ជាតិ
សេចក្ដីប្រកាស​ព័ត៌មាន​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) ឆ្លើយតប​នឹង​របាយការណ៍​ដែលមាន​ចំណងជើង​«​ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​បញ្ចាំ​»
17, Aug 2019 , 1:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​,​ថ្ងៃទី​៧​ខែសីហា​៖ របាយការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ ដោយ​អង្គការសិទ្ធិមនុស្ស លីកាដូ និង​សមាគម​ធាងត្នោត ដែលមាន​ចំណងជើង​ថា «​ការធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​បញ្ចាំ​» នៅ​ថ្ងៃ​ពុធ ទី​៧ ខែសីហា ឆ្នាំ​២០១៩ មិន​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះទេ និង​ហើយ​របាយការណ៍​នេះ​ផ្តោត​តែ​ទៅលើ​គុណវិបត្តិ ដើម្បី​បង្កើត​ឲ្យ​មាន​រូប​ភាពជា​អវិជ្ជមាន​ដែល​គ្មាន​ភាពប្រាកដនិយម​ទៅលើ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ នេះ​បើ​យោងទៅតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ទទួលស្គាល់​នៅ​កម្ពុជា​។

 
​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា ស្របពេល​ការសិក្សា​ផ្សេងៗ​ត្រូវបាន​ធ្វើឡើង​តែ​លើ​២៨​ករណី ក្នុងចំណោម​អ្នក​ខ្ចីប្រាក់​ច្រើនជាង​២​លាន​នាក់ នៅក្នុង​សៀវភៅ​កំណត់ត្រា​នាពេល​បច្ចុប្បន្ន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា របាយការណ៍​នេះ មិន​បង្ហាញ​ពី​ភាពជាក់ស្តែង​ទៅលើ​រូបភាព​ទាំងស្រុង​លើ​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​ឡើយ ផ្ទុយទៅវិញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​បង្កើន​កម្រិត​នៃ​ការជួយ​ផ្តល់ទុន​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ​។ 


 
​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានកត់សម្គាល់​ឃើញថា ភាគី​ពាក់ព័ន្ធ​លើ​ការសរសេរ និង​រៀបចំ​របាយការណ៍​នេះ បានដឹង​យ៉ាងច្បាស់​ថា ពួកគេ​បានជ្រើសរើស​យក​គំរូ​មក​សិក្សា​ត្រឹមតែ​២៨​ករណី​ប៉ុណ្ណោះ ដោយមាន​មូលដ្ឋាន​តែ​ទៅលើ​លទ្ធផល​ជា​អវិជ្ជមាន​ពី​កម្ចី​មីក្រូហិរញ្ញវត្ថុ​។ ការធ្វើ​បែបនេះ គឺជា​ការបង្ហាញ​ពី​រូប​ភាពមិន​ត្រឹមត្រូវ​មួយ និង​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​ទៅលើ​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ     ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​។  សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (​ស​.​ម​.​ក​) បាន​បញ្ជាក់ថា របាយការណ៍​ដដែល​នេះ បង្ហាញថា 
«​ការស្រាវជ្រាវ​នេះ មិនត្រូវ​បានចាត់ទុក​ថា ជា​តួលេខ​តំណាង​ឲ្យ​កម្ពុជា ឬ​អតិថិជន​ទាំងអស់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឡើយ​»    ក៏ប៉ុន្តែ របាយការណ៍​នេះ និង​ការស្រាវជ្រាវ​តែមួយ​ផ្នែក​របស់​អង្គភាព​ទាំង​២​តាម​វិធី​បែបនេះ ត្រូវបាន​ចាត់ទុកថា​ជាការ​បង្ខូច​កេ​រិ៍្ត​ឈ្មោះ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​យ៉ាងពិត​ប្រាកដ​។ 
 
​លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មានប្រសាសន៍ថា​៖ «​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មានការ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​របាយការណ៍​ណាមួយ​ដែល​មិនមាន​ភាព​ពិតប្រាកដ និង​មួលបង្កាច់​ទៅលើ​ការអនុវត្ត​ការផ្តល់​ប្រាក់កម្ចី ហើយ​សមាគម​នឹងធ្វើ​ការ​ជាមួយនឹង​សមាជិក​របស់​យើង​ដើម្បី​ស៊ើបអង្កេត​ទៅលើ​ការសិក្សា​ផ្សេងៗ​លើ​ករណី ដែល​ត្រូវ​បានបង្ហាញ​ក្នុង​របាយការណ៍​នេះ​។ ក៏ប៉ុន្តែ សមាគម​ពិតជា​មានការ​សោកស្តាយ​ណាស់​ដែល​របាយការណ៍​នេះ ផ្តោត​តែ​ទៅលើ​គំរូ​តូច​មួយ​នៃ​អ្នក​ខ្ចីប្រាក់​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហើយ​សមាគម​ក៏មាន​ការសោកស្តាយ​ផងដែរ​ថា មិនមាន​សមាជិក​ណា​ម្នាក់​របស់​យើង ឬក៏​សមាគម​ផ្ទាល់ ត្រូវបាន​ទាក់ទង​ដោយ​អ្នកសរសេរ​របាយការណ៍​នេះ អំឡុងពេល​នៃ​ការបំពេញ​ការងារ​រប​ស់​ពួកគេ​»​។ 
 
​លោក គា បូរាណ បាន​មានប្រសាសន៍​បន្ថែមថា​៖ «​យើង​មិនទាន់បាន​ត្រួតពិនិត្យ​របាយការណ៍​នេះ​ទាំងស្រុង​នៅឡើយ​ទេ ដោយសា​តែ​របាយការណ៍​នេះ ទើបតែ​ត្រូវបាន​ចេញផ្សាយ​នៅថ្ងៃនេះ ប៉ុន្តែ យើង​មានការ​យកចិត្តទុកដាក់​ជាខ្លាំង​ទៅ​ការ​ពិពណ៌នា​ដែល​មិន​ត្រឹមត្រូវ ឬ​អវិជ្ជមាន​ទៅលើ​កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា      ខណៈដែល​សមាជិក​រប​ស់​យើង​ត្រូវបាន​តម្រូវ​ឲ្យ​អនុវត្តតាម​នីតិវិធី​ជាច្រើន​ទាក់ទង​នឹង​ការកាត់បន្ថយ និង​ការវិភាគ​យ៉ាង​តឹងរ៉ឹង​បំផុត​លើ​ហានិភ័យ​ដែល​ប្រឈមមុខ ក៏ដូចជា​វិធីសាស្ត្រ​លើ​ការការពារ​អតិថិជន​យ៉ាង​ម៉ត់ចត់​បំផុត នៅ​ទីផ្សារ​មីក្រូហិរញ្ញវត្ថុ​ធំៗ​នានា នៅក្នុង​ពិភពលោក​ដែល​កំពុងតែ​អភិវឌ្ឍ​»​។ 
 
​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្តីណែនាំ​លើ​ផ្តល់​កម្ចី​ដ៏​តឹងរ៉ឹង​របស់​សមាគម​នេះ​កាលពី​ឆ្នាំមុន ខណៈដែល​សេចក្តីណែនាំ​នេះ មាន​លក្ខខណ្ឌ​លើ​ការទប់ស្កាត់​ការជាប់​បំណុល​វណ្ឌ​ករ តឹងរ៉ឹង​ជាង​បទបញ្ញត្តិ​ដែល​គ្រប់គ្រង​វិស័យ​ធនាគារពាណិជ្ជ​កម្ម​រប​ស់​កម្ពុជា និង​ទីផ្សារ​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​ទូទាំង​ពិភពលោក​ទៅទៀត ទៀតផង​។​
 
​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ហិរញ្ញវត្ថុ​ចំនួន​៦​ក្នុងចំណោម​គ្រឹះស្ថាន​ទទួលយក​ប្រាក់​បញ្ញើ​ហិរញ្ញវត្ថុ​ធំៗ​ទាំងអស់​របស់​កម្ពុជា ក៏​ទទួលបាន​វិ​ញ្ញា​ប័ណ្ណ​ប័ត្រ​ពី Smart Campaign ដែលជា​កម្មវិធី​ផ្តល់​វិ​ញ្ញា​ប័ណ្ណ​ប័ត្រ ជា​សកល​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដោយ​តម្រូវ​ឲ្យ​ស្ថាប័ន​ទាំងនេះ អនុវត្ត​គោល​ការ​ណ៏​ការពារ​អតិថិជន ដ៏​តឹងរ៉ឹង ហើយ​មាន​គោលបំណង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជាប់​បំណុល​វណ្ណ​ករ ក៏ដូចជា​បង្ហាញ​ពី​ការប្រព្រឹត្ត​ដ៏​យុត្តិធម៌ និង​ប្រកបដោយ​ការគោរព​ទៅកាន់​អតិថិជន​របស់ខ្លួន​។ 
 
​លោក គា បូរាណ បាន​បញ្ជាក់ថា​៖ «​បើ​យោងទៅតាម​ទិន្នន័យ​របស់​ធនាគារពិភពលោក វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​លើ​ទៅ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​បាន​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ភាព​ក្រី​ក្រី​ពី ៤៧% នៃ​អត្រា​ប្រជាជន​សរុប​ក្នុង​ឆ្នាំ​២០០៧ មក​នៅត្រឹម ១៣,៥% នៃ​អត្រា​ប្រជាជន ក្នុង​ឆ្នាំ​២០១៤»​។ 
 
​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​ក​ម្ពុ​ជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ក្លាយ​វ័​ស័​យ​គំរូ​មួយ​ក្នុងចំណោម​វ័​ស័​យ​គំរូ​ដ៏​ជោគជ័យ​បំផុត​សម្រាប់​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក និង​ត្រូវបាន​ចាត់ទុក​យ៉ាង​ទូលំទូលាយ​ថា ជា​ករណី​សិក្សា​ស្រាវជ្រាវ​ជា​វិជ្ជមាន​មួយ​ទៅលើ​កម្រិត​នៃ​ភាពងាយស្រួល​ដែល​មីក្រូហិរញ្ញវត្ថុ ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ក្រីក្រ ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។ 
 
​ការកំណត់​ចំណាំ​គោលនយោបាយ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​របស់​ធនាគារពិភពលោក ដែល​ត្រូវបាន​ចេញផ្សាយ កាលពី​ខែតុលា ឆ្នាំ​២០១៨ បង្ហាញថា «​កំណើន​ក្នុង​កម្ចី​ខ្នាតតូច (​មីក្រូ​ក្រេ​ឌី​ត​) កំពុង​តែមាន​ឥទ្ធិពល​សុខុមាលភាព និង​ហិរញ្ញវត្ថុ​ជា​វិជ្ជមាន​សម្រាប់​ក្រុមគ្រួសារ​នានា នៅ​កម្ពុជា​។ ការពង្រីក​ខ្លួន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​បង្កើត​ឲ្យ​មានលទ្ធភាព​សម្រាប់​អ្នក​ខ្ចី ក្នុងការ​ផ្លាស់ប្តូរ​ប្រភព​កម្ចី​មិន​ផ្លូវការ​ឲ្យ​ទៅជា​ប្រភព​កម្ចី​ផ្លូវការ ជាពិសេស​ក្នុង​គ្រួសារ​ក្រីក្រ​»​។ 
 
​ការកំណត់​ចំណាំ​គោលនយោបាយ​របស់​ធនា​គារ​ពិភពលោក ក៏​បង្ហាញ​ពី​ឲ្យ​ឃើញ​ផងដែរ​ថា ភាពងាយស្រួល​ទៅលើ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ      បាន​កាត់បន្ថយ​ជាពិសេស​ទៅលើ​ការខ្ចី​មិន​ផ្លូវការ​របស់​ពល​ដ្ឋ​កម្ពុជា 
​ខណៈដែល​ចំនួន​អ្នក​ខ្ចី ដែល​ប្រើប្រាស់​ប្រភព​កម្ចី​មិន​ផ្លូវការ បាន​ធ្លាក់ចុះ​ពី ៣២% ក្នុង​ឆ្នាំ​២០០៤ មក​នៅត្រឹម ៦% ក្នុង​ឆ្នាំ​២០១៤​។ 
 
​របាយការណ៍​នេះ បង្ហាញ​ពី​អត្ថប្រយោជន៍​ជាច្រើន​ដែល​កម្ចី​ខ្នាតតូច អាចមាន​សម្រាប់​អ្នក​ខ្ចី​។ ការកត់សម្គាល់​គោលនយោបាយ​នេះ បាន​បញ្ជាក់ថា​៖      «​ភាពងាយស្រួល​លើក​ម្ចី បាន​បង្កើន​ឱកាស​របស់​គ្រួសារ​ក្នុងការ​បង្កើត​មុខរបរ លក្ខ​ខណៈ​គ្រួសារ រហូតដល់​ទៅ ៤% បើ​ប្រៀបធៀប​ទៅនឹង​ក្រុមគ្រួសារ​ស្រដៀង​គ្នា ដែល​មិនមាន​កម្ចី កាលពី​ឆ្នាំ​២០១៦​។ ភាពស្រដៀងគ្នា​នេះ​ផងដែរ ក្រុមគ្រួសារ​ដែលមាន​ក​ម្ចី បាន​ចំណាយ​ច្រើនជាង ៥% ទៅលើ​ការងារ​កសិកម្ម បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែល​គ្មាន​កម្ចី​។ ភ័ស្តុតាង​ទាំងនេះ បង្ហាញថា កម្ចី​ខ្នាតតូច បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សកម្មភាព​សហគ្រិន ការធ្វើ​កសិកម្ម​បែប​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​កម្រិតជីវភាព​ជាទូទៅរ​បស់​ពលរដ្ឋ​ក្រីក្រ កាន់​តែមាន​ភាពល្អប្រសើ​រ​ជាង​មុន​»​។ 
 
​បើទោះបី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ទទួលស្គាល់ថា អត្រា​នៃ​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង​ក្នុង​រយៈពេល​៣ ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ប៉ុន្តែ សមាគម​នេះ ក៏បាន​កត់សម្គាល់ឃើញ​ផងដែរ​ថា អត្រា​នៃ​ការដាក់​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ហិរញ្ញវត្ថុ បាន​កើនឡើង ៣៩% ស្រប​ពេលដែល​អត្រា​កម្ចី បាន​កើនឡើង​ត្រឹមតែ ៣២% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨​។ 
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ នៅ​កម្ពុជា ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ទទួលយក​ប្រាក់​បញ្ញើ​ពី​អតិថិជន ក៏ដូចជា ផ្តល់​កម្ចី​ទៅ​ឲ្យ​អតិថិជន​។ 
 
​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​កត់សម្គាល់​បន្ថែ​ម​ទៀតថា ការប្រៀបធៀប​របស់រ​បាយ​ការណ៍​នេះ ទៅលើ​ទំហំ​កម្ចី​ជា​មធ្យម​ធៀប​ទៅនឹង​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ពលរដ្ឋ​ម្នាក់ បាន​បង្កើត​ឲ្យ​មាន​ការយល់​ខុសគ្នា ខណៈដែល​កម្ចី​ធំៗ​របស់​មីក្រូហិរញ្ញវត្ថុ​ជាច្រើន ដែល​បានធ្វើ​ឲ្យ​ចំនួន​នៃ​ទំហំ​កម្ចី​ជា​មធ្យម​កើនឡើង​នោះ ត្រូវបានធ្វើ​ឡើងទៅ​លើស​ហ​គ្រាស​ខ្នាតតូច និង​មធ្យម មិនមែនជា​កម្ចី​បុគ្គល​ឡើយ​។ 
 
​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបញ្ជាក់​បន្ថែមថា កម្ចី​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន សម្រាប់​បុគ្គល​ឯកជន​នីមួយៗ មាន​ចំនួន​ទឹកប្រាក់​ក្រោម ១០០០​ដុល្លារ​អាមេរិក និង​ជា​ឥណទាន​ដែល​គ្មាន​ដាក់​ទ្រព្យ​ធានា ដើម្បី​ទទួលបាន​ប្រាក់កម្ចី​នោះឡើយ​៕ 
 
 
​ទំនាក់ទំនង​ព័ត៌មាន​តាមរយៈ​អ៊ី​ម៉ែ​ល​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com