ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេសប្រជាធិបតេយ្យចំណាស់ជាងគេលើពិភពលោក មានអ្វីខ្លះ?
17, Aug 2019 , 10:40 pm        
រូបភាព
ដោយ ឈួន ឈីវអ៊ីង
លទ្ធិប្រជាធិបតេយ្យមានអាយុកាលយូរលង់ណាស់មកហើយ ហើយប្រទេសជាច្រើនលើពិភពលោកបានជ្រើសរើសយកលទ្ធិនេះក្នុងរយៈពេលខុសគ្នាៗ។ តើប្រទេសណាមានលទ្ធិប្រជាធិបតេយ្យចំណាស់ជាងគេ?



លទ្ធិប្រជាធិបតេយ្យដំបូងគេបង្អស់នោះ គឺផ្តើមចេញពីបុរីអាតែន។ ប្រជាធិបតេយ្យមានដើមកំណើតចេញពីពាក្យក្រិកថា Demos ដែលមានន័យថា ប្រជាជន រីឯ Kratos មានន័យថា កម្លាំង។

នៅសតវត្សទីប្រាំមួយ មុនគ្រិស្តសករាជ បុរីរដ្ឋអាតែនបានប្រកាសពីមាគ៌ាប្រជាធិបតេយ្យដើម្បីឲ្យប្រទេសដទៃយកទៅប្រើប្រាស់នាថ្ងៃអនាគត។

បើទោះបីជាយ៉ាងណាក៏ដោយ អាតែនគឺជាទឹកដីបុរាណហើយក៏មិនមានវត្តមានក្នុងផែនទីពិភពលោកទៀតដែរ។ ដូច្នេះអាតែនត្រូវបានបាត់បង់កិត្យានុភាពជាប្រទេសមានលទ្ធិប្រជាធិបតេយ្យចាស់ជាងគេរហូតដល់សព្វថ្ងៃ។

អ៊ីស្លង់ និង ទឹកដីរដ្ឋបាលឯករាជ្យ Isle of Man សុទ្ធតែមានចំណាប់អារម្មណ៍លើលទ្ធិប្រជាធិបតេយ្យ។ ស្ថាប័នសភារបស់ប្រទេសនីមួយៗមានអាយុកាលលើសពី១០០០ឆ្នាំទៅទៀត ដែលធ្វើឲ្យពួកគេក្លាយជាស្ថាប័នដែលដើរលើមាគ៌ាប្រជាធិបតេយ្យយូរជាងគេនៅក្នុងពិភពលោក។ ប៉ុន្តែ អ៊ីស្លង់ ទើបតែទទួលបានឯករាជ្យពេញលេញឆ្នាំ១៩៤៤ ពីដាណឺម៉ាក ខណៈទឹកដី Isle of Man មានត្រឹមស្វ័យភាព មិនទាន់ត្រូវបានទទួលស្គាល់ជារដ្ឋនៅឡើយទេ។

បើនិយាយអំពីប្រជាធិបតេយ្យក្នុងពេលបច្ចុប្បន្ន គេប្រាកដជានិយាយពីការបោះឆ្នោតជាសាកល ក្នុងនោះមាននូវែលសេឡង់ ដែលអនុញ្ញាតឲ្យស្រ្តីនិងជនជាតិភាគតិចទាំងអស់ចូលរួមបោះឆ្នោតនៅឆ្នាំ ១៨៩៣។

សហរដ្ឋអាមេរិក ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងដែលត្រូវបានគេទទួលស្គាល់ថាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យរយៈពេល ២១៩ឆ្នាំមកហើយ គឺយូរជាងគេបំផុតតាំងពីឆ្នាំ ១៨០០ រហូតដល់សព្វថ្ងៃ។ នេះបើតាមគេហទំព័រ World Economic Forum។

ជារួមប្រទេសដែលត្រូវបានចាត់ចូលក្នុងតារាងលទ្ធិប្រជាធិបតេយ្យ លុះត្រាតែបានគោរពតាមលក្ខខណ្ឌវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ ដូច្នេះមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យបានជាង២០០ឆ្នាំ។ ចំណែកប្រទេស១៤ផ្សេងទៀតប្រកាន់លទ្ធិប្រជាធិបតេយ្យជាងមួយសតវត្ស ខណៈប្រទេសជាច្រើនទៀតដែលទទួលយករបបប្រជាធិបតេយ្យក្រោយសង្គ្រាមលោកលើកទី២។

ខាងនេះជាតារាងនៃប្រទេសប្រជាធិបតេយ្យចំណាស់ជាងគេទាំង១០ក្នុងពិភពលោក៖ 

១.សហរដ្ឋអាមេរិក ២១៩ឆ្នាំ ២.ស្វីស ១៧១ឆ្នាំ ៣. នូវែលសេឡង់ ១៦២ឆ្នាំ ៤. កាណាដា ១៥២ឆ្នាំ ៥. អង់គ្លេស ១៣៤ឆ្នាំ ៦. លុចសំបួ ១២៩ឆ្នាំ ៧. ប៊ែលហ្សិក ១២៥ឆ្នាំ ៨. ហូឡង់ ១២២ឆ្នាំ ៩. ន័រវែស ១១៩ឆ្នាំ ១០. អូស្រ្តាលី ១១៨ឆ្នាំ

Tag:
 លទ្ធិប្រជាធិបតេយ្យ
  ប្រព័ន្ធនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com