ជាតិ
សេដ្ឋកិច្ច
គណៈកម្មការមូលបត្រ ប្រាប់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការដែលគេហៅឲ្យដាក់ប្រាក់វិនិយោគរួម
17, Aug 2019 , 11:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា បានក្រើនរម្លឹកជាថ្មីម្ដងទៀត ឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការដាក់ប្រាក់ក្នុងគម្រោងណាមួយ ដោយគេសន្យាផ្ដល់ការប្រាក់ ឬផលចំណេញខ្ពស់។ សេចក្ដីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយលើហ្វេសប៊ុកគណៈកម្មការមូលបត្រ នៅថ្ងៃទី១៦ខែសីហា ត្រូវបានធ្វើឡើង ខណៈការឆបោកពាក់ព័ន្ធគម្រោងវិនិយោគរួមនេះបានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា ដែលមានទឹកប្រាក់ដល់រាប់សិបលានដុល្លារ។



គណៈកម្មការមូលបត្រកម្ពុជា អះអាងថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនបានផ្សាយទាក់ទាញប្រជាពលរដ្ឋ ឲ្យដាក់ប្រាក់វិនិយោគក្នុងគម្រោងរបស់ខ្លួន ឬដៃគូវិនិយោគបរទេស ក្រោមរូបភាពជាការចូលហ៊ុនគ្នា ឬទិញចំណែកហ៊ុនក្នុងគម្រោងវិនិយោគរួម គម្រោងអចលនទ្រព្យ ឬជាប្រភេទអាជីវកម្មជួញដូរឌីជីថល ដូចជា Coin ។ រូបភាពមួយទៀត គឺការប្រកាសឲ្យសាធារណជនដាក់ប្រាក់ ដោយសន្យាផ្ដល់ប្រាក់ចំណេញ ការប្រាក់ ក្នុងអត្រាខ្ពស់ខុសពីធម្មតា។

គណៈកម្មការមូលបត្រកម្ពុជា ឲ្យដឹងដូច្នេះថា៖«ករណីប្រភេទនេះឃើញថា ពុំដែលមានការអនុញ្ញាតស្របច្បាប់ និងពុំមានគម្រោងវិនិយោគត្រឹមត្រូវច្បាស់លាស់ ហើយតែងតែឈានដល់ការឆបោកដែលនាំឲ្យពលរដ្ឋរងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន»។

គណៈកម្មការមូលបត្រ ប្រាប់ឲ្យពលរដ្ឋរងគ្រោងក្នុងករណីទាំងនេះ ដាក់ពាក្យប្ដឹងទៅតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច តាមមូលដ្ឋាន។ គណៈកម្មការនេះរម្លឹកថាស្ថាប័នខ្លួនបានជូនដំណឹងដល់សាធារណជនជាច្រើនលើករួចមកហើយ ឲ្យប្រុងប្រយ័ត្នខ្ពស់លើការវិនិយោគដែលមានហានិភ័យខ្ពស់ដូចរបៀបខាងលើនេះ។

«សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានល្អិតល្អន់ ច្បាស់លាស់ចំពោះការដាក់ប្រាក់វិនិយោគរួម ឬសញ្ញាបណ្ណ ឬការជួញដូរឧបករណ៍និស្សន្ទ ដូចជា ការជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ កិច្ចសន្យាគម្លាតថ្លៃ ឬការជួញដូរលើទ្រព្យឌីជីថល ដោយមិនត្រូវធ្វើការវិនិយោគជាមួយក្រុមហ៊ុនណាមួយដែលពុំទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជាឡើយ»។ គណៈកម្មការមូលបត្របានសង្កត់ធ្ងន់ដូចនេះ។

គណៈកម្មការមូលបត្របានផ្ដល់លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម។ លេខទូរសព្ទ ០២៣ ៨៨៥ ៦១១ ឬទំព័រហ្វេសប៊ុក https://www.facebook.com/secc.gov.kh/ ឬស្នាក់ការគណៈកម្មការមូលបត្រកម្ពុជាអគារលេខ៩៩ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ៕

Tag:
 គម្រោងវិនិយោគរួម
  ឆបោក
© រក្សាសិទ្ធិដោយ thmeythmey.com