ជាតិ
សមត្ថកិច្ច​បិទ​កន្លែង​លក់​ឱសថ និង​ព្យាបាល​គ្មាន​ច្បាប់​២​ទីតាំង របស់​ជនជាតិ​ចិន​នៅ​ក្រុង​បាវិត
17, Aug 2019 , 5:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តស្វាយរៀង
រូបភាពពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តស្វាយរៀង
​អាជ្ញាធរខេត្ត​ស្វាយរៀង បាន​ចុះ​បិទ​ទីតាំង​លក់​ឱសថ និង​ព្យាបាល ពីរ​កន្លែង នៅ​ក្រុង​បាវិត ដែល គ្មាន​ច្បាប់​អនុញ្ញាត និង​ចែកចាយ​ឱសថ​គ្មាន​ចុះ​បញ្ជិកា​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៤​សីហា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​អភិបាលខេត្ត​ស្វាយរៀង ដែលជា​ប្រធាន​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត​ផង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​។

 
​ក្រុម​ជំនាញ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ បាន​ពិនិត្យ និង​រកឃើញ​ទីតាំង​សម្រាក​ព្យាបាល​នៅ​ផ្សារ​បាវិត ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន​។   បើតាម​ប្រភព​ដដែល កន្លងមក​បានបញ្ជាក់​ថា កន្លែង​សម្រាក​ព្យាបាល​នេះ កម្លាំង​ជំនាញ​ធ្លាប់​ចុះ​ពិនិត្យ​ទីតាំង​នេះ ៣​លើក​រួចមកហើយ ប៉ុន្តែ​នៅតែ​បន្តសកម្មភាព​។ នៅ​ទីតាំង​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ និង​ឱសថ​មួយចំនួន ក្នុងនោះ​មាន​ឱសថ​៣​កេស​ផលិត​នៅ​ប្រទេស​ចិន និង​គ្មាន​ចុះ​បញ្ជិកា​។ 
 
​ចំណែក​ទីតាំង​មួយទៀត ដែល​អាជ្ញាធរ​បាន​បិទ​ដែរនោះ គឺ​ស្ថិតក្នុង​កាស៊ីណូ​ម៉ា​កាវ និង​ក៏មាន​ម្ចាស់ ជា​ជន​ជាតិចិន​ដែរ​។ បើតាម​កម្លាំង​ជំនាញ ក្នុង​ប្រតិបត្តិការ​នេះ អាជ្ញាធរ​បាន​ដកហូត​សម្ភារ​មួយចំនួន និង​ឱសថ​ចំនួន​២៣​កេស ដែល​ផលិត​នៅ​ប្រទេស​ចិន និង​គ្មាន​ច្បាប់​អនុញ្ញាត​៕
 
 

Tag:
 ខេត្តស្វាយរៀង​
  ឱសថស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com