ជាតិ
សង្គមជាតិ
ទោះបន់ស្រន់ តែបេក្ខជនប្រឡងបាក់ឌុប ថានៅតែពឹងសមត្ថភាពខ្លួនឯងជាធំ
18, Aug 2019 , 12:20 pm        
រូបភាព
ភ្នំពេញ៖ បេក្ខជនត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៩-២០ សីហា ឆ្នាំ២០១៩ បានមកបន់ស្រន់ «ព្រះអង្គដងកើ» ដើម្បីសុំជួបសំណាងល្អ និងកុំឱ្យភ័យខ្លាច ក្នុងពេលប្រឡង។ ជាពិសេស គឺបន់ស្រន់សូមឱ្យជោគជ័យក្នុងការប្រឡង។ ថ្វីដ្បិតមកបន់ស្រន់ក៏ពិតមែន ប៉ុន្តែបេក្ខជនទាំងនោះមិនបានផ្តេកផ្តួលលើអបិយជំរឿទាំងស្រុងនោះទេ គឺពឹងលើសមត្ថភាពរបស់ខ្លួនជាចម្បង។



នៅទីសក្ការគោរពបូជាព្រះអង្គដងកើ ដែលស្ថិតនៅទល់មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧សីហា មានបេក្ខជនត្រៀមប្រឡងបន់ស្រន់។ យុវតី តាំង ឆាយហុង មកពីសាលាឯកជន បានមកបន់ស្រន់ព្រះអង្គដងកើ ដើម្បីឱ្យមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួយឲ្យប្រឡងបាក់ឌុបជាប់ និងបានពិន្ទុល្អប្រសើរ។ ដូចគ្នានេះផងដែរ យុវជន បាន គឹមស្រេង បានមកបន់ស្រន់ព្រះអង្គដងកើនេះ សូមឱ្យចិត្តកុំភ័យខ្លាចក្នុងពេលប្រឡង។ បេក្ខជន មកពីវិទ្យាល័យជាស៊ីមសន្ធរមុខរូបនេះ បានលើកឡើងថា ការមកបន់ស្រន់ គឺជាការរួមផ្សំមួយ ដែលជាអបិយជំនឿរបស់ខ្មែរ ជួយឱ្យប្រឡងជាប់។

បេក្ខជនត្រៀមប្រឡងបាក់ឌុបទាំងពីររូបនេះ បាននិយាយស្រដៀងគ្នាថា ការមកបន់ស្រន់ដើម្បីឱ្យប្រឡងជាប់នេះ ហើយបើពួកគេ មិនខំរៀន ក៏មិនអាចជាប់ដែរ ពោលគឺលុះត្រាតែខំប្រឹងរៀនតាំងពីដើមឆ្នាំមក ហើយរួមផ្សំជាមួយការបន់នេះ ទើបធ្វើឱ្យពួកគេ ប្រឡងជាប់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយមានសិស្សប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០៤២១នាក់ ។ តាមតួលេខពីក្រសួងអប់រំ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មាន៤៤៦៨៣នាក់ ស្រីមាន២៥២៨៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់ ស្រីមាន៣៥១៣៦ នាក់។ មណ្ឌលប្រឡងមាន២០២មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ចែកចេញជា៤៧២៥បន្ទប់៕

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com