ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទស្សនវិជ្ជា​ខ្មែរ​មានតម្លៃ​មហិមា តែ​ពលរដ្ឋ​ចាប់អារម្មណ៍​លើស​ម្តី​អ្នកល្បី​បរទេស​
19, Aug 2019 , 9:25 am        
រូបភាព
 លោក ប៉ាន់ វុត្ថា សាស្ត្រាចារ្យទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកម្ពុជា
លោក ប៉ាន់ វុត្ថា សាស្ត្រាចារ្យទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកម្ពុជា
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន យុវជន​ខ្មែរ តែងតែ​ជជែក​គ្នា ឬ​បង្ហោះ​លើ​បណ្តាញ​សង្គម ពី​គំនិត​ទស្សនវិជ្ជា និង​ការយល់ឃើញ​របស់​អ្នកជំនួញ ទស្សនវិទូ និង​អ្នកប្រាជ្ញ​បរទេស ឬ​មេដឹកនាំ​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​មក​ជ​ជែ​។ ប៉ុន្តែ​ពួកគេ ហាក់​ភ្លេច​ថា ខ្មែរ​ក៏មាន​អ្នកប្រាជ្ញ និង​ទស្សនវិទូ​ជាច្រើនរូប​ដែរ ដែល​បាន​បន្សល់ទុក នូវ​មរតក​ទស្សនវិជ្ជា​ដែលមាន​តម្លៃ​មហិមា​។ បណ្ឌិត ប៉ាន់ វុត្ថា សាស្ត្រាចារ្យ​ទស្សនវិជ្ជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកនិពន្ធ និង​ចងក្រង​សៀវភៅ​ដ៏​លេចធ្លោ​ម្នាក់​ដែរ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្មែរ​មាន​ទស្សនវិជ្ជា ប៉ុន្តែ​ខ្មែរ​មិនបាន​សរសេរថា នរណា​ខ្លះ​ជា​ទស្សនវិទូ​? បើតាម​សាស្ត្រាចារ្យ ប៉ាន់ វុត្ថា ទស្សនវិជ្ជា​ខ្មែរ ត្រូវបាន​សរសេរ​បញ្ចូល ក្នុង​អក្សរសិល្ប៍ កំណាព្យ ពាក្យ​បណ្តៅ ពាក្យស្លោក និង​សុភាសិត​ជាដើម​។

 
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ និង​លោក ប៉ាន់ វត្ថា សាស្ត្រ​ចា​រ្យ​ទស្សនវិជ្ជា​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ដូចតទៅ​៖ 



 
 
«​ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ​» គឺជា​ទស្សនវិជ្ជា​ខ្មែរ​ដែល​បាន​បង្កើតឡើង​នៅ​សម័យអង្គរ​។ ទស្សនវិជ្ជា​នេះ ត្រូវបាន​ប្រមុខ​ដឹកនាំ​ខ្មែរ​ក្រោយ​សម័យ​ខ្មែរក្រហម បន្ត​យកមកប្រើ​ប្រាស់​ក្នុងការ​ដឹកនាំ​ប្រទេស​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាន់ វុត្ថា អ្នកស្រាវជ្រាវ​ទស្សនវិជ្ជា​ខ្មែរ និង​ជា​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​។ លោក​អត្ថាធិប្បាយ​ថា ខ្មែរ​មាន​ទស្សនវិជ្ជា​ជា​យូរយារ​ណាស់​មក ជាពិសេស នៅក្នុង​សម័យអង្គរ ដែលជា​សម័យ​ដ៏​រុងរឿង​របស់​អាណាចក្រ​ខ្មែរ​។ 
 
​បើតាម​លោក ប៉ាន់ វុត្ថា នៅក្នុង​សម័យអង្គរ ព្រះមហាក្សត្រ​បាន​ប្រើ​អំណាច​ក្នុងការ​ពង្រីក​ទឹកដី និង​ប្រើ​គុណធម៌​ក្នុងការ​គ្រប់គ្រង​ប្រទេស​។ «​ការលំបាក​របស់​រា​ស្រ ជា​ទុក្ខលំបាក​របស់​អាត្មាអញ​» នេះ​ជា​ព្រះបន្ទូល​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​បណ្ឌិត ប៉ាន់ វុត្ថា បាន​អះអាងថា បន្ទូល​នេះ គឺជា​ទស្សនវិជ្ជា​របស់​ព្រះអង្គ ដែល​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ចា​តុ​ទុក​ព្រះអង្គ ថា​ជា​ព្រះមហាក្សត្រ​ប្រកបដោយ​ទសពិធរាជធម៌​។ 
 
​ក្រៅពី​ទស្សនវិជ្ជា​សម័យអង្គរ នៅ​សម័យ​ក្រោយៗ​ទៀត ខ្មែរ​ក៏មាន​អ្នក​ប្រាជ្ញា កវី និង​ទស្សនវិទូ​ជាច្រើន​ទៀត ដែល​សុទ្ធតែ​បាន​បន្សល់​គំនិត និង​ទស្សនៈ​ដ៏​មហិមា សម្រាប់​ឲ្យ​ខ្មែរ​យកទៅ​ពិចារណា ដើម្បី​ដឹកនាំ​ជីវិត គ្រួសារ និង​សង្គមជាតិ ឲ្យ​មាន​ភាព​រីក​ច្រើន និង​សុដុមរ​មនា​។ 
 
«​ជើង​មិនមែនជា​ភ្នែក ភ្នែក​មិនមែនជា​ជើង ប៉ុន្តែ​សរីរាង្គ​ទាំងពីរ​នៅលើ​រាងកាយ​តែមួយ អ្វី​ដែលមាន​ឥទ្ធិពល​មិនល្អ​ទៅដល់​ជើង ក៏មាន​ឥទ្ធិពល​មិនល្អ​ទៅដល់​ភ្នែក​ដែរ​»​។ នេះ​ជា​សង្ឃដីកា​របស់​សម្តេច​សង្ឃរាជ ជួន ណាត ដែល​លោក ប៉ាន់ វុត្ថា បាន​លើក​មក​ពន្យល់ថា ឃ្លា​នេះ​គឺជា​គំនិត​បែប​ទស្សនវិជ្ជា​មួយ ដែល​ចង់​សំដៅលើ​ការធ្វើ​កិច្ចការ​ផ្សេងៗ ត្រូវតែ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក ទើប​សម្រេច​កិច្ចការ​នោះបាន​។ លោក ប៉ាន់ វុត្ថា ដែល​បាន​និពន្ធ និង​ចងក្រង​សៀវភៅ​បាន​៩​ចំណងជើង​ហើយ​នោះ បាន​អះអាងថា បន្តថា ក្រៅពី​សម្តេច​សង្ឃរាជ ជួន ណាត ខ្មែរ​ក៏មាន​ទស្សនវិទូ​មួយចំនួនទៀត ដូចជា ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ (​ក្រម​ង៉ុ​យ​) ដែល​លោក​បាន​សរសេរ​កំណាព្យ​ជាច្រើន ដើម្បី​អប់រំ​ផ្នែក​សេដ្ឋកិច្ច ច្បាប់ និង​ការរស់នៅ​ប្រកបដោយ​សីលធម៌ និង​សុជីវធម៌​ក្នុងសង្គម​។ ចំណែក​ឧកញ៉ា សុ​ត្ត​ន្ត​ប្រីជា​ឥន្ទ ដែល​បាន​សរសេរ​សៀវភៅ​គតិ​លោក និង ភិក្ខុ ប៉ាង ខាត់ ដែល​បកប្រែ​សៀវភៅ​ស្រី​ហិ​តោ​បរទេស​ពី​ភាសាសំស្ក្រឹត ដើម្បី​បង្រៀន​មនុស្ស​ឲ្យ​មានការ​គិតពិចារណា ក៏ត្រូវ​បាន​លោក​សាស្ត្រាចារ្យ ប៉ាន់ វុត្ថា ចាត់ទុកថា ជា​ទស្សនវិទូ ឬ​អ្នកប្រាជ្ញ​របស់​ខ្មែរ​ផងដែរ​៕             
 
 

Tag:
 ទស្សនវិជ្ជា​ខ្មែរ​
  ប៉ាន់ វុត្ថា​
  អប់រំ​
  អក្សរសិល្ប៍​
 ​សុភាសិត​
 ​កំណាព្យ​
 ​ពាក្យស្លោក​
© រក្សាសិទ្ធិដោយ thmeythmey.com