ជាតិ
សង្គមជាតិ
មធ្យោបាយដឹកឈើ២០០គ្រឿងហើយ ដែលសមត្ថកិច្ចដុតចោល និងចាប់ឧកញ៉ា២នាក់ សកម្មភាពកងរាជអាវុធហត្ថ ដុតបំផ្លាញរថយន្តដឹកឈើ (រូបពីកងរាជអាវុធហត្ថ)
× ក្នុងរយៈពេលជាងមួយខែមកនេះ មានមធ្យោបាយដឹកឈើខុសច្បាប់មិនតិចជាង២០០គ្រឿងទេ ដែលសមត្ថកិច្ច បានដុកបំផ្លាញចោល ក្រោយចាប់បានពីក្រុមឈ្មួញទុច្ចរិត។ នេះជាការអះអាងរបស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថនិងជាអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោក អេង ហ៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា ធម្យោបាយទាំងនោះ មានដូចជា រថយន្ត និង ម៉ូតូ ជាដើម ដែលត្រូវបានកែច្នៃ សម្រាប់លួចដឹកឈើ រួមទាំងម៉ាស៊ីនកាប់ឈើផ្សេងៗទៀត។
ការដុតបំផ្លាញធម្យោបាយដឹកឈើនេះ គឺអនុវត្តចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០១៩មក ដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន។ សមត្ថកិច្ច នឹងបន្តដុតបំផ្លាញធម្យោបាយដឹកឈើខុសច្បាប់តទៀត ពេលចាប់បាន។ យ៉ាងណា ចំពោះរថយន្ត ដែលនៅមានគុណភាព សមត្ថកិច្ច នឹងរក្សាទុក សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ហើយឈើដែលរឹបអូសបាន សមត្ថកិច្ច លែងដុតបំផ្លាញចោលហើយ។
ទន្ទឹមនឹងការរឹបអូសធម្យោបាយដឹកឈើទាំងនោះ សមត្ថកិច្ច ក៏បានចាប់ឈ្មួញទុច្ចរិតមួយចំនួន ដោយរួមមានទាំងឧកញ៉ាផងដែរ។ កាលដើមខែកក្កដា សមត្ថកិច្ច ចាប់ឧកញ៉ា ស៊ឹង សំអុល ហើយមកដល់ពាក់កណ្តាលខែសីហានេះ សមត្ថកិច្ច បានចាប់ឧកញ៉ា គង់ ក្រឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com