ជាតិ
មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កម្ពុជា និង​ថៃ ហ្វឹកហាត់​រួមគ្នា ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​តាម​ព្រំដែន​
18, Aug 2019 , 6:59 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
​ដោយ​៖ សាម ស្រី​ណុ​ច​
 
​ភ្នំពេញ​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កម្ពុជា និង​ថៃ  បានទទួល​ការហ្វឹកហាត់​លើ​ការងារ​អភិរក្ស​និង​ការពារ​សត្វព្រៃ និង​ព្រៃឈើ រយៈពេល​១២​ថ្ងៃ ដែល​រៀបចំឡើង​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទល់នឹង​តំបន់​ការពារ​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ។​នេះ​បើតាម​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។​


 
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១៥​នាក់​មកពី​ប្រទេស​ថៃ​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​២៦​នាក់​របស់​កម្ពុជា​ដែល​មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង​និង​ប៉ៃលិន បានទទួល​ការបណ្តុះបណ្តាល ហ្វឹកហាត់​លើ​ការងារ​ការពារ​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​។ ការហ្វឹកហាត់​នេះ​ផ្តោតលើ​ជំនាញ​ឃ្លាំមើល ត្រួតពិនិត្យ បង្ក្រាប​បទល្មើស ជំនាញ​មើល​ផែនទី និង​ចំណុច​និយាម​ការ​ភូមិសាស្ត្រ​លើ​ផ្ទៃរាប​និង​មើល​ពី​ផ្កាយរណប​( GPS& Satellite) ជាដើម​។​


 
​លោក វីត តា​យ៉ា អគ្គនាយករង​ទទួលបន្ទុក តំបន់​ទី​១ នៃ​អគ្គនាយកដ្ឋាន​ឧទ្យាន​ជាតិ​សត្វព្រៃ​និង​ពូជ​រុក្ខជាតិ របស់​ប្រទេស​ថៃ​បានឱ្យដឹងថា សិក្ខាសាលា​នេះ​ជា​និមិត្តរូប​មួយ​យ៉ាង​ល្អប្រសើរ  ដែល​បាន​ដំណើរការ​តាម​ក្របខណ្ឌ​នៃ​ផែនការ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​៥​ឆ្នាំ​ក្នុង​ប្រតិបត្តិការ​លើ​តំបន់​ការពារ​និង​តំបន់​អភិរក្ស ជីវៈចម្រុះ​ឆ្លងកាត់​ព្រំដែន ដើម្បី​កំណត់​ជា​កម្មវិធី​ដំណើរការ​រួមគ្នា​ទាំង​ក្នុង​កម្រិត​ប្រទេស និង​កម្រិត​តំបន់​។​


 
​លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ ដែល​ចូលរួម​ពិនិត្យមើល​ការងារ​ហ្វឹកហាត់​នេះ ដែល​ត្រូវបាន​រៀបចំឡើង​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ។​


 
​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ធ្វើឡើង​បន្ទាប់ពី​មាន​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MOU) របស់​អគ្គនាយកដ្ឋាន​ជំនាញ​នៃ​ប្រទេស​ទាំងពីរ ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ចាត់វិធានការ​ការពារ​តំបន់​អភិរក្ស​ជីវៈចម្រុះ ឆ្លងកាត់​ព្រំដែន​របស់ខ្លួន ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​៕

Tag:
 ធនធាន​ធម្ម​
  ជាតិ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com