អន្តរជាតិ
លោក ត្រាំ ថា បាតុកម្ម​ហុងកុង​នឹង​ចប់​ត្រឹម​១៥​នាទី បើ​លោក ស៊ី ជួប​បាតុករ​ដោយផ្ទាល់
16, Aug 2019 , 11:59 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៥ ខែសីហា បាន​ទទូច​ឲ្យ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ជួប​បាតុករ​ហុងកុង ដើម្បី​ដោះស្រាយ​វិបត្តិ​ដែលមាន​អាយុ​លើសពីរ​ខែ​នេះ​។ លោក ត្រាំ ហាក់​បារម្ភ​ខ្លាំង​ចំពោះ​លទ្ធភាព​ដែល​ចិន​អាចធ្វើ​អន្តរាគមន៍​ដោយផ្ទាល់​ដើម្បី​បោសសម្អាត​ក្រុមបាតុករ ខណៈដែល​ប៉ូលិស​ប្រដាប់អាវុធ​ប្រជាជន​ចិន កំពុង​ប្រមូលផ្ដុំ​នៅក្បែរ​ហុងកុង​ស្រាប់​ហើយ​នោះ​។ កាន់តែ​បារម្ភ​នោះ ភាព​អត់ធ្មត់​របស់​ចិន ក៏​រសាយ​បន្តិច​ម្ដងៗ​ផងដែរ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចេញមុខ​បកស្រាយ​សារ​លើ Twitter របស់លោក ដែល​ធ្វើ​ឲ្យ​មាន​ការយល់ច្រលំ​ពាក់ព័ន្ធ​ជំនួប​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង លើ​បញ្ហា​ហុងកុង​។ នៅ​ថ្ងៃទី​១៤ ខែសីហា លោក ត្រាំ បាន​សរសេរ​តាម Twitter ពី​បាតុកម្ម​នៅ​ហុងកុង ហើយ​បញ្ចប់​ដោយ​ពាក្យ​ជំនួប​តទល់​។ ពាក្យ​នេះ ធ្វើ​ឲ្យ​មាន​គេ​គិតថា លោក ត្រាំ ចង់​ជួប​លោក ស៊ី ដោយផ្ទាល់ ដើម្បី​ជជែក​ពី​បញ្ហា​នៅ​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។ 
 
​មួយថ្ងៃ​បន្ទាប់ លោក ត្រាំ បាន​សរសេរ​លើ​បណ្ដាញ Twitter របស់លោក​ដោយ​ស្នើ​ឲ្យ​លោក ស៊ី ជួប​ក្រុមបាតុករ​ដោយផ្ទាល់​តែម្ដង​។ ក្នុង​សំណេរ​លើ​គណនី​បណ្ដាញ​សង្គម​ល្បីឈ្មោះ​ដដែល​នៅ​ថ្ងៃទី​១៥ ប្រធានាធិបតី​អាមេរិក​រូបនេះ​លើកឡើងថា បើ​ប្រធានាធិបតី ស៊ី ជួប​បាតុករ​ដោយផ្ទាល់​នោះ បញ្ហា​នៅ​ហុងកុង​នឹង​បញ្ចប់​ដោយ​ក្ដី​រីករាយ និង​ភ្លឺស្វាង​។ សម្រាប់​លោក ប្រធានាធិបតី​ចិន ពិតជា​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។​
 
​យោបល់​របស់​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​ស្របពេល​ដែល​ការ​ភ័យ​បារម្ភ​កើនឡើង​កាន់តែខ្លាំង​នៅ​ហុងកុង ក្រោយ​ប៉ូលិស​ប្រដាប់អាវុធ​ចិន​ដែល​ទៅដល់​ក្រុង​ស៊ិន​ជិន ចាប់​ផ្ដើមធ្វើ​សកម្មភាព​។ នៅ​ថ្ងៃទី​១៥ ខែសីហា ប៉ូលិស​ប្រដាប់​ប្រជាជន​ចិន បានធ្វើ​សមយុទ្ធ​មួយ​ក្នុង​កីឡដ្ឋាន​មួយកន្លែង​ដែល​នៅ​មិន​ដល់​៨​គីឡូម៉ែត្រ​ពី​ព្រំដែន​ជាមួយ​ហុងកុង​។ អគ្គ​រដ្ឋ​ចិន​ប្រចាំ​អង់គ្លេស លីវ ស៊ា​វ​មីង ក៏​ព្រមាន​ថា ប៉េកាំង​មិន​អង្គុយ​មើល​បាតុកម្ម​នៅ​ហុងកុង​ឡើយ ហើយ​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បោសសម្អាត​។​
 
​ពីរ​ដ្ឋ New Jersey  លោក ត្រាំ ក៏​បង្ហាញ​ក្ដីបារម្ភ​ដែរ និង​មិន​ចង់ឃើញ​ការប្រើប្រាស់​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ ហើយ​ចង់ឃើញ​ប៉េកាំង​ដោះស្រាយ​វិបត្តិ​មួយ​ដោយ​ក្ដីមេត្តា​។ មេដឹកនាំ​អាមេរិក​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា បើ​លោក ស៊ី អង្គុយ​ចុះ​ដើម្បី​ជជែក​ជាមួយ​ក្រុមបាតុករ លោក​ភ្នា​ក់ថា មេដឹកនាំ​ចិន​អាច​ដោះស្រាយ​បញ្ហា​តែ​ក្នុងពេល​១៥​នាទី​។ យ៉ាងណាមិញ លោក ត្រាំ ទទួលស្គាល់ថា ការជួប​ជាមួយ​បាតុករ​នេះ មិនមែនជា​អ្វីដែល​លោក ស៊ី តែង​ធ្វើ​ឡើយ​។​
 
​ប្រធានាធិបតី​អាមេរិក​រូបនេះ ប្រាប់​អ្នកកាសែត​ដែរ​ថា លោក នឹង​ជជែក​ជាមួយ​លោក ស៊ី តាម​ទូរ​សព្ទ​នៅពេល​ឆាប់ៗ ហើយ​ការចរចា​ពាណិជ្ជកម្ម​ក្នុង​ខែកញ្ញា ក៏​នឹងមាន​ច្រើន​ជុំ​ទៀត​ដែរ​។ ក្នុង​សារ​តាម Twitter ពីរ​ថ្ងៃមុន លោក ត្រាំ បាន​ភ្ជាប់​បាតុកម្ម​នៅ​ហុងកុង​ទៅនឹង​ការចរចា​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ដោយ​លោក​ទុក​ឲ្យ​ប៉េកាំង​ដោះស្រាយ​វិបត្តិ​ហុងកុង​សិន​។ លោក ត្រាំ ចង់​ប្រាប់​ចិន លទ្ធផល​ចរចា អាច​អាស្រ័យ​លើ​ចំណាត់ការ​របស់​ចិន​លើ​បាតុករ​ហុងកុង​៕  

Tag:
 ចិន​
  អាមេរិក​
  ហុងកុង​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com