ជាតិ
ក្រសួងសាធារណការ គ្រោងធ្វើផ្លូវក្រវាត់ក្រុងទី២ នៅសៀមរាប
× សៀមរាប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការសិក្សាផ្លូវក្រវាត់ក្រុងទី២ក្នុងខេត្តសៀមរាប ស្របពេលចរាចរណ៍កាន់តែចង្អៀតនិងមមាញឹកជាលំដាប់ក្នុងខេត្តទេសចរណ៍មួយនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីសាធារណការ លោក ស៊ុន ចាន់ថុល។
ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវពីរខ្សែក្នុងក្រុងសៀមរាបនៅព្រឹកថ្ងៃទី១៥ សីហា រដ្ឋមន្ត្រីសាធារណការ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលក្រសួងបានរៀបចំដើម្បីកែប្រែមុខមាត់ខេត្តសៀមរាប ដែលជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវទេសចរ។ ក្នុងនោះ ផែនការសាងសង់ផ្លូវក្រវាត់ក្រុងទី២ ក៏ត្រូវបានលោក ស៊ុន ចាន់ថុល លើកមកនិយាយដែរ។
គម្រោងនេះ ត្រូវបានលោករដ្ឋមន្ត្រីពន្យល់ថាកំពុងសិក្សាក្នុងបំណងបញ្ចៀសចរាចរណ៍ឡានធំៗមិនឱ្យចូលក្រុងសៀមរាប។ លោក ស៊ុន ចាន់ថុល មិនបានបញ្ជាក់លម្អិតពីទីតាំងនៃការសាង់ផ្លូវនេះនៅឡើយ តែលោកប៉ាន់ស្មានថា ផ្លូវនេះមានប្រវែងប្រហែល ៤៣គីឡូម៉ែត្រ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានបង្ហាញផែនការមេសំខាន់ៗក្នុងការអភិវឌ្ឍខេត្តសៀមរាបដែរ ដោយក្នុងនោះរួមមាន គម្រោងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ដែលលោករដ្ឋមន្ត្រីថា មានពិសោធន៍ពីក្រុងព្រះសីហនុ ដែលការអភិវឌ្ឍលឿនហួសពីការស្មានដែលធ្វើឱ្យការគ្រប់គ្រងមានភាពលំបាក។ ក្រៅពីនេះមានគម្រោងរំដោះជំនន់ទឹកភ្លៀង ការរៀបចំប្រព័ន្ធរំដោះទឹកជំនន់ និងផែនការស្ដារស្ទឹងសៀមរាបជាដើម ដែលលោក ស៊ុន ចាន់ថុល បញ្ជាក់ថា ដើម្បីសម្អាតស្ទឹងផង ក៏ដូចជាដើម្បីឱ្យមានលំហូរទឹកផង។
សូមស្ដាប់សំឡេងរបស់រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន
មានមតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្នុងក្រុងសៀមរាបនៅពេលនោះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអរគុណដល់ក្រសួងសាធារណការ ដែលបានគិតគូរលើការអភិវឌ្ឍផ្លូវក្នុងខេត្តសៀមរាប។ លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ យោគយល់ចំពោះផលប៉ះពាល់នានាអំឡុងពេលកំពុងជួសជុលនេះ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នពេលមានផ្លូវស្អាត ចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។
គួរបញ្ជាក់ថា ការដ្ឋានជួសជុលផ្លូវ២ខ្សែត្រូវបានបើកដំណើរការនៅថ្ងៃទី១៥ សីហា ដោយក្នុងនោះរួមមាន ទី១ជួសជុលក្រាលកៅស៊ូលើកំណាត់ផ្លូវ 2SR3 (ផ្លូវក្រវាត់ក្រុង) ប្រវែង ២២៣០ម៉ែត្រ ចាប់ពីចំណុចកែងផ្លូវជាតិលេខ៦ ឆ្ពោះទៅខាងត្បូង និងទី២ កំណាត់ផ្លូវខ្នារចាស់ ប្រវែង ៤៦០០ម៉ែត្រ ចាប់ពីចំណុចផ្លូវក្រវាត់ក្រុងឆ្ពោះទៅផ្លូវ 265S ស្ថិតនៅសង្កាត់ជ្រាវ ទៅដល់ផ្លូវស្វាយធំ ស្ថិតក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង៕
Tag:
ផ្លូវក្រវាត់ក្រុងទី២សៀមរាប
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com