ​ទូទៅ​នៅក្នុង​ទីផ្សារ​។ លើកឡើង​ជាគោលការណ៍​រួម លោក​គឹមសួគ៌ បានបង្ហាញ​ពី​មូលហេតុ​សំខាន់ៗ​មួយចំនួន ដែលមាន​ជះឥទ្ធិពល​លើ​ប្រតិបត្តិការ​ទីផ្សារ ដូចជា កត្តានយោបាយ និង​សេដ្ឋកិច្ច ដែលជា​រឿង​ត្រូវយក​បានចិត្ត​ទុកដាក់​ខ្ពស់ ពី​អ្នកវិនិយោគ និង​អ្នកទិញ​អចលនទ្រព្យ​។​
 
​បើ​និយាយ​ដោយ​ចំពោះ​វិញ គម្រោង​នីមួយៗ អាច​ទទួលបាន​អ្នកទិញ​-​ជួល​ច្រើន ឬ​តិច​អាស្រ័យទៅលើ ទីតាំង ឬ​តំបន់​វិនិយោគ​ថា​ឆ្ងាយ ឬ​ជិត​ក្រុង ការហូរចូល​គម្រោង​ថ្មីៗ ដែល​បន្ថែម​ការផ្គត់ផ្គង់ ផ្តល់នូវ​ជម្រើស​កាន់តែ​ច្រើន​សម្រាប់​អ្នកទិញ និង​ការអភិវឌ្ឍន៍​ធំ ដែលមាន​ឥទ្ធិពល​ស្រូបយក​ចំនួន​ប្រជាជន [​តួយ៉ាង​ផ្សារ​អ៊ី​អន​]​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹមសួគ៌​។ 
 
​អ្នកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service ក៏​មើលឃើញ​ស្រដៀង​នឹង​លោក គឹមសួគ៌​ដែរ​។ អ្នកស្រី និយាយថា បើ​មើល​ជារួម​ការទិញ​លក់ និង​ជួល​នៅក្នុង​ក្រុង នៅពេល​បច្ចុប្បន្ន បាន​ថយចុះ​បន្តិច ធៀប​នឹង​ឆ្នាំមុន​។ ហើយ​ការបន្ថែម​ចំណែក​ទីផ្សារ (​ការផ្គត់ផ្គង់​) កាន់តែច្រើន​អាច​មូលហេតុ​ចម្បង​មួយ ធ្វើ​ឲ្យ​ការទិញ​លក់ និង​ជួល​អចលនទ្រព្យ​នីមួយៗ នៅក្នុង​ក្រុង​ថយចុះ​។ 
 
​ទោះយ៉ាងណា សម្រាប់​ក្រុមហ៊ុន​របស់លោក​ស្រី ប្រតិបត្តិការ​នៅតែមាន​ដូច​ធម្មតា និង​ពេលខ្លះ មិនអាច​រក​អចលនទ្រព្យ​បាន តាម​តម្រូវការ​នោះទេ​។ អ្នកស្រី​លើកឡើងថា​៖«​មាន​អតិថិជន​ស្វែងរក​អចលនទ្រព្យ​នៅក្នុង​ក្រុង ជា​ដី​ធំៗ នៅ​តំបន់​បឹង​កេងកង​១, ទន្លេបាសាក់ , ផ្លូវ​មុនី​វង្ស និង​ជិត​សណ្ឋាគារ​ណាហ្គា​វើ​ល​ជាដើម ប៉ុន្តែ​ខ្ញុំ មិនមាន​ដី​ឲ្យ​អតិថិជន​ទេ​។ ម្យ៉ាងទៀត​ដី​ក្នុង​ក្រុង ក៏មាន​តម្លៃ​ថ្លៃ​ខ្ពស់​គួរសម​ដែរ​»​។  
 
​ស្របពេល​ប្រតិ​ប​ត្ដិ​ការ​ហាក់​ថយចុះ​បន្តិច​នៅក្នុង​ក្រុង ប៉ុន្តែ​នៅក្រៅ​ក្រុង​វិញ ការទិញ​លក់​នៅតែមាន​ច្រើន​។ អ្នកស្រី​តាំង​ហួរ មើលឃើញថា គម្រោង​បុរី វីឡា ផ្ទះ​អាជីវកម្ម​នៅតាម​ជាយក្រុង កំពុង​ត្រូវប៉ាន់​។ តម្រូវការ​សម្រាប់​ផ្ទះ​ទាំងនេះ នៅមាន​អតិថិជន​ទិញ​យ៉ាង​ផុសផុល ពិសេស​តាមរយៈ​ផែន​ការបង់​រំលស់​ផ្ទាល់​ជាមួយ​គម្រោង វា​ជា​កត្តា​ជំរុញ​ដល់​ការទិញ​លក់​ឲ្យ​កាន់តែ​ប្រសើរឡើង នៅពេល​បច្ចុប្បន្ននេះ​៕ 
 
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com