ជាតិ
មន្ត្រីឧទ្យានុរក្សកម្ពុជា និងថៃ ហ្វឹកហាត់រួមគ្នា ដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិតាមព្រំដែន រូបពីក្រសួងបរិស្ថាន
×
ដោយ៖ សាម ស្រីណុច
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សកម្ពុជា និងថៃ បានទទួលការហ្វឹកហាត់លើការងារអភិរក្សនិងការពារសត្វព្រៃ និងព្រៃឈើ រយៈពេល១២ថ្ងៃ ដែលរៀបចំឡើងក្នុងខេត្តស្រះកែវ ប្រទេសថៃ ទល់នឹងតំបន់ការពារបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ។នេះបើតាមព័ត៌មានផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងបរិស្ថាន។
មន្ត្រីឧទ្យានុរក្សចំនួន១៥នាក់មកពីប្រទេសថៃនិងមន្ត្រីឧទ្យានុរក្ស២៦នាក់របស់កម្ពុជាដែលមកពីខេត្តបន្ទាយមានជ័យ បាត់ដំបងនិងប៉ៃលិន បានទទួលការបណ្តុះបណ្តាល ហ្វឹកហាត់លើការងារការពារអភិរក្សសត្វព្រៃ និងព្រៃឈើ។ ការហ្វឹកហាត់នេះផ្តោតលើជំនាញឃ្លាំមើល ត្រួតពិនិត្យ បង្ក្រាបបទល្មើស ជំនាញមើលផែនទី និងចំណុចនិយាមការភូមិសាស្ត្រលើផ្ទៃរាបនិងមើលពីផ្កាយរណប( GPS& Satellite) ជាដើម។
លោក វីត តាយ៉ា អគ្គនាយករងទទួលបន្ទុក តំបន់ទី១ នៃអគ្គនាយកដ្ឋានឧទ្យានជាតិសត្វព្រៃនិងពូជរុក្ខជាតិ របស់ប្រទេសថៃបានឱ្យដឹងថា សិក្ខាសាលានេះជានិមិត្តរូបមួយយ៉ាងល្អប្រសើរ ដែលបានដំណើរការតាមក្របខណ្ឌនៃផែនការកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំក្នុងប្រតិបត្តិការលើតំបន់ការពារនិងតំបន់អភិរក្ស ជីវៈចម្រុះឆ្លងកាត់ព្រំដែន ដើម្បីកំណត់ជាកម្មវិធីដំណើរការរួមគ្នាទាំងក្នុងកម្រិតប្រទេស និងកម្រិតតំបន់។
លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ដែលចូលរួមពិនិត្យមើលការងារហ្វឹកហាត់នេះ ដែលត្រូវបានរៀបចំឡើងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សនៃប្រទេសទាំងពីរកម្ពុជា-ថៃ ធ្វើឡើងបន្ទាប់ពីមានការចុះអនុស្សារណៈយោគយល់គ្នា(MOU) របស់អគ្គនាយកដ្ឋានជំនាញនៃប្រទេសទាំងពីរ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការចាត់វិធានការការពារតំបន់អភិរក្សជីវៈចម្រុះ ឆ្លងកាត់ព្រំដែនរបស់ខ្លួន ដែលចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ កន្លងទៅ៕
Tag:
ធនធានធម្ម
ជាតិមន្ត្រីឧទ្យានុរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com