ក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងវៀតណាម ១០-០ ក្នុងជំនួបបើកឆាកពូល B ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជារំពឹងយកឈ្នះមីយ៉ាម៉ា ដើម្បីបាន៣ពិន្ទុក្នុងការប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF Women Championship ដែលរៀបចំនៅខេត្តឈុនបូរី ប្រទេសថៃ។ នាជំនួបបើកឆាកកាលពីថ្ងៃទី១៦ សីហា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានលត់ឥណ្ឌូណេស៊ីក្នុងលទ្ធផល ៧-០។
ក្រុមកីឡាការិនីកម្ពុជាអាចត្រូវធ្វើបន្តិចនៅលើកនេះ ដ្បិតមីយ៉ាន់ម៉ាជាក្រុមមានសមត្ថភាពខ្លាំង និងធ្លាប់គ្រងជើងឯកព្រឹត្តិការណ៍នេះរហូត៣លើកក្នុងចំណោមការចូលរួម១១លើករបស់ពួកគេ។ សម្រាប់កម្ពុជានេះជាការចូលរួមលើកទី២ បន្ទាប់ពីចូលរួមលើកដំបូងនៅឆ្នាំ២០១៨ ដោយទទួលបានលទ្ធផលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ពូល B មាន៣ពិន្ទុ ក្រោយយកឈ្នះទីម័រខាងកើតក្នុងលទ្ធផល ១២-០៕