ជាតិ
បាក់ឌុប
​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួន សន្យា​ផ្តល់រ​ង្វាន់​ដល់​សិស្ស​ដែល​ជាប់​និទ្ទេស A
18, Aug 2019 , 3:59 pm        
រូបភាព
ដោយ:
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ខាងមុខ​។ ថ្នាក់ដឹកនាំ​ខេត្ត​ជាច្រើន បានរៀបចំ​ជួយ​សម្រួល​ដល់​គ្រូ និង​បេក្ខជន​ដែល​ត្រូវ​ប្រឡង​។ ជាមួយគ្នានេះ សិស្ស​ដែល​ទទួលបាន​និទ្ទេស A ក៏​នឹង​ទទួលបាន​រង្វាន់​មួយចំនួន​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​របស់ខ្លួន​ផងដែរ​។​



​នៅ​ខេត្តកោះកុង សិស្ស​និទ្ទេស A នឹង​ទទួលបាន​ប្រាក់រង្វាន់​៤​លាន​រៀល និង​កុំព្យូទ័រ​ម្នាក់​មួយគ្រឿង​ពី​លោកស្រី មិថុនា ភូ​ថង ដែលជា​អភិបាលខេត្ត​។  លោក សុខ សុ​ទ្ធី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា រដ្ឋបាលខេត្ត​ក៏​រៀបចំ​កន្លែង​ស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និង​បន្ទប់​ជួល ដែល​នៅក្បែរ​មណ្ឌល​ប្រឡង ដល់​សិស្ស និង​អាណាព្យាបាល​សិស្ស​ក្នុង​ដំណើរការ​ប្រឡង​ផងដែរ​។ 
 
​ម៉ូតូ និង Ipad ម្នាក់​១​គ្រឿង នឹងត្រូវ​បានផ្តល់​ផងដែរ​សម្រាប់​សិស្ស​និទ្ទេស A នៅ​ខេត្តកំពង់ធំ ដោយ​លោក​អភិបាលខេត្ត សុខ លូ​។ រដ្ឋបាលខេត្ត​កំពង់ធំ ក៏បានផ្ដល់​លេខ​ទូរ​សព្ទ​អភិបាលក្រុង​-​ស្រុក​ទាំង​៩​របស់ខ្លួន សម្រាប់​សិស្ស និង​អាណាព្យាបាល ដែលមាន​ជីវភាព​ខ្វះខាត និង​ពិបាក​រក​កន្លែង​ស្នាក់នៅ​។​
 
​សិស្ស​ដែល​នៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង​នៅ​ស្រុក​ព្រៃនប់ កំពង់​សិលា និង​ស្ទឹងហាវ ក៏​ទទួលបាន​ការយកចិត្ត​ទុក​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក ឱ សារឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត បាន​អះអាងថា លោក​អភិបាលខេត្ត​បាន​សន្យា​ផ្តល់​ម៉ូតូ និង​រង្វាន់​លើកទឹកចិត្ត​ផ្សេងទៀត​សម្រាប់​សិស្ស​និទ្ទេស A ដូចគ្នា​។​
 
​ខេត្តសៀមរាប ក៏​មិន​ខុសគ្នា​ដែរ​។ លោក សុខ ផល នាយក​រដ្ឋបាលខេត្ត បាន​ប្រាប់សារព័ត៌មានថ្មីៗថា អភិបាលខេត្ត​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​លើកទឹកចិត្ត​សិស្ស​ពូកែ ដែល​ទទួលបាន​និទ្ទេស A ដែលមាន​ដូចជា​ម៉ូតូ ថវិកា និង​រង្វាន់​លើកទឹកចិត្ត​ផ្សេងទៀត​។ នាយក​រដ្ឋបាលខេត្ត​ជឿជាក់ថា សិស្ស​នៅ​សៀមរាប​នឹង​ជាប់​និទ្ទេស A ច្រើនជាង​មុន ដោយសារ​ពួកគេ​បាន​រៀន​វគ្គ​បំប៉នបន្ថែម​មុនពេល​ប្រឡង​។​
 
​ម៉ូតូ Zoomer X ឬ Scoopy ក៏​រង់ចាំ​ជ័យលាភី​និទ្ទេស A នៅ​ខេត្តកណ្តាល​ផងដែរ​។ បន្ថែម​ពីលើ​នេះ លោក​អភិបាលខេត្ត ម៉ៅ ភិ​រុណ នឹង​ផ្តល់​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ដែល​ប្រឡង​ទាំងអស់​ក្នុង​ក្រុង​តាខ្មៅ ក្នុង​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល​ផងដែរ​។ 
 
​ដោយឡែក​សិស្ស​ដែល​ជាប់​និទ្ទេស A ក្នុង​ខេត្ត​ត្បូងឃ្មុំ នឹង​ទទួលបាន​រង្វាន់​ជា​ម៉ូតូ កុំព្យូទ័រ អាហារូបករណ៍ និង​ថវិកា​មួយចំនួន ពី​លោក​អភិបាលខេត្ត និង​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​។ បើតាម​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​តី​សម្បទា ការផ្តល់​រង្វាន់​ទាំងនេះ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​សិស្ស​ឲ្យ​មាន​ស្មារតី​ប្រឹងប្រែង​រក​ជ័យជំនះ​ទៅ​ថ្ងៃ​អនាគត ដើម្បី​កសាង​ប្រទេសជាតិ​បន្តទៀត​។​
 
​ក្រៅពី​ប្រភពព័ត៌មាន​ដែល​សារព័ត៌មានថ្មីៗបានលើកឡើង ថ្នាក់ដឹកនាំ​ខេត្ត​ផ្សេងទៀត ​ក៏មាន​ការសន្យា និង​សម្រួល​ដល់​សិស្ស និង​លោកគ្រូ​អ្នកគ្រូ សម្រាប់​ការប្រឡង​បាក់​ឌុប​នាពេលខាងមុខ​នេះដែរ ជាពិសេស​នៅតាម​មណ្ឌល​ប្រឡង​ជាច្រើន ការផ្ញើ​កង់ ម៉ូតូ រថយន្ត មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​នោះឡើយ​។​
 
​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយមាន​សិស្ស​ប្រឡង​សរុប​ចំនួន ​១១៧,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះបេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ ១២៧​មណ្ឌល ចែកចេញជា​​​៧២៥​បន្ទប់​៕
 
 

Tag:
 អប់រំ​
  រង្វាន់​
 ​សិស្ស​
 ​បាក់​ឌុប​
 BaccII2019
© រក្សាសិទ្ធិដោយ thmeythmey.com