ជាតិ
បទសម្ភាសន៍
ជប៉ុន​សុំ​ឯកសារ​អំពី​«​ផ្លូវ​បុរាណ​ចក្រភព​ខ្មែរ​» យកទៅ​បោះពុម្ព​បង្រៀន​សិស្ស​របស់ខ្លួន​
18, Aug 2019 , 6:29 pm        
រូបភាព
​សៀមរាប​៖ ប្រទេស​ជប៉ុន តាមរយៈ​គ្រឹះស្ថាន​បោះពុម្ព THISHUKAN (​តៃ​ស៊ូ​កាន់​) កាលពី​ថ្ងៃទី​២៩ កក្កដា បានដាក់​សំណើសុំ​បោះពុម្ព​អត្ថបទ​ស្រាវជ្រាវ​អំពី​ផ្លូវ​បុរាណ ជា​ភាសា​ជប៉ុន​សម្រាប់​សិស្ស​វិទ្យាល័យ​ជប៉ុន​។ អត្ថបទ​ដែល​ជប៉ុន​ស្នើ​យកទៅ​បកប្រែ​និង​បោះពុម្ព​នេះ គឺ​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ឆ្នាំ​២០១៦ មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​ថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬ​ជា​ភាសា​ខ្មែរ​មានន័យថា ពី​បណ្ដាញ​ផ្លូវ​សម័យអង្គរ​ទៅកាន់​ទំនាក់ទំនង​វប្បធម៌​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក​៖ គម្រោង​ស្រាវជ្រាវ​ទំនាក់ទំនង​វប្បធម៌​និង​ការអភិវឌ្ឍ​ឆ្លង​ព្រំដែន​។​

 
​ដើម្បី​ជ្រាប​ច្បាស់​ពី​រឿងរ៉ាវ​នេះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប និង​លោក អ៊ឹម សុខ​រិទ្ធី សហប្រធាន​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដូចតទៅ​៖

 

 
​គម្រោង​ស្រាវជ្រាវ​បណ្ដាញ​ផ្លូវ​បុរាណសម័យ​អាណាចក្រ​អង្គរ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០០៥ ដែលជា​គម្រោង​ស្រាវជ្រាវ​ឆ្លង​ប្រទេស ដែលមាន​កម្ពុជា​និង​ថៃ ជា​សហប្រធាន​។ នេះ​ជា​គម្រោង​ដែល​ធ្វើឡើង​ដោយ​ជាតិ​ទាំងពីរ គឺ​១០០​ឆ្នាំក្រោយ​ដែល​បរទេស​ជា​អ្នកដឹកនាំ​សុទ្ធសាធ​។ លោក អ៊ឹម សុខ​រិទ្ធី បង្ហាញ​ពី​មោទកភាព​នៃ​គម្រោង​ស្រាវជ្រាវ​ដ៏​អស្ចារ្យ​នេះ ដោយ​ក្នុងនោះ​នៅ​ឆ្នាំ​២០១៣ គម្រោង​នេះ​ទទួលបាន​រង្វាន់​ឆ្នើម​ក្នុងចំណោម​គម្រោង​ជាង​១​ម៉ឺន​ដែល​បានដាក់​ប្រកួត​ក្នុងប្រទេស ជា​គម្រោង​ស្រាវជ្រាវ​ប្រកបដោយ​វិទ្យាសាស្ដ្រ មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ និង​ប្រើប្រាស់​ទិន្នន័យ​សម្រាប់​ផ្សព្វផ្សាយ និង​ការអប់រំ​បណ្ដុះបណ្ដាល​យុវជន​ក្នុង​វិស័យ​បេតិកភណ្ឌ​។​


 
​ជប៉ុន​ជា​ប្រទេស​ទី​១​ដែល​យក​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ​ផ្លូវ​បុរាណ​ចក្រភព​អង្គរ​យកទៅ​បកប្រែ​និង​បោះពុម្ព​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​ខ្លួន​។ នៅ​កម្ពុជា​មិនទាន់មាន​ការបញ្ចូល​ក្នុង​កម្មវិធី​អប់រំ​ជាតិ​ទេ តែ​ចាប់ពី​តាំងពី​ឆ្នាំ​២០០៧​មក គេ​បាន​យកទៅ​បង្រៀន​ដល់​សិស្សានុសិស្ស​ក្នុង​គម្រោង​អប់រំ​បេតិកភណ្ឌ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដែរ ដូចជា​នៅ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ  សៀមរាប និង​តំបន់​សម្បូរ​ព្រៃ​គុក ខេត្តកំពង់ធំ​។​


 
​ជា​រៀងរាល់ឆ្នាំ គ្រឹះស្ថាន​បោះពុម្ព THISHUKAN តែង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​អត្ថបទ​ស្រាវជ្រាវ​ថ្មីៗ​សម្រាប់​វិស័យ​អប់រំ​នៅ​ប្រទេស​ជប៉ុន​។ អត្ថបទ​ដែល​ស្ថាប័ន​នេះ​ជ្រើសរើស​ជា​អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ មាន​លក្ខណៈ​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ផ្តល់​ចំណេះដឹង​ជាទូទៅ​ដល់​មនុស្ស​ក្នុង​តំបន់​។ អត្ថបទ​ស្រាវជ្រាវ​ផ្លូវ​បុរាណ​នេះ គឺមាន​ការទទួលស្គាល់​ដោយ​សាកលវិទ្យាល័យ ក្យូ​តូ ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ផងដែរ​៕




 

Tag:
 ផ្លូវ​បុរាណ​
  ចក្រភព​ខ្មែរ​
  ជប៉ុន​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com