ជាតិ
អត្ថបទពាណិជ្ជកម្ម
គោល​គំនិត​សំខាន់ៗ​ចំនួន ៣ សម្រាប់​ការកែលម្អ​ទីធ្លា​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​
17, Aug 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ជាទី​ក្រុង​ដែលមាន​ភាព​ចម្រុះ និង​សក្តានុពល ដែលមាន​ផ្តល់ជូន​សេវា​ម្ម យ៉ាងច្រើន​។ ទោះយ៉ាងណា​ក៏ដោយ ច្បាស់​ណាស់​ថា រាជធានី​មួយ​នេះ កំពុង​ខ្វះខាត​សួន និង​ទីធ្លា​សាធារណៈ​ផ្សេងទៀត​។​

​ក្នុង​ទីក្រុង មាន​តំបន់​មួយចំនួន​ប៉ុណ្ណោះ ដែល​មនុស្ស​អាច​ប្រមូលផ្តុំ និង​ទំនាក់ទំនង​សង្គម​បាន​។ ទាំងនេះ រួមមាន​ផ្លូវ​តាម​បណ្តោយ​មាត់ទន្លេ មហាវិថី​ព្រះ​សុរា​ម្រឹត និង​មហាវិថី​សហព័ន្ធរុស្ស៊ី​។ 
 
​កន្លែង​ទាំងនេះ​មាន​មនុស្ស​ច្រើន នៅពេលដែល​ព្រះអាទិត្យ​ចាប់ផ្តើម​លិច​។ មាន​ក្មេងៗ​មក​ដើរលេង ក្មេង​ជំទង់​ជិះ​ក្តារ​ស្គី​លេង រីឯ​មនុស្សពេញវ័យ​វិញ​ហាត់ប្រាណ ដោយ​ការលេង​វាយ​សី ឬ​រាំ​តាម​ចង្វាក់​រាំរែក​ជាដើម​។​
 
​ប្រជាប្រិយភាព​នៃ​តំបន់​ទាំងនេះ បង្ហាញថា ក្នុង​រាជធានី​ភ្នំពេញ មាន​តម្រូវការ​សួន និង​ទីធ្លា​សាធារណៈ​ខ្ពស់​។ មនុស្ស​ចង់​ចេញ​ក្រៅ ហើយ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​។ អាច​និយាយបានថា សួន​កុមារ និង​សួន​សាធារណៈ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ​របស់​សហ​គម​ន៍​ក្នុង​មូលដ្ឋាន​។ កន្លែង​ទាំងនោះ ជួយ​លើកកម្ពស់​ទាំង​សុខុមាលភាព​ផ្លូវចិត្ត និង​រាងកាយ​។​

​ទីធ្លា​សាធារណៈ ទៅជា​របស់​ឯកជន​
 
​ជាមួយនឹង​អត្ថប្រយោជន៍​ទាំងនេះ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន កំពុង​ដាក់បញ្ចូល​ទីធ្លា​រួម នៅក្នុង​ការ​រចនា​គម្រោង​របស់​ពួកគេ​។ ការអភិវឌ្ឍន៍​ដែល​ពេញនិយម​បំផុត នៅក្នុង​រាជធានី រួមមាន​ទីធ្លា​សម្រាប់​លក់រាយ និង​ផ្លា​ហ្សា​។​
 
​គេ​អាច​ឃើញ​មានដូចជា​គម្រោង Urban Village ដែល​បាន​បង្កើត​សួន​ធម្មជាតិ នៅក្នុង​នោះដែរ  រួមទាំង​សួន​កុមារ និង​កន្លែង​សកម្មភាព​នានា នៅក្នុង​បរិវេណ​គម្រោង​នេះ​។ ការដាក់​បន្ថែម​គំនិត​ថ្មី​នេះ ជាធម្មតា​មាន​និន្នាការ ផ្តោតលើ​សហគមន៍​រស់​នៅ​បែប​ធម្មជាតិ​។ គម្រោង​ដែលមាន​ភាព​ច្នៃប្រឌិត​ពិតប្រាកដ កំពុងផ្តល់​នូវ​ទីធ្លា​សាធារណៈ​អតិបរមា ដើម្បី​ធានាបាន​នូវ​លទ្ធផល​ល្អ​បំផុត​សម្រាប់​អ្នករស់នៅ និង​អាជីវកម្ម នៅក្នុង​គម្រោង​ទាំងមូល​។ 
 
​ទោះបី​មាន​ភាពខ្វះខាត​ទីធ្លា​សាធារណៈ​ក៏ដោយ ក៏​តំបន់​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​បោះជំហាន​ទៅមុខ ដើម្បី​រៀបចំ​ការអភិវឌ្ឍ​ទីក្រុង​។ ទីធ្លា​ទាំងនេះ កំពុង​បំពេញតម្រូវការ​សម្រាប់​ប្រជាជន ក្នុង​ការធ្វើទំនាក់ទំនង​សង្គម និង​ជួយ​បង្កើត​សហគមន៍ នៅក្នុង​ទីក្រុង​របស់​ពួកគេ​។ មិន​ត្រឹមតែ​ការអភិវឌ្ឍ​លំនៅដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ក៏បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ​។ ផ្សារ​ទំនើប​កំពុង​រីកចម្រើន ដោយ​បង្កើត​ទីធ្លា សាធារណៈ នៅជាប់​នឹង​ហាង​លក់រាយ​។ តំបន់​ចំនួន​ពីរ TK Avenue ទួលគោក និង​ផ្សារ​ទំនើប​ណូ​រ៉ូ ដែល​នឹង​បង្កើតឡើង​ឆាប់ៗ ក៏​ជា​ផ្នែក​មួយ​សំខាន់​ផងដែរ​។​
 
​យើង​គ្រប់គ្នា​បានដឹង​ពី​ទឹកជំនន់​ដ៏​ធំ ដែល​បាន​វាយប្រហារ​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ នៅ​ប្រទេសជិតខាង​វិញ ទីក្រុង​បាងកក ប្រទេស​ថៃ សួន​សាធារណៈ ជា​ឆ្អឹងខ្នង​នៃ​យុទ្ធសាស្ត្រ​ការពារ​ទឹកជំនន់​របស់​ពួកគេ​។ ការសិក្សា​បង្ហាញថា ដើមឈើ​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​កំដៅ នៃ​ទីក្រុង​បាន​ច្រើន និង​អាច​កាត់បន្ថយ​សីតុណ្ហភាព​ព័ទ្ធជុំវិញ​បាន​ដល់ ១៥ អង្សា​សេ​។​
 
​គោល​គំនិត​សំខាន់ៗ​ចំនួន​បី សម្រាប់​ការកែលម្អ​ទីធ្លា​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​
 
​ក្រុមហ៊ុន COLE  ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​ឌី​ហ្សា​ញ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ចាប់អារម្មណ៍​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ទីធ្លា​សាធារណៈ នៅក្នុង​ទីក្រុង​។ ជាមួយនឹង​បញ្ហា​ទាំងអស់​ខាងលើនេះ ក្រុមហ៊ុន COLE បាន​បំផុស​នូវ​គំនិត​ចំនួន​បី (​ប្លែក​គេ​បន្តិច​) សម្រាប់​បង្កើត​ទីធ្លា​បៃតង បន្ថែមទៀត​នៅក្នុង​រាជធានី​៖
១. ដាំ​ដើមឈើ​ជា​របង​វត្ត​


 
​សាក​ស្រមៃ​មើល បើ​យើង​រុះរបង​ជុំវិញ​វត្ត​សំខាន់ៗ​ទាំងនេះ​ចេញ ហើយ​ដាក់ជំនួស​មកវិញ​ដោយ​ដើមឈើ តើ​ល្អ​កម្រិតណា​? ការធ្វើ​បែបនេះ អាច​ផ្តល់​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​អង្គុយលេង និង​រីករាយ​ជាមួយ​ជីវិត​តាម​ដងផ្លូវ ដែលមាន​សភាព​អ៊ូអរ​។​


 
​សូម​ពិនិត្យមើល​ផែនទី​ខាងលើ ដែល​យើង​បាន​ដៅ​វត្ត​សំខាន់ៗ​មួយចំនួន នៅក្នុង​ទីក្រុង​។ ការដាំ​ដើមឈើ​ជា​របង​វត្ត តាម​សង្កាត់​ភាគច្រើន នាំ​ឲ្យ​មាន​ទីធ្លា​សាធារណៈ​ផ្ទាល់ខ្លួន​។​
 
២. បង្កើត​ផ្លូវ​ថ្មើរជើង​


 
​ផ្លូវ​លេខ ២៤០ នឹង​ក្លាយជា​តំបន់​អាទិភាព សម្រាប់​អ្នក​ថ្មើរជើង​។ អាចធ្វើ​ទៅបាន​ដោយ​បង្កើត​ផ្លូវ​ថ្មើរជើង​បៃតង រវាង​ព្រះបរមរាជវាំង និង​វិមានឯករាជ្យ​។ អ្នកទេសចរ និង​ភ្ញៀវ​ក្នុងស្រុក អាច​ឆ្លៀតឱកាស​ដើរ​លម្ហែ​បាន តាមផ្លូវ​សងខាង​នេះ​។​


 
៣. ការបង្កើត​តំបន់​រួម​សម្រាប់​ស្ថានទូត​


 
​ការបង្កើត​តំបន់​ថ្មី​សម្រាប់​ស្ថានទូត នឹង​ជួយ​រំដោះ​ដី​សំខាន់ៗ ដែលមាន​ទេសភាព​ស្រាប់​។ ការធ្វើ​បែបនេះ អាច​បន្ថែម​ទាំង​សួន​តូចៗ និង​សួន​ទីតាំងនៅ​កណ្តាល​ក្រុង​ធំៗ សម្រាប់​អ្នករស់នៅ​ភ្នំពេញ​ទាំងអស់ ទទួលបាន​ភាព​រីករាយ​។​
 
​គុណប្រយោជន៍​មួយទៀត នៃ​ការបង្កើត​តំបន់​ថ្មី​សម្រាប់​ស្ថានទូត គឺ​ការធ្វើឱ្យមាន​ភាពស្រស់ថ្លា​ឡើងវិញ នៃ​តំបន់​ដាច់ស្រយាល​មួយ​នៃ​ទីក្រុង ដែល​នឹង​នាំឱ្យមាន​មនុស្ស​កាន់តែច្រើន ហើយ​អាជីវកម្ម​នៅ​ទីនោះ នឹង​រីកចម្រើន​ផងដែរ​៕ 
 
 
​អត្ថបទ​ពាណិជ្ជកម្ម​
 

© រក្សាសិទ្ធិដោយ thmeythmey.com