អន្តរជាតិ
លោក វីដូដូ សុំជាផ្លូវការទៅសភាលើគម្រោងប្តូររដ្ឋធានីពីហ្សាការតាទៅកាលីម៉ាន់តាន់ លោកប្រធានាធិបតី ចូកូវី
× លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៦ ខែសីហា ស្នើសុំជាផ្លូវការទៅសភាក្នុងគំរោងផ្លាស់ប្តូរពីរដ្ឋធានីពីហ្សាការតា ទៅកាន់តំបន់កាលីម៉ាន់តាន់(Kalimantan) នៃកោះប័រណេអូ (Borneo)វិញ។
អំឡុងពេលថ្លែងសុន្ទកថាក្នុងសភា លោក ចូកូ វីដូដូ ស្នើទៅសភារឿងប្តូររដ្ឋធានី មុនពេលឥណ្ឌូណេស៊ីប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៧៤។ លោកប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ជាក់ថា៖ «ខ្ញុំស្នើសុំការអនុញ្ញាតរបស់អ្នក ដើម្បីផ្លាស់ប្តូររដ្ឋធានីរបស់យើងទៅតំបន់កាឡាម៉ាន់តាន់(Kalimantan)»។
លោក ចូកូវី ដូដូ បានបន្ថែមទៀតថា រដ្ឋធានីមិនត្រឹមតែតំណាងអោយអត្តសញ្ញាណជាតិនោះទេ តែរដ្ឋធានីក៏តំណាងឲ្យការរីកចម្រើនរបស់ជាតិផងដែរ។ ជាការពិត ការអះអាងខាងលើនេះ លោកប្រធានាធិបតីមិនបានប្រាប់ទីកន្លែងច្បាស់លាស់ណាមួយឡើយ សម្រាប់តាំងរដ្ឋធានីថ្មីនេះ។
ក្នុងន័យនេះ លោក វីដូដូ ដែលត្រូវបានស្គាល់ថា ចូកូវី ចង់សំដៅថា ឥណ្ឌូណេស៊ី មិនមែនត្រឹមតែជាទីក្រុងហ្សាការតា ហើយមិនត្រឹមតែជាកោះជ្វានោះទេ។ ប៉ុន្តែឥណ្ឌូណេស៊ីគឺជាដែនដីទាំងអស់ចាប់ពី តំបន់ Sabang(នៅភាគលិច) ទៅតំបន់ Merauke (តំបន់ភាគខាងកើត) បូករួមទាំងតំបន់ Miangas(ភាគខាងជើង) ទៅតំបន់កោះ Rote (ភាគខាងត្បូង)។
ទន្ទឹមជាមួយគ្នានេះដែរ ប្រធានាធិបតីឥណ្ឌូណេស៊ីក៏និយាយអំពីការអភិវឌ្ឍលើរោចក្រឲ្យប្រើប្រាស់ធនធានធម្មជាតិ និងធនធានរ៉ែក្នុងស្រុក ដើម្បីពន្លឿនសេដ្ឋកិច្ចជាតិ ជាពិសេសគឺនិយាយអំពីតុល្យភាពអំណាចរវាងស្ថានប័នអំណាចទាំង៣ រដ្ឋាភិបាល សភា និងតុលាការ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាជន។
សូមជំរាបជូនថា លោក វីដូដូ នឹងចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីក្នុងអាណត្តិទី២ នៅក្នុងខែតុលា ខាងមុខនេះ៕
Tag:
ឥណ្ឌូនណស៊ី
ចូកូវី
© រក្សាសិទ្ធិដោយ thmeythmey.com