កីឡាជាតិ
ជាតិ
ណាហ្គា​រំពឹង​យកឈ្នះ​អគ្គិសនី​ឡើងទៅ​លេខ​២ ខណៈ​ទ័ព និង​គីរីវង់​ជួប​គូប្រកួត​នៅក្រៅ​ទឹកដី​
17, Aug 2019 , 12:59 pm        
រូបភាព
សកម្មភាពប្រកួតពេលណាហ្គាវើលស្មើ ២-២ ជាមួយភ្នំពេញក្រោននៅកីឡដ្ឋាន RSN
សកម្មភាពប្រកួតពេលណាហ្គាវើលស្មើ ២-២ ជាមួយភ្នំពេញក្រោននៅកីឡដ្ឋាន RSN
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២០ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ណាហ្គា​វើ​ល​ប៉ះ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ក្រោយ​ក្រសួងការពារជាតិ​(​ទ័ព​)​ទៅ​ជួប​ម្ចាស់ផ្ទះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ខណៈ​សូល​ទី​ឡូ​អង្គរ​ស្វាគមន៍​គី​រី​សុខ​សែន​ជ័យ​នៅ​សៀមរាប​។

 
​ក្រោយ​ធ្លាក់​ចំណាត់ថ្នាក់​មួយ​លេខ​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ស្មើ ២-២ ជាមួយ​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល​រំពឹង​អាច​យកឈ្នះ​អគ្គិសនី​កម្ពុជា​នៅ​ល្ងាច​នេះ ដើម្បី​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៤១​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​ឈរ​លេខ​រៀង​ទី​១២​មាន​១៦​ពិន្ទុ​។ ការប្រកួត​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​វេលា​ម៉ោង​៦​ល្ងាច​។ កាល​ជើង​ទី​១​ណាហ្គា​វើ​ល​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៣-០​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ក្រុម​សូល​ទី​ឡូ​អង្គរ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប ស្វាគមន៍​ភ្ញៀវ​មកពី​ខេត្តតាកែវ គីរីវង់​សុខ​សែន​ជ័យ ដើម្បី​ដណ្តើម​ទៅ​ឈរ​លេខ​រៀង​ទី​៨​បណ្តោះអាសន្ន​។ នេះ​ជា​ឱកាស​សម្រាប់​គីរីវង់​សុខ​សែន​ជ័យ ដើម្បី​សងសឹក​សូល​ទី​ឡូ​អង្គរ ដែល​បាន​យកឈ្នះ​ពួកគេ ១-០ នៅ​ជើង​ទី​១​។ បច្ចុប្បន្ន​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​៩​មាន​២២​ពិន្ទុ ខណៈ​គីរីវង់​សុខ​សែន​ជ័យ​ឈរ​លេខ​រៀង​ទី​១០​មាន​២១​ពិន្ទុ​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ត្រូវ​ស្វាគមន៍​ក្រសួងការពារជាតិ​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​។ កាល​ជើង​ទី​១​ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​៣២​ពិន្ទុ ទ័ព បាន​យកឈ្នះ​ក​ក្រុម​ស្ថិតនៅ​បាត​តារាង U18 បាទី​ក្នុង​លទ្ធផល ៤-៣៕  
 

Tag:
 បាល់ទាត់​
  Cambodian League 2019
  ណាហ្គា​វើ​ល​
  ទ័ព​
  គីរីវង់​សុខ​សែន​ជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com