កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Ronaldo និង Van Dijk ជាប់​បេក្ខភាព​ចុងក្រោយ​ប្រជែង​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA
16, Aug 2019 , 7:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប បានប្រកាស​នៅ​ថ្ងៃទី​១៦ ខែសីហា​ថា Lionel Messi, Cristiano Ronaldo និង Virgil van Dijk ជាប់​ជា​បេក្ខភាព​៣​រូប​ចុងក្រោយ​សម្រាប់​ប្រជែង​តំណែង​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ (UEFA Men's Player of the Year) របស់ UEFA រដូវ​កាល ២០១៨-១៩​។​


 
Messi ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ UEFA Champions League និង​ជា​ម្ចាស់​ស្បែកជើង​មាស​នៅ​អឺរ៉ុប ព្រមទាំង​ជួយ Barcelona លើក​ពាន La Liga លើក​ទី​១០​ផង​កាលពី​រដូវ​កាល​មុន​។​
 
Ronaldo ខ្សែប្រយុទ្ធ​ក្រុម Juventus បាន​ជួយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពានរង្វាន់ UEFA Nations League និង​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយក៏​បាន​ជួយ​សេះបង្កង់​លើក​ពាន Serie A លើកដំបូង​សម្រាប់​វត្តមាន​របស់គេ​នៅ​ទឹកដី​អ៊ីតាលី​។​


 
​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់ Van Dijk ដែល​គេ​ទទួលស្គាល់ថា​ជា​រនាំង​ដ៏​រឹងមាំ​ក្នុង​ការជួយ Liverpool ឈ្នះ​ជើងឯក UEFA Champions League និង​ប្រជែង​ពាន លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​មុន ក៏​ស្ថិតក្នុង​ជម្រើស​ចុងក្រោយ​ដើម្បី​ប្រជែង​ជាមួយ Super Stars ទាំងពីរ​ខាងលើ​ដែល​ធ្លាប់​គ្រង​ពាន​នេះ​លើសពី​ពីរដង​រួចមកហើយ​។​
 
​ចាប់តាំងពី​បង្កើត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០១១​មក ពោលគឺ​៨​លើក​រួចហើយនោះ Messi ធ្លាប់​ឈ្នះ​២​ដង ហើយ Ronaldo ៣​ដង​លើសគេ ខណៈ Andres Iniesta, Franck Ribery និង Luka Modric បាន​ម្នាក់​ម្តង​ដូចគ្នា​។​
 
​មុន​ឈានដល់​ការ​សម្រេចយក​បេក្ខភាព​៣​រូប​ចុង​ក្រោយនេះ Messi, Ronaldo និង Van Dijk ត្រូវ​ប្រជែង​ជាមួយ Alisson Becker, Sadio Mane, Mohamed Salah, Eden Hazard, Matthijs de Ligt, Frenkie de Jong និង Raheem Sterling​។​
 
​ការប្រកាស​ជ័យលាភី នឹងធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី​២៩ ខែសីហា នា​ប្រទេស Monaco ពោលគឺ​ក្នុង​កម្មវិធី​ចាប់​ពូ​ល ក្របខណ្ឌ Champoins League រដូវ​កាល ២០១៩-២០៕

Tag:
 UEFA Men\'s Player of the Year
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com