ជាតិ
អ្នកស្រី ម៉ុក ចាន់​មាលី អ្នកនិពន្ធ​បទ «​ស្នេហ៍​ក្រោម​ម្លប់ជ្រៃ​» «​ខ្ញុំ​មិន​សុខចិត្ត​ទេ​» ទទួលមរណភាព​
17, Aug 2019 , 6:59 pm        
រូបភាព
​នា​អំឡុង​ទសវត្សរ៍​៧០ អ្នកនិពន្ធ​ទំនុកច្រៀង​ជា​ស្ត្រី មិនសូវ​សម្បូរ​នោះឡើយ​។ អ្នកស្រី ម៉ុក ចាន់​មាលី ស្ថិតក្នុង​ចំណោម​ធនធានមនុស្ស​ដ៏​កម្រ​ទាំងនោះ ដោយ​អ្នកស្រី​មាន​ស្វាមី គឺ លោក យិន ឌី​កាន ដែលជា​អ្នកនិពន្ធ​បទ​ភ្លេង​ល្បីល្បាញ​ម្នាក់​ផងដែរ​។ អ្នកស្រី ម៉ុក ចាន់​មាលី បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​សហរដ្ឋអាមេរិក ក្នុង​អាយុ​៧២​ឆ្នាំ​។​



​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​របស់​អ្នកស្រី ម៉ុក ចាន់​មាលី មានដូចជា​បទ ស្នេហ៍​ក្រោម​ម្លប់ជ្រៃ​, ខ្ញុំ​មិន​សុខចិត្ត​ទេ​, ក្អែក​ហើរ​កាត់​ស្ទឹង​, បង​ចេះតែ​ទ្វី​ស​, ល្ងង់​តែ​ឆា​ច់​ឆា​ច់​ឆា​, ឮ​គេ​ថា​បង​មក​, ស្ដាយ​ក្លិន​ដែល​ឃ្លាត ឬ (​ភ្នំ​ក្រាំង​ដី​មាស​), បុប្ផា​មាសស្នេហ៍ ឬ (​រសៀលគងភ្នំ​), អនុស្សាវរីយ៍​ស្ទឹង​ស្រះ​អង្កាម​, សួររក​ប្រាក់ខែ​, សង​ឈាម​ជួស​បង​, ញញឹម​!​ញញឹម​, ស្នេហ៍​បាត់​សម្រស់​, ក​ម្លោះ​ឡាន​ក្រហម ជាដើម​។​

បទស្នេហ៍ក្រោមម្លប់ជ្រៃ





 
​តាម​ឯកសារ ស្នាដៃ​ភាគច្រើន មានការ​ចូលរួម​និពន្ធ​បទ​ភ្លេង​ពី​សំណាក់ លោក យិន ឌី​កាន ដែលជា​ស្វាមី​របស់​អ្នកស្រី​ផ្ទាល់​។ មិនមាន​ឯកសារ​ច្រើន​នោះឡើយ ទាក់ទង​នឹង​ប្រវត្តិ​សិល្បករ​ខ្មែរ កាលពីមុន​សង្គ្រាម ប៉ុន្តែ​គេ​អាច​ឃើញ​ស្នាដៃ​ទាំងនោះ តាមរយៈ​ឌី​ស​ចម្រៀង និង​ឯកសារ​ស្រាវជ្រាវ​មួយចំនួន​។ 
 
​ប្រវត្តិ​របស់​អ្នកស្រី ម៉ុក ចាន់​មាលី ដែល​សារព័ត៌មាន ThmeyThmey បានឃើញ​នោះ គឺ​ភាគច្រើន​ផ្អែកទៅលើ​ការស្រាវជ្រាវ​របស់លោក សេង តារា អ្នកស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​-​ការិនី​។​
 
​បើតាម​ឯកសារ​ស្រាវជ្រាវ​របស់លោក សេង តារា អ្នកស្រី ម៉ុក ចាន់​មាលី កើត​នៅ​ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង និង​ជា​កូន​ទី​៣​ក្នុងចំណោម​បងប្អូន​១០​នាក់ ដោយមាន​ឪពុកម្តាយ​សុទ្ធតែជា​គ្រូបង្រៀន​។​
 
​អ្នកស្រី​បាន​ចូលរៀន​ជំនាញ​ល្ខោននិយាយ​សម្តែង​លើ​ឆាក នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ ក្រុងភ្នំពេញ ដោយ​គ្រូ​បណ្តុះបណ្តាល ដូចជា លោក ហង់ ធុន​ហាក់ លោក មាស គក  និង​លោក ឆេង ផុន ជាដើម​។ 
 
​នៅ​ឆ្នាំ​១៩៦៨ អ្នកស្រី បាន​ក្លាយជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​សិល្បៈ​ផ្ទាល់ ហើយក៏​បន្ត​ធ្វើជា​អ្នក​សំដែង​ល្ខោននិយាយ​ផងដែរ​។ អ្នកស្រី​រួមទាំង​សិល្បករ​នៅក្នុង​សាលា បាន​ចេញទៅ​សម្ដែង​នៅ​ស្ទើរតែ​ទូទាំងប្រទេស​។ 
 
​អ្នកស្រី ម៉ុក ចាន់​មាលី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក យិន ឌី​កាន នៅ​ដើមឆ្នាំ​១៩៧០ ខណៈ​ប្រទេស​កំពុង​កើត​កល​យុគ​។ ចំណង​ស្នេហ៍​នេះហើយ ដែលនាំឱ្យ​អ្នកស្រី ចាប់ផ្ដើម​និពន្ធ​ទំនុកច្រៀង​។ 
 
​ចម្រៀង​ដែល​អ្នកស្រី​បាន​និពន្ធ​ដំបូង​គេ​មាន​ចំណងជើង​ថា “​សង​ឈាម​ជួស​បង​” ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា ផ្សាយ​តាម​វិទ្យុជាតិ នៅ​ឆ្នាំ​១៩៧០ ជា​ចម្រៀង​ស្នេហា​ជាតិ រៀបរាប់​ពី​ជីវិត​នៅ​ដើម​សម័យ​លុន​ណុល​។ 
 
​នៅក្នុង​ឆ្នាំ​១៩៧៣​អ្នកស្រី​និពន្ធ​ទំនុកច្រៀង​បាន​ច្រើន ដោយ​ថត​ជា​កាសែត​បែប​អាជីវកម្ម​។ ហើយ​ក្នុង​ឆ្នាំ​ដដែល​នេះ បទ​ចម្រៀង​ដំបូង​ដែល​អ្នកស្រី​និពន្ធ​ដើម្បី​ថត​ដាក់​ឌី​សលក់​មាន​ចំណងជើង​ថា “​អនុស្សាវរីយ៍​ភ្នំ​ក្រាំង​ដី​មាស​” ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត ថត​ដាក់បញ្ចូល​ក្នុង​កាសែត​ទ្វី​ទ្វី​ខ្ញុំ​ជាមួយ​ស្នាដៃ​របស់លោក ឯល ប៊ុន​ណា លោក អ៊ុំ ដ​រា និង​លោក ស៊ូ ឆន ជាដើម​។​
 
​លុះដល់​ដើមឆ្នាំ​១៩៧៥ អ្នកស្រី​រួមទាំង​ស្វាមី​បាន​និពន្ធ​ចម្រៀង​រួមគ្នា​ដោយ​ថត​បាន​២​កាសែត​។ ទី​១​គឺ​កាសែត “​ក​ម្លោះ​ឡាន​ក្រហម​” និង​ទី​២​គឺ​កាសែត “​បុប្ផា​មាសស្នេហ៍​” ដោយ​ចេញផ្សាយ​ដោយ​ហាង​កាសែត​ពពក​ស នៅ​ដើមឆ្នាំ​១៩៧៥​។ 
 
​បើតាម​លោក សេង តារា ស្នាដៃ​និពន្ធ​ទំនុកច្រៀង​របស់​អ្នកស្រី សុទ្ធតែ​លោក យិន ឌី​កាន ស្វាមី​របស់​អ្នកស្រី ជា​អ្នកនិពន្ធ​បទ​ភ្លេង​និង​សម្រួល​តន្ត្រី​ទាំងអស់ លើកលែងតែ​បទ “​ស្ដាយ​ស្នេហ៍​អ​ឌិ​ត​” មួយ​បទ​ប៉ុណ្ណោះ ដែលមាន​លោក ស៊ូ ឆន ជា​អ្នកនិពន្ធ​បទ​ភ្លេង​។ អ្នកស្រី ម៉ុក ចាន់​មាលី បាន​ចាប់ដៃ​ជាមួយ​ស្វាមី ប្រកប​អាជីព​ក្នុង​សិល្បៈ​រហូតដល់​ថ្ងៃ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​ប៉ុលពត​។ 
 
​នៅ​សម័យ​ប៉ុលពត គ្រួសារ​អ្នកស្រី ត្រូវបាន​ជម្លៀស​ទៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ហើយ​ក្រោយមក​វិល​ទៅ​ខេត្តកំពង់ឆ្នាំង​វិញ​។ កូនប្រុស​ម្នាក់​របស់​អ្នកស្រី បាន​ស្លាប់​ក្នុង​អាយុ​៤​ឆ្នាំ កាលពី​ឆ្នាំ​១៩៧៧ ។​
 
​ក្រោយ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ អ្នកស្រី និង​គ្រួសារ​បានមក​នៅ​រាជធានី​ភ្នំពេញ ហើយ​បន្ត​ប្រកប​របរ​លើ​អាជីព​សិល្បៈ​ដូច​ពី​ជំនាន់​មុន​។ នៅ​ទសវត្សរ៍​ឆ្នាំ​៨០ អ្នកស្រី​បាន​និពន្ធ​បទ​ចម្រៀង​រួមគ្នា​ជាមួយ​ស្វាមី បាន​រាប់រយ​បទ​ទៀត ដើម្បី​ផ្សាយ​វិទ្យុជាតិ​ផង​និង​ថត​បញ្ចូល​ក្នុង​វីដេអូ​ផង ប៉ុន្តែ​បទ​ទាំងនោះ​មិនសូវ​ល្បីល្បាញ​ដូច​ជំនាន់​លោក ស៊ីន ស៊ី​សាមុត ទេ​។ 
 
​គ្រួសារ​អ្នកស្រី មានកូន​៥​នាក់ ដែល​ក្នុង​កូនស្រី​២​នាក់​ក៏​ធ្លាប់ជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​ផងដែរ គឺ ឌី​កាន កូ​លីន និង​ឌី​កាន សុភ​នាថ ជាពិសេស​នៅ​ចុង​អំឡុង​ឆ្នាំ​១៩៩០​និង​ដើមឆ្នាំ​២០០០​។ 
 
​លោក យិន ឌី​កាន បានទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩២​។  ក្រោយមក អ្នកស្រី ម៉ុក ចាន់​មាលី បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​កូនស្រី ឈ្មោះ ឌី​កាន កូ​លីន រហូតដល់​ថ្ងៃ​ចែក​ឋាន​តែម្ដង​។ ក្នុងអំឡុងពេល​រស់នៅ​សហរដ្ឋអាមេរិក យូរៗ​ម្ដង​អ្នកស្រី​ក៏បាន​មកលេង​ប្រទេស​កម្ពុជា​ដែរ ដើម្បី​ជួបជុំ​ញាតិមិត្ត​៕
 

Tag:
 ម៉ុក ចាន់​មាលី​
  សិល្បៈ​
  ចម្រៀង​
  តន្ត្រី​
  យិន ឌី​កាន​
 
© រក្សាសិទ្ធិដោយ thmeythmey.com