អន្តរជាតិ
វៀតណាម ទាមទារ​ឲ្យ​ចិន​ដក​នាវា​ចេញ​ឲ្យ​អស់ពី​ដែនទឹក​ខ្លួន​ជាថ្មី​
18, Aug 2019 , 3:50 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ ហួស​ចិត្តនឹង​សកម្មភាព​បំពាន​ដដែលៗ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​ដែន​អធិបតេយ្យ នៃ​សមុទ្រ​ចិន​ខាងត្បូង​ឬ​សមុទ្រ​ខាងកើត​(​ហៅ​ដោយ​វៀតណាម​)​។ ក្រុង​ហាណូយ បាន​ថ្កោលទោស​សកម្មភាព​នេះ និង​ទាមទារ​ដាច់ខាត​ឲ្យ​ក្រុង​ប៉េកាំង​ដកចេញ​នាវា​ទាំងនោះ​ឲ្យ​អស់ពី​ដែនទឹក​របស់ខ្លួន​។​



​ជាថ្មី​ម្តងទៀត​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃ​១៦ សីហា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng បាន​ឲ្យ​ដឹងថា វៀតណាម បាន​ទាក់ទង​ទៅ​ភាគី​ចិន​ដើម្បី​បញ្ជាក់​ពី​ជំហរ​ប្រឆាំង​ដាច់ខាត​លើ​ការបំពាន​ធ្ងន់ធ្ងរ​ដដែលៗ​របស់​ចិន និង​បានទាមទារ​ឲ្យ​ដក​នាវា​ស៊ើប​ការ​ប្រភេទ Haiyang Dizhi 8 រួមទាំង​នាវា​ហែរ​ហម​ជាមួយ​ជាច្រើន​ទៀត​ចេញពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​ខ្ព​ស់រាប​បាតសមុទ្រ​របស់​វៀតណាម នៃ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News សេចក្តីថ្លែងការណ៍​រប​ស់​វៀតណាម ធ្វើឡើង​បន្ទាប់ពី​បានដឹងថា ក្រុម​នាវា​ស៊ើបការណ៍​ជាច្រើន​គ្រឿង​របស់​ចិន បាន​វិល​ត្រលប់​មកកាន់​ដែនទឹក​វៀតណាម​សារជាថ្មី​នៅ​ថ្ងៃ​១៣ សីហា​កន្លងទៅ ក្នុង​គោលដៅ​ស្រាវជ្រាវ និង​ស្ទាប់ស្ទង់​កន្លែង​រុករក​ប្រេងកាត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ជាមួយនឹង​ចំណាត់ការ​ផ្នែក​ការទូត​អ្នកនាំពាក្យ​ដដែល​រូបនេះ បាន​សង្កត់ធ្ងន់ថា​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​បំពាន​នេះ រដ្ឋាភិបាល​វៀតណាម ក៏បាន​ដាក់​បញ្ជា​ឲ្យ​កងកម្លាំង​របស់ខ្លួន​ប​ន្ត​អនុវត្ត​វិធានការ​ចាំបាច់​ដើម្បី​ការពារ និង​ធានា​ដល់​អធិបតេយ្យ​, សិទ្ធិ​អធិបតេយ្យ និង​យុត្តាធិការ​របស់​វៀតណាម ដោយយោង​តាមច្បាប់​ជាតិ និង​អន្តរជាតិ​ជា​ធរមាន​។ 
 
​លោកស្រី​អ្នកនាំពាក្យ ក៏បាន​គូសបញ្ជាក់​ជាថ្មី​ពី​គោលជំហរ​របស់​វៀតណាម ដែល​តែងតែ​ផ្តល់​តម្លៃ​ខ្ពស់ និង​ចង់​លើកកម្ពស់​ចំណងមិត្តភាព​ជាមួយនឹង​ចិន ដើម្បី​ការអភិវឌ្ឍ​ប្រទេស និង​ប្រជាជន​ទាំងសងខាង ក៏ដូចជា​ដើម្បី​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់ និង​ពិ​ភ​លោក​។ វៀតណាម ក៏​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​មាន​ឆន្ទៈ​បែបនេះ​ផងដែរ​។ 
 
​គួររម្លឹកថា នៅ​ខែកក្កដា​កន្លងទៅ វៀតណាម បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ម្តង​រួចហើយ​ដើម្បី​ថ្កោលទោស និង​ទាមទារ​ដូចគ្នា​ឲ្យ​ចិន បញ្ចប់​សកម្មភាព​បំពាន និង​ដក​នាវា​របស់ខ្លួន​ចេញពី​ដែនទឹក​របស់ខ្លួន ដែល​បានធ្វើ​សកម្មភាព​កាន់តែ​គឃ្លើន​ក្នុងការ​សិក្សា​ស្រាវជ្រាវ​តំបន់​មាន​សក្តានុពល​ប្រេងកាត ដែលជា​តំបន់​វៀតណាម អះអាងថា មាន​សិទ្ធិ​គ្រប់គ្រង​ផងដែរ​នោះ​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com