ជាតិ
សង្គមជាតិ
អាជ្ញាធរ ឲ្យ​អាជីវករ​នៅ​ឆ្នេរ​អូរ​ឈើទាល សង់​តូប​តាម​គំរូ​ថ្មី
16, Aug 2019 , 10:39 pm        
រូបភាព
​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានស្នើ​ឲ្យ​អា​ជីករ​ទាំងអស់ នៅ​ឆ្នេរ​អូរ​ឈើទាល ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ សាងសង់​តូប​ថ្មី តាម​គំរូ​ប្លង់ ដែល​គណៈកម្មាធិការ​ឆ្នេរ ផ្តល់ជូន​។

 
​លោក គួច ចំរើន និង មន្ត្រី​គណៈកម្មាធិការ​ឆ្នេរ បាន​ជួបប្រជុំ​ជាមួយ​អាជីវករ​៤៤​នាក់ ដែលមាន​តូប​លក់ដូរ នៅ​ឆ្នេរ​អូរ​ឈើទាល កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ជុំវិញ​គម្រោង​នៃ​ការសង់​តូប​ថ្មី​។ បើតាម​ការបង្ហាញ​រប​ស់​មន្ត្រី​គណៈកម្មាធិការ​ឆ្នេរ នៅក្នុង​កិច្ចប្រជុំ គំរូ​តូប​ថ្មី​នេះ មាន​ពីរ​ប្រភេទ គឺ​តូប​ទោល និង តូប​ភ្លោះ​។ 


គំរូថ្មី (រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ)
 
​លោក គួច ចំរើន ថ្លែងថា គណៈកម្មាធិការ​ឆ្នេរ បានរៀបចំ​គំរូ​ប្លង់​ថ្មី ដើម្បី​ឲ្យ​មាន​រចនាប័ទ្ម​ទាក់ទាញ​ភ្ញៀវទេសចរ​។ លោក​អភិបាលខេត្ត បន្តថា អាជីវករ ជា​អ្នក​សាងសង់​តូប ដោយ​ខ្លួនឯង ដោយមាន​ការសម្របសម្រួល​ពី​ម​ន្រី្ត​។ 
 
​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អាជីវករ​ទាំងនោះ បាន​ឯកភាព ចំពោះ​គម្រោង​ធ្វើ​តូប​ថ្មី​នេះ​។ ប៉ុន្តែ លោក បាន​អះអាងថា កន្លងមក​ធ្លាប់មាន​អាជីវករ​ខ្លះ សុំ​ពន្យារពេល​ក្នុង​ការសង់​តូប​ថ្មី ដោយសារ​មានបុណ្យ​ឈប់សម្រាក​ជាប់ៗ​គ្នា ដែល​ធ្វើ​ឲ្យ​ពិបាក​និង​គ្មាន​ពេល​គ្រប់គ្រាន់​។ 
 
​អ្នកនាំពាក្យ បញ្ជាក់​ដូច្នេះ​ថា​៖«​ម្ចាស់​តូប​អាច​សាងសង់​បាន​ចាប់ពីពេលនេះ​។ គម្រោង​នេះ ជា​គម្រោង​របស់​គណៈកម្មាធិកា​រ​ឆ្នេរ [​ដែល​តម្រូវ​ឲ្យ​] សាងសង់​តូប​ឡើងវិញ ដើម្បី​សោភ័ណភាព​ឆ្នេរ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​»៕

Tag:
 ឆ្នេរ​អូរ​ឈើទាល​
© រក្សាសិទ្ធិដោយ thmeythmey.com