ជាតិ
អត្ថបទពាណិជ្ជកម្ម
តម្លៃ​ឥដ្ឋ​ចាប់ផ្តើម​មាន​ស្ថិរភាព​វិញ បន្ទាប់ពី​បាន​ឡើង​យ៉ាងខ្លាំង​នៅ​ដើមឆ្នាំ​២០១៨
19, Aug 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​តម្លៃ​ឥដ្ឋ​នៅ​កម្ពុជា បាន​រក្សា​ស្ថិរភាព​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ បើទោះបីជា​តម្រូវការ​ស​ម្រា​ប់​វិស័យ​សំណង់ នៅ​បន្ត​កើនឡើង ដោយសារ​អ្នក​ផលិត​បាន​បង្កើន​ផលិតកម្ម ហើយ​អាចឆ្លើយតប​នឹង​កំណើន​តម្រូវការ​។ នេះ​បើ​យោងតាម​ពាណិជ្ជករ ក្នុង​ឧស្សាហ​កម្មនេះ​។​

​យោងតាម​លោក ឈាង ស៊ុយ​ហ៊ាង តំណាង​សហគម​អ្នក​ផលិត​ឥដ្ឋ​ជាង ១០០ សហគ្រាស​នៅ​ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល តម្លៃ​ឥដ្ឋ​បាន​រក្សា​កម្រិត​ប្រហាក់ប្រហែល​នៅ​ជាង ១ ឆ្នាំកន្លះ​ចុងក្រោយ គិត​ចាប់ពី​ខែមីនា​ឆ្នាំ​២០១៨ មក​។​
 
​លោក ស៊ុយ​ហ៊ាង បាន​និយាយថា​តម្លៃ​ឥដ្ឋ​នាពេលនេះ មានតម្លៃ ៤០០ ដុល្លារ ក្នុង​មួយ​ម៉ឺន​ឥដ្ឋ គឺ​មិនមាន​ការប្រែប្រួល​ទេ ធៀប​នឹង​ដើមឆ្នាំ ២០១៨​មក​។ តម្លៃ​ឥដ្ឋ​នៅ​កម្ពុជា បានចាប់ផ្តើម​កើនឡើង​ខ្លាំង នៅ​ចាប់ពី​ដើមឆ្នាំ​២០១៧ ដែល​កាលនោះ ឥដ្ឋ​មួយ​ម៉ឺន​ដុំ មានតម្លៃ ១៨០ ដុល្លារ​។ តម្លៃ​នេះ បាន​កើន​ដល់ ៣០០ ដុល្លារ នៅ​ចុងឆ្នាំ​២០១៧ ហើយ​បន្ត​កើនឡើង​យ៉ាងខ្លាំង​ត្រឹមតែ ៣ ខែ​បន្ទាប់ ដែល​ធ្វើ​ឲ្យ​តម្លៃ​ឥដ្ឋ​មួយ​ម៉ឺន​ដុំ មានតម្លៃ​ដល់​ទៅ ៤០០ ដុល្លារ​។​
 
​យោងតាម លោក ស៊ុយ​ហ៊ាង កំណើន​តម្រូវការ​ឥដ្ឋ​នៅតែ​ខ្លាំង​នៅ​ឆ្នាំនេះ ដែល​ការបញ្ជាទិញ​ភាគច្រើន បានមកពី​ខេត្ត​ព្រះសីហនុ កំពត ភ្នំពេញ និង​ប៉ោយប៉ែត ជាទី​ដែល​វិស័យ​សំណង់ កំពុងមាន​សកម្មភាព​ខ្លាំង​។​
 
​លោក​បន្តថា​៖«​ម្ចាស់​ឡឥដ្ឋ​ជាច្រើន បាន​ពង្រីក​ការផលិត​។ អ្នក​ដែល​ធ្លាប់​មានតែ ២​ដំបូល (​ឡ​ផលិត​ឥដ្ឋ​) កាលពីមុន បាន​ដំឡើង​ដល់​៤ ដំបូង​។ អ្នកមាន ៤ កើន​ដល់ ៦ ដំបូល អ៊ីចឹងទៅ​យើង​ផលិត​បាន​ច្រើនជាង​មុន ហើយ​ទាន់​តម្រូវ​ការដែល​កើនឡើង​»​។ លោក​បន្តថា​៖«​តម្រូវការ​នៅ​បន្ត​កើន ហើយ​ពេលខ្លះ ក៏​យើង​ពិបាក​ផ្គត់ផ្គង់​ឲ្យ​ទាន់ពេល​ដែរ តែ​យើង​សម្រេច​មិន​ដំឡើងថ្លៃ​ទេ ដោយសារ​យើង​បង្ការ កុំ​ឲ្យ​មានការ​នាំចូល​ឥដ្ឋ​ពី​វៀតណាម មក​ជំនួស​»​។​
 
​លោក ស៊ុយ​ហ៊ាង ប៉ាន់​ស្មានថា បច្ចុប្បន្ន​មាន​ឡឥដ្ឋ​ប្រមាណ ៣០០ ឡ នៅក្នុង​ប្រទេស​កម្ពុជា (​បូក​បញ្ចូល​ទាំង​ម្ចាស់​សិប្បកម្ម​នៅក្នុង​សហគម​របស់លោក​)​។ សម្រាប់​សមាជិក​ក្នុង​សហគម​អ្នក​ផលិត​ឥដ្ឋ​ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល សិប្បកម្ម​នីមួយៗ មាន​សមត្ថភាព​ធ្វើ​ឥដ្ឋ​បាន​យ៉ាងតិច ១០ ម៉ឺន​ឥដ្ឋ ក្នុង​មួយថ្ងៃ អ៊ីចឹង​អ្នកផ្គត់ផ្គង់​ពី​សហគម​នេះ អាច​ផ្គត់ផ្គង់​យ៉ាងហោចណាស់ ១០ លាន​ដុំ ក្នុង​មួយថ្ងៃ​។​
 
​កម្ពុជា​នៅតែ​ពឹងផ្អែក​លើ​ការ​នាំចូល​សម្ភារ​សំណង់​
​ប្រទេស​កម្ពុជា បាន​មើលឃើញ​ការហូរចូល​យ៉ាងច្រើន នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​រយៈពេល​ជាង​មួយ​ទស​វ​ត្យ​ចុងក្រោយ ហើយ​វិស័យ​អចលនទ្រព្យ សំណង់ និង     បដិសណ្ឋារកិច្ច គឺជា​វិស័យ​ដែល​ទទួលបាន​លំហូរ​ចូល​វិនិយោគ​ដ៏​ខ្លាំងក្លា​។​
 
​ផលិតកម្ម​ឥដ្ឋ បានទទួល​អត្ថប្រយោជន៍​ពី​ការរីកដុះដាល នៃ​សំណង់​អគារ​ផ្សារ​ទំនើប អគារ​ការិយាល័យ អគារ​ខុន​ដូ និង​គម្រោង​ជាច្រើន​ទៀត​។​
​ក្នុង​រយៈពេល​៦ ខែ​ដំបូង​ឆ្នាំនេះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​អនុ      ម័ត​គម្រោង​សាងសង់​ចំនួន​ជាង ២,០០០ គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជាង ៣,៣ ពាន់​លាន​ដុល្លារ​។​
 
​លោក ជីវ ស៊ីវ​ផេង អ្នកគ្រប់គ្រង​ទូទៅ នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ ទី​១២ សីហា​ថា ស្ថិរភាព​សេដ្ឋកិច្ច កំណើន​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​វឌ្ឍនភាព​អចលនទ្រព្យ បានរួម​ចំណែក​ធ្វើឱ្យមាន​តម្រូវការ​សម្ភារ​សំណង់​កាន់តែ​ច្រើនឡើង​។​
 
​ទោះយ៉ាងណា លោក​បាន​កត់សម្គាល់ថា ប្រទេស​កម្ពុជា នៅតែ​ពឹងផ្អែក​យ៉ាងខ្លាំង លើ​ការ​នាំចូល​សម្ភារ​សំណង់​ផ្សេងៗ​ទៀត ដូចជា ដែកថែប និង​ផលិតផល​តុបតែង​ផ្នែក​ខាងក្នុង​។​លោក ជីវ ស៊ីវ​ផេង ថ្លែងថា​៖«​យើង​រំពឹងថា ផលិតកម្ម​ក្នុងស្រុក​របស់​យើង នឹង​រីកចម្រើន​ជាង​នេះ​។ ដូច្នេះ យើង​នឹង​អា​ចរក​ផលិតផល​ក្នុងស្រុក​បាន​កាន់តែច្រើន សម្រាប់​វិស័យ​សំណង់ និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល​»៕
 
​អត្ថបទ​ពាណិជ្ជកម្ម​

© រក្សាសិទ្ធិដោយ thmeythmey.com