កីឡាជាតិ
ជាតិ
គ្រូបង្វឹក U18 កម្ពុជាថា វៀតណាមខ្លាំង តែខ្វះទំនុកចិត្ត ជាហេតុនាំឲ្យកម្ពុជាឈ្នះ លោក Koji (ឆ្វេង)ពេលដឹកនាំ U18 កម្ពុជា និងកីឡាករ សៀង ចន្ធា (អាវស)ព្យាយាមគ្រប់គ្រងបាល់ពីការប្រជែងរបស់កីឡាករវៀតណាម, រូបភាពពី FFC
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា បានបង្កើតកំណត់ត្រាថ្មី សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជាក្នុងព្រឹត្តិការណ៍ AFF U18 Championship បន្ទាប់ពីពួកគេយកឈ្នះថៃ ៤-៣ និងវៀតណាម ២-១ ជាលើកដំបូង។ ប៉ុន្តែលទ្ធផលជាប្រវត្តិសាស្ត្រនេះ មិនអាចជួយកម្ពុជាឡើងទៅកាន់វគ្គបន្តនោះទេ។ ក្រោយទម្លាក់វៀតណាម គ្រូបង្វឹក U18 កម្ពុជាមើលឃើញថា កីឡាករវៀតណាមមានសមត្ថភាពខ្លាំង តែពួកគេខ្វះទំនុកចិត្ត ដែលជាហេតុធ្វើឲ្យកម្ពុជាមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ និងទទួលជ័យជម្នះលើពួកគេ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះចាត់ទុកជ័យជម្នះរបស់កម្ពុជា គឺភាគច្រើនកើតចេញពីសំណាង។
ក្រោយទម្លាក់ម្ចាស់ផ្ទះវៀតណាមចេញពីពានរង្វាន់ AFF U18 Championship ជាមួយជ័យជម្នះ ២-១ គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាលោក Gyotoku Koji បានចាត់ទុកជ័យជម្នះនេះកើតឡើងពីការខិតខំរបស់កីឡាករ និងសំណាងដែលធាតុរួមផ្សំ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ មិននឹកស្មានថាកម្ពុជាអាចយកឈ្នះវៀតណាម ដែលជាក្រុមមានសមត្ថភាពខ្លាំង និងមានកាយសម្បទាល្អបាននោះទេ។
គ្រូបង្វឹករូបនេះបាននិយាយថា៖«យើងដឹងហើយថាកីឡាករវៀតណាមមានសមត្ថភាពខ្លាំង និងកាយសម្បទាល្អ ប៉ុន្តែពួកគេខ្វះទំនុកចិត្ត។ យើងមិនបានគិតពីចំណុចមួយនេះទេ។ ការឈ្នះពីរប្រកួតលើថៃ និងវៀតណាម គឺដោយសារសំណាង ប៉ុន្តែខ្ញុំក៏មិនដែលគិតពីបញ្ហានេះដែរ»។
សម្រាប់លោក Koji ការចង់ឈ្នះកម្ពុជាខ្លាំងពេកពីក្រុមកីឡាករវៀតណាម បានក្លាយជាសម្ពាធសម្រាប់ពួកគេ ហើយក៏ជាមូលហេតុដែលធ្វើឲ្យបាត់បង់ការគ្រប់គ្រង និងបង្កើតភាពខ្វះចន្លោះសម្រាប់ក្រុមទាំងមូល។ បញ្ហានេះ បានអំណោយផលដល់កម្ពុជាក្នុងការបង្កើតឱកាសគ្រោះថ្នាក់ ដើម្បីរកគ្រាប់បាល់។ លោកបានបន្ថែមថា ការលេងដោយគ្មានសម្ពាធក្រោយដឹងថា ខ្លួនអស់ឱកាសទៅវគ្គបន្ត ក៏ជាកត្តារួមផ្សំជួយកម្ពុជាទទួលបានលទ្ធផលផងដែរ។
លោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ទោះបីមិនអាចដឹកនាំក្រុមឡើងទៅវគ្គបន្ត តែលោកបានបង្កើតប្រវត្តិសាស្ត្រថ្មីជូនវិស័យកីឡាបាល់ទាត់កម្ពុជា ក្រោយដឹកនាំក្រុម U18 កម្ពុជាយកឈ្នះថៃ ៤-៣ និងវៀតណាម ២-១ ជាលើកដំបូងក្នុងពានរង្វាន់ AFF U18 Championship 2019 នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ បើតាមប្រវត្តិតាំងពីបង្កើតពានរង្វាន់នេះនៅឆ្នាំ២០០២ កម្ពុជាមិនដែលយកឈ្នះថៃ និងវៀតណាម ដែលជាក្រុមខ្លាំងប្រចាំតំបន់អាស៊ានឡើយ។
ទោះបីថៃ និងវៀតណាមក្លាយជាក្រុមគោលដៅសម្រាប់កម្ពុជាក្នុងការយកឈ្នះពានរង្វាន់នេះក៏ដោយ សម្រាប់លោក Koji មិនត្រេកត្រអាលជាមួយលទ្ធផលនេះឡើយ ព្រោះលោកមានការគោរពចំពោះក្រុមទាំងពីរ។ លោករំពឹងថា វិស័យកីឡាបាល់ទាត់កម្ពុជានឹងមានការរីកខ្លាំងដូចថៃនិងវៀតណាម នាពេលអនាគត។
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ដែលបញ្ចប់ក្នុងលទ្ធផលលេខ៤ពូល B មាន៦ពិន្ទុនឹងមកកម្ពុជានៅល្ងាចថ្ងៃសុក្រ ទី១៦ ខែសីហានេះ៕
Tag:
បាល់ទាត់
AFF U18 Championship
Gyotoku Koji
© រក្សាសិទ្ធិដោយ thmeythmey.com