​អ្នកនាំពាក្យ​ប៉ូលិស​៖ ផែន​ការចាប់​អ្នកប្រឆាំង យើង​រៀបចំ​រួចហើយ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អ្នកនាំពាក្យ​ប៉ូលិស​៖ ផែន​ការចាប់​អ្នកប្រឆាំង យើង​រៀបចំ​រួចហើយ
17, Aug 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អះអាង​ជាថ្មី​ថា ផែនការ​នៃ​ការដាក់​កម្លាំងប្រដាប់អាវុធ​ទាំង​ខាង​នគរបាល និង កងទ័ព រួមទាំង​កម្លាំង​ផ្នែក​អន្តោប្រវេសន៍ ដែល​ឈរជើង​នៅតាម​ច្រកព្រំដែន​នានា ត្រូវ​បានរៀបចំ​រួចរាល់​ហើយ ដើម្បី​ចាប់​លោក សម រង្ស៊ី និង​បក្ស​ពួកគេ ប្រសិនបើ​ពួកគេ វិល​មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដូច​ការប្រកាស​មែន​។



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា​នេះ លោក ឆាយ គឹម​ខឿន លើកឡើងថា ការចាប់​ក្រុម​អ្នកប្រឆាំង​នេះ គឺជា​ការ​អនុវត្តតាម​ដីកា​របស់​តុលាការ​។ ប៉ុន្តែ លោក បញ្ជាក់ថា អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​ដីកា នឹងមិន​ត្រូវ​ចាប់ខ្លួន​ឡើយ​។ 
 
​អ្នកនាំពាក្យ​នគរបាល​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ផែនការ គឺ​យើង​មាន​ហើយ សម្រាប់​ពួកនេះ​។ ឲ្យ​តែ​មក មក​តាម​ណាក៏ដោយ តាមផ្លូវ​គោក ផ្លូវទឹក ឬ​ផ្លូវអាកាស​.....»​។ 
 
​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បើក​កិច្ចប្រជុំ​រួមគ្នា ស្តីពី​ការត្រៀម​កម្លាំង ដើម្បី​ចាប់​អ្នកប្រឆាំង ពេល​ពួកគេ​ធ្វើ​មាតុភូមិ​និវត្ត​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា រង់ចាំ​មើលថា លោក សម  រង្ស៊ី  និង បក្សពួក ពិតជា​ហ៊ាន​មក​កម្ពុជា​មែន​ឬក៏​អត់​។ លោក សរសេរ​ទៅកាន់​អ្នកកាសែត ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៧ ខែសីហា​នេះ ដូច្នេះ​ថា​៖«​បើ​មក​មែន​គឺ មក​ជាប់​ខ្នោះ   បើ​មិន​មក​ទេ គឺជា​មនុស្ស​មហា​កំសាក​»​។​
 
​លោក សម  រង្ស៊ី  មានជំនឿថា វត្តមាន​របស់លោក នឹងធ្វើ​ឲ្យ​កម្ពុជា​មានការ​ផ្លាស់ប្តូរ និង​ដំណោះស្រាយ​នយោបាយ ហើយក៏​អាច​ទប់ស្កាត់​ទណ្ឌកម្ម​របស់​អន្តរជាតិ​ផងដែរ​។ លោក ប្រកាស​កន្លងមក​ថា ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តា​ប្រទេស​នានា នឹង​មកជា​មួយ​លោក ហើយ​ពលរដ្ឋ​ក្នុងស្រុក ត្រៀម​ទទួល​។ លើសពីនេះ លោក ថែមទាំង​អះអាងថា មាន​អ្នកនយោបាយ​បរទេស យល់ព្រម​មកជា​មួយលោក​ទៀតផង​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កន្លងមក​ថា «​គុក​និង​ខ្នោះ​» ត្រៀម​សម្រាប់​លោក សម រង្ស៊ី  រួចហើយ​។ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​បញ្ជាក់ថា ជនបរទេស​ដែល​ពុំមាន​ទិដ្ឋាការ នឹងមិន​អនុញ្ញាត​ឲ្យ​ចូល​កម្ពុជា​ឡើយ​។ 
 
​គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍​នៃ​អតីត​គណបក្សប្រឆាំង បាន​បើក​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស នៅ​ថ្ងៃទី​១៦ ខែសីហា ហើយក៏​កំណត់​ជា​ផ្លូវការ​ថា ពួកគេ នឹង​មក​កម្ពុជា នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​។ លោក អេង ឆៃអ៊ាង អនុប្រធាន​នៃ​អតីត​គណបក្សប្រឆាំង បញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ VOA ថា អតីត​គណបក្សប្រឆាំង ពិតជា​បានកំណត់​គម្រោង​ធ្វើ​មាតុភូមិ​និវត្ត​នេះ​មែន​។ យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ខ្លះ ហាក់​មិនទាន់​ជឿ​នៅឡើយ​ទេ ថា​អ្នកប្រឆាំង នឹង​ហ៊ាន​ចូល​ស្រុក​ដូច​ការប្រកាស​៕ 

អត្ថបទទាក់ទង

Tag:
 CNRP
  ឆាយ គឹម​ខឿន
© រក្សាសិទ្ធិដោយ thmeythmey.com