អ្នកម្នាង សៀង ឌី តារាភាពយន្ដដ៏ល្បី និង ធ្លាប់ច្រៀងជាមួយអធិរាជសំឡេងមាស​ ទ្រង់សុគត
ជាតិ
សិល្បះ
អ្នកម្នាង សៀង ឌី តារាភាពយន្ដដ៏ល្បី និង ធ្លាប់ច្រៀងជាមួយអធិរាជសំឡេងមាស​ ទ្រង់សុគត
18, Aug 2019 , 5:21 pm        
រូបភាព
អ្នកម្នាង សៀង ឌី ច្រៀងជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​ ក្នុងខ្សែភាពយន្តមួយ កាលពីសម័យសង្គមរាស្រ្តនិយម
អ្នកម្នាង សៀង ឌី ច្រៀងជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​ ក្នុងខ្សែភាពយន្តមួយ កាលពីសម័យសង្គមរាស្រ្តនិយម
ដោយ: ថ្មីៗ
អ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី តារាភាពយន្តដ៏ល្បីល្បាញ និង ជាអ្នកចម្រៀងជំនាន់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​ ហើយក៏ធ្លាប់ច្រៀងរួមគ្នាជាមួយលោក ស៊ីន ស៊ីសាមុតដែរនោះ បានសុគត ក្នុងព្រះជន្មាយុ៧៣ឆ្នាំ នៅមន្ទីរពេទ្យនៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នាវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមព្រះសុរិយា ដែលជាក្រុមសិក្សាស្រាវជ្រាវពីសិល្បៈខ្មែរសម័យដើម។

 

ក្រុមព្រះសុរិយា បានតាមដានពីស្ថានភាពជំងឺរបស់អ្នកម្នាង សៀង ឌី ជាប់រហូតមក ចាប់តាំងពីអ្នកម្នាង ដួលត្រូវក្បាល កាលពីថ្ងៃ១៥ ខែសីហា ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្រុមព្រះសុរិយា បានសរសេរដូច្នេះថា៖«យេីងខ្ញុំក្រុមព្រះសុរិយានិងបងប្អូនអ្នកស្នេហាវិស័យសិល្បៈទាំងអស់ សូមសម្តែងសេចក្តីក្តុកក្តួលអួលអាក់ជាពន់ពេកចំពោះការបាត់បង់វរសិល្បករខ្មែរដ៏ល្បីល្បាញរូបនេះ។ សូមវិញ្ញាណក្ខន្ធអ្នកម្នាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ»។

អ្នកម្នាង សៀង ឌី មានឈ្មោះដើមថា សូ សុវណ្ណារី ប្រសូតក្នុងឆ្នាំ១៩៤៦។ ពេលអាយុ៨ឆ្នាំ  អ្នកម្នាង បានចូលហាត់ច្រៀងក្នុង «វង់ភ្លេងរាជសីហ៍តន្ដ្រី»។ កាលនោះ មានអ្នកចម្រៀង៩នាក់ទៀត កំពុងហាត់ច្រៀងក្នុង «វង់ភ្លេងរាជសីហ៍តន្ដ្រី» ដោយក្នុងនោះ ក៏មានលោក ស៊ីន ស៊ីសាមុត និង លោក សុះ ម៉ាត់ ផងដែរ។

នៅឆ្នាំ១៩៥៥ (សម័យសង្គមរាស្រ្តនិយម) អ្នកម្នាង សៀង ឌី លោក ស៊ីន ស៊ីសាមុត លោក សុះ ម៉ាត់ និងអ្នកផ្សេងទៀត  បានចូលប្រឡងចម្រៀងក្នុងពិធីសិល្បៈជាតិមួយ។ យោងតាមសៀវភៅមាសស្រោបនគររបស់លោក សេង តារា កាលប្រឡងនាពេលនោះ អ្នកម្នាង បានជាប់លេខ១ ផ្នែកស្រ្តី។ ចំណែក បុរសដែលជាប់លេខ១ គឺលោក ឆេង អ៊ន។ ឯលោក ស៊ីន ស៊ីសាមុត ជាប់លេខ២។ លោក សេង តារា សរសេរថា លោក ស៊ីន ស៊ីសាមុត ត្រូវបានគេវិនិច្ឆ័យថា ច្រៀងពីរោះ តែធ្លាក់កាយវិកា គឺលោក ច្រៀងឈរនឹងថ្កល់អត់កម្រើក។ ដោយឡែក លោក សុះ ម៉ាត់ ជាប់លេខ៣។

អ្នកម្នាង សៀង ឌី បានចាកចេញពី «វង់ភ្លេងរាជសីហ៍តន្រ្តី» ហើយចូលក្នុង «វង់ភ្លេងយោធាភិរម្យ» នៅចុងទសវត្ស១៩៥០។ អ្នកម្នាង បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា ដែលជាអ្នកគ្រប់គ្រង «វង់ភ្លេងសុរាគាខ្មែរ SKD» ហើយត្រូវជាបុត្រារបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ។ អ្នកម្នាង មានបុត្រា-បុត្រីតែពីរនាក់ប៉ុណ្ណោះ។ 

លោក សេង តារា បញ្ជាក់ក្នុងសៀវភៅរបស់លោកថា ក្រោយជាប់សាច់ឈាមនឹងសែរាជវង្ស អ្នកម្នាង ក៏ឃ្លាតឆ្ងាយពីសិល្បៈស្ទើរតែទាំងស្រុង រហូតទាល់តែប្រទេសកម្ពុជា កើតរបបខ្មែរក្រហម តែសំណាងល្អ អ្នកម្នាងនិងស្វាមី បានចាកចេញរួចមុនរបបនេះ ទៅរស់នៅប្រទេសបារាំង។ លុះដល់អំំឡុងទសវត្ស១៩៨០ អ្នកម្នាងនិងស្វាមី ក៏បន្តទៅរស់នៅអាមេរិក។

អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសិល្បៈខ្មែរសម័យដើមរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រហូតដល់ឆ្នាំ១៩៩១ អ្នកម្នាង និង ស្វាមី ក៏ចូលមករស់នៅក្នុងប្រទេសកម្ពុជា ហើយតែងទៅមកៗ រវាងកម្ពុជា-អាមេរិក ជាញឹកញាប់ រហូតដល់អំឡុងឆ្នាំ២០០០ ទើបអ្នកម្នាង និង ស្វាមី រស់នៅក្នុងប្រទេសកម្ពុជាជាប់លាប់។ លោក បន្តថា ក្រោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចរិយា សុគត កាលពីខែតុលា ឆ្នាំ២០១៧ អ្នកម្នាង ក៏ចេញទៅរស់នៅអាមេរិក​ រហូតដល់បច្ចុប្បន្ន។ 

បទចម្រៀងរបស់អ្នកម្នាង មានដូចជា រាត្រីដែលបានជួបភ័ក្រ្ត (ច្រៀងជាមួយលោក ស៊ីន ស៊ីសាមុត), ឱ!ផ្កាយលើមេឃ, ច័ន្ទរះពេញ, រាំតាមសិល្បករ, កុលាបអូនស្នេហ៍, ចម្រៀងអស់សង្ឃឹម, សម្រស់ខេត្តមណ្ឌលគីរី ជាដើម។ អ្នកម្នាង ក៏ធ្លាប់ដើរតួក្នុងខ្សែភាពយន្តផងដែរ ដូចជា រឿងរស់ដោយសប្បាយ ជាដើម៕ 









Tag:
 សៀង ឌី
© រក្សាសិទ្ធិដោយ thmeythmey.com