ជាតិ
ពីនេះ ពីនោះ
«​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​»៖ សុភាសិត​ដាស់សតិ​កូន​ខ្មែរ​ឲ្យ​គិត​លើសពីនេះ​!
19, Aug 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងការ​សម្រេច​កិច្ចការ​អ្វីមួយ​វា​ពិតជា​ត្រូវការ​មូលដ្ឋាន​ជាច្រើន​សំយោគ​គ្នា ទើប​អាចធ្វើ​កិច្ចការ​នោះបាន​ជោគជ័យ​។ ប៉ុន្តែ ក្នុងចំណោម​មូលដ្ឋាន​ទាំងនោះ បើ​យើង​ពិនិត្យ​ឱ្យ​ហ្មត់ចត់​ទៅ​យើង​អាច​រកឃើញថា មាន​មូលដ្ឋាន​ណាមួយ​ដែល​សំខាន់​ជាងគេ​។ ក្នុងការ​ធ្វើស្រែ​ត្រូវបាន​គេ​មើលឃើញថា ទឹក​គឺជា​កត្តា​សំខាន់​ជាងគេ ក្នុងការ​ធ្វើសង្គ្រាម ស្បៀង​គឺជា​កត្តា​សំខាន់​ជាងគេ ហេតុនេះហើយ​បានជា​ដូនតា​របស់​យើង​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា «​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​»​។ តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មានគំនិត​អប់រំ​យ៉ាងណាដែរ​?



​តាមន័យ​ត្រង់ «​ធ្វើស្រែ​នឹង​ទឹក​» គឺ​ចង់​និយាយថា ទឹក​គឺជា​មូលដ្ឋាន​សំខាន់​សម្រាប់​ការធ្វើ​ស្រែ ទោះបី​ជាមាន​អ្វីៗ​សព្វ​យ៉ាង​ក៏ដោយ ប្រសិនបើ​គ្មាន​ទឹក​មិនអាច​ធ្វើស្រែ​បានទេ​។ តាមន័យ​ធៀប «​ធ្វើស្រែ​នឹង​ទឹក​» អាច​ប្រើ​សំដៅយក​ការធ្វើ​ចម្ការ និង​ការប្រកបមុខរប​ស់​ជាច្រើន​ទៀត​ក្រៅពី​ការធ្វើ​ស្រែ ក៏ត្រូវ​ការ​ទឹកជា​ចាំបាច់​ដែរ ដូចជា ការចិញ្ចឹម​ត្រី សិប្បកម្ម ឧ​ស្សហកម្ម ជាដើម​។ ហេតុនេះហើយ បានជា​ដូនតា​របស់​យើង​បាន​លើក​សុភាសិត​នេះ​ឡើង​ដើម្បី​អប់រំ​កូនចៅ​របស់ខ្លួន​ឱ្យ​គិតគូរ​អំពី​ប្រភពទឹក ការថែរក្សា​ទឹក ការប្រើប្រាស់​ទឹក ការលើក​ភ្លឺស្រែ ការជីក​អាង​បារាយណ៍ ត្រពាំង ព្រែក ប្រឡាយ ឬ​និយាយ​ជារួម​ថា​ការកសាង​ប្រព័ន្ធធារាសាស្ត្រ ដើម្បី​រក្សា​ទឹក​ទុក និង​បែងចែក​ទឹក​សម្រាប់​បម្រើឱ្យ​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​។

មាន​ភស្តុ​ង​តាង​ជាច្រើន​តាំង​សម័យ​មហានគរ​រហូត​មកទល់នឹង​សព្វថ្ងៃនេះ ដែល​បញ្ជាក់ថា ខ្មែរ​យើង​បានគិត​គូរ​ដល់​មូលដ្ឋាន​ទឹក ឬ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​បម្រើឱ្យ​វិស័យ​កសិកម្ម និង​វិស័យ​ដទៃទៀត​។ យើង​អាច​សន្និដ្ឋានបានថា ប្រព័ន្ធធារាសាស្ត្រ​ទាំងនេះ ប្រហែលជា​សមិទ្ធផល​ដែល​កើតចេញពី​ឥទ្ធិពល​របស់​ទស្សនវិជ្ជា​«​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​» នេះឯង​។ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ប្រព័ន្ធធារាសាស្ត្រ​របស់​កម្ពុជា​បច្ចុប្បន្ន មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពលរដ្ឋ​កម្ពុជា​បាន​នៅឡើយ​ទេ​។ លើសពីនេះ​ទៀត បើ​ប្រៀបធៀប​ទៅនឹង​ប្រព័ន្ធធារាសាស្ត្រ​នៃ​ប្រទេសជិតខាង អាច​និយាយបានថា ប្រព័ន្ធធារាសាស្ត្រ​របស់​យើង​ក៏​នៅមាន​ភាពទន់ខ្សោយ​ជាងគេ​ដែរ​។  
 
​តាមន័យ​ត្រង់​«​ធ្វើសឹក​នឹង​បាយ​» មានន័យថា ការធ្វើ​សង្គ្រាម ការធ្វើ​ចម្បាំង គឺ​ពិតជា​ត្រូវការ​ស្បៀង ត្រូវការ​ម្ហូបអាហារ​ជា​ចាំបាច់​មិនអាច​ខ្វះ​បាន​។ បើ​គ្មាន​វា​ទេ ទាហាន​នឹងមិន​មាន​ថាមពល​ដើម្បី​ប្រយុទ្ធ​ឡើយ​។ តាមន័យ​ធៀប «​ធ្វើសឹក​នឹង​បាយ​» អាច​មានន័យថា ក្នុង​ការធ្វើ​អ្វីមួយ​សុទ្ធតែ​ត្រូវការ​អាហារ ត្រូវការ​ស្បៀង ត្រូវការ​ជីវភាព​គ្រប់គ្រាន់ និង​តម្រូវការ​មូលដ្ឋាន​សម​រម្យ ទើប​អាចធ្វើ​ទៅបាន​។  
 
​បើ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ យើង​អាច​និយាយបានថា សុភាសិត​ដែល​បានលើកឡើង​ខាងលើ​ពិត​ជាមាន​សារសំខាន់​ណាស់​ចំពោះ​កូន​ខ្មែរ​ទាំង​ជំនាន់​មុន ជំនាន់​នេះ និង​ជំនាន់​ក្រោយ​។ ប៉ុន្តែ តាមពិតទៅ វា​គ្រាន់តែ​បាន​ដាសតឿន​កូន​ខ្មែរ​មួយ​ជ្រុង​សំខាន់​ប៉ុណ្ណោះ​ទាក់ទង​ទៅនឹង​ការធ្វើ​ស្រែ ចម្ការ និង​ការធ្វើ​សង្គ្រាម​។ 
 
​ជា​តថភាព ក្នុងការ​ធ្វើស្រែ​យើង​ពិតជា​ត្រូវការ​ទឹក​មិនអាច​ខ្វះ​បាន​មែន ប៉ុន្តែ វា​ក៏​មិន​មានន័យថា មានតែ​ទឹក​គ្រប់គ្រាន់​មួយ​មុខ យើង​អាច​ធ្វើស្រែ​បាន​ទិន្នផល​ដូច​បំណង​របស់​យើង​នោះទេ​។ តាមពិតទៅ យើង​នៅមាន​តម្រូវការ​ជាច្រើន​ទៀត​ដើម្បី​ជួយ​ឱ្យ​ការធ្វើ​ស្រែ ចម្ការ​របស់​យើង​សម្រេចបាន​លទ្ធផល​ល្អ​គួរ​ជាទី​ពេញចិត្ត​។ អ្វីដែល​យើង​ត្រូវការ​នោះ គឺ​ដី​មាន​ជី​គ្រប់គ្រាន់ ពូជ​ល្អ បច្ចេកទេស​ល្អ មធ្យោបាយ​សមស្រប អាកាសធាតុ​ល្អ និង​ការថែទាំ​បាន​ទៀត​ទាត់​និង​ត្រឹមត្រូវ​ទៀត ទើប​យើង​អាច​សម្រេចបាន​ទិន្នផល​ច្រើន​តាម​បំណងប្រាថ្នា​របស់​យើង​។​
    
​ដូចគ្នា​ដែរ ក្នុងការ​ធ្វើសង្គ្រាម យើង​ពិតជា​ត្រូវការ​អាហារ ឬ​ស្បៀង​ជា​ចាំបាច់​មិនអាច​ខ្វះ​បានឡើយ​។ ប៉ុន្តែ ក៏​មិន​ន័យ​ថា តែ​អាហារ ឬ​ស្បៀង​មួយ​មុខ គឺជា​មូលដ្ឋាន​គ្រប់គ្រាន់ អាចធ្វើ​សង្គ្រាម​បាន​ជោគជ័យ​នោះទេ​។ តាមពិតទៅ ក្នុងការ​ធ្វើសឹក ឬ​សង្គ្រាម យើង​នៅមាន​តម្រូវការ​ជាច្រើន​ទៀត ដូចជា ទឹកចិត្ត​ស្មោះត្រង់ ក្លាហាន មោះមុត​របស់​កងទ័ព ការហ្វឹកហាត់​យុទ្ធសាស្ត្រ​ចម្បាំង​ជាប្រចាំ យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​របស់​យើង​ល្អ​លើស​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​របស់​គូសត្រូវ​, សព្វាវុធ​ទំនើប​ប្រហាក់ប្រហែល​ឬ​ល្អ​ជាង​គូប្រយុទ្ធ និង​អ្នក​សើ​ប​ការណ៍​សម្ងាត់​របស់​យើង​មាន​ភាព​ប៉ិនប្រសប់​ដែល​អាច​យកការណ៍​សម្ងាត់​ពី​ស្ថានភាព កម្លាំង​ពិត និង​សមត្ថភាព​របស់​គូប្រយុទ្ធ​បានច្បាស់លាស់ ជាដើម ទើប​អាចធ្វើ​សង្គ្រាម​បាន​ជោគជ័យ​។​
 
​ហេតុនេះ សុភាសិត «​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​» គ្រាន់តែ​ជាការ​ដាស់សតិ​កូន​ខ្មែរ​ឱ្យ​គិតពី​មូលដ្ឋាន​សំខាន់​ពីរ គឺ​ទឹក និង​ស្បៀង ក្នុងការ​ធ្វើស្រែ និង​ការ​ធ្វើសឹក ប៉ុណ្ណោះ​។ ប៉ុន្តែ វា​មិន​មានន័យថា ការធ្វើ​ស្រែ​ត្រូវ​គិតតែ​ពី​ទឹក​មួយ​មុខ ហើយ​ការធ្វើ​សង្គ្រាម​ត្រូវ​គិតតែ​ពី​អាហារ​មួយ​មុខ​ដែរ​។ តាមពិត​ដូច​មានការ​បកស្រាយ​ខាងលើ​រួចហើយ ទាំង​ការធ្វើ​ស្រែ ទាំង​ការ​ធ្វើសឹក គឺ​យើង​នៅមាន​តម្រូវការ​ជាច្រើន​ទៀត​។ ដូច្នេះ ក្នុង​ការយក​សុភាសិត​នេះ​ទៅ​អនុវត្ត យើង​មិនត្រូវ​ប្រកាន់​ជំហរ​រឹង​ស្ដូក​នោះទេ យើង​ត្រូវ​ពឹង​ផ្អែកលើ​មូលដ្ឋាន​ទ្រឹស្ដី​ផ្សេងៗ​ទៀត និង​ត្រូវ​ផ្អែកលើ​ការគិត​ហ្មត់ចត់​របស់​យើង​ផងដែរ ដើម្បីឱ្យ​ការធ្វើ​ស្រែ ការធ្វើ​សឹក ឬ​ធ្វើ​អ្វីមួយ អាច​ទទួលបាន​ជោគជ័យ​សមតា​ម​បំណងប្រាថ្នា​របស់​យើង​៕   
​ដោយ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង 
 

© រក្សាសិទ្ធិដោយ thmeythmey.com