ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គម​ស៊ីវិល​ជំរុញឱ្យមាន​ការ​គាំទ្រ​សហគមន៍​នេសាទ​ដើម្បី​អភិរក្ស​ធនធាន​ជលផល​កម្ពុជា​
18, Aug 2019 , 7:59 pm        
រូបភាព
​សៀមរាប​៖ វិស័យ​ជលផល ត្រូវបាន​គេ​មើលឃើញថា​បាន​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​មួយផ្នែក ក្នុងនោះ​បើ​យោងតាម​ឯកសារ​របស់​រដ្ឋបាល​ជលផល ប្រជាជន​ប្រមាណ​ជាង​២​លាន​នាក់​ជា​អ្នកនេសាទ​និង​អាស្រ័យ​ផល និង​ប្រមាណ​៤​លាន​នាក់  ដែល​ទទួលផល​ពី​វិស័យ​មួយ​នេះ​។ អង្គការ​សង្គម​ស៊ីវិល ដែល​ជួយ​លើ​វិស័យនេះ​បាន​ជំរុញឱ្យមាន​ការគាំទ្រ​ដល់​សហគមន៍​នេសាទ ដើម្បី​ការពារ​ក៏ដូចជា​អភិរក្ស​ធនធាន​ជលផល​កម្ពុជា​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​


 
 
​វិស័យ​ជលផល​ជា​ផ្នែក​មួយ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​កម្ពុជា​ដ៏​សំខាន់ ហើយ​វិស័យនេះ​ជា​ផ្នែក​មួយ​ដែល​ជួយ​រួមចំណែក​ដោយ​ការចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ដោយសារ​កំណើនប្រជាជន និង​ការ​បម្រែបម្រួល​អាកាសធាតុ​បានធ្វើឱ្យ​ធនធាន​ជលផល​កម្ពុជា​មានការ​ធ្លាក់ចុះ​។ អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ជួយ​ទ្រទ្រង់​ដល់​វិស័យនេះ ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បន្ត​គាំទ្រ​សហគមន៍​នេសាទ​ទូទាំងប្រទេស ដើម្បីឱ្យ​វិស័យ​ជលផល​មាន​និរន្តរភាព​។​


 
​លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ក្នុង​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ជលផល និង​អង្គការ​សង្គម​ស៊ីវិល​លើ​ការគ្រប់គ្រង​ធនធាន​ជលផល​នៅ​កម្ពុជា​កាលពី​ចុងខែ​កក្កដា​កន្លង​ទៅបាន​លើកឡើងថា ដែន​នេសាទ​សាធារណ​បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មានឱកាស​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដូច​ទៅនឹង​ច្បាប់​ជលផល​ដែល​អនុញ្ញាតឱ្យ​សហគមន៍​នេសាទ​ចូលរួម​គ្រប់គ្រង ក៏ដូចជា​ជួយ​ថែរក្សា​។ លោក ឱម សាវ៉ាត ពន្យល់ថា ការការពារ​ដែន​នេសាទ​មិនមែនជា​ការងារ​របស់​សមត្ថកិច្ច​នោះទេ តែ​សហគមន៍​ខ្លួនឯង​ផ្ទាល់​ដែលមាន​ភារកិច្ច​ការពា​រ​និង​គ្រប់គ្រង​ដែន​របស់ខ្លួន​។​


 
​ក្រៅពី​ការលើក​ពី​សារសំខាន់​នៃ​សហគមន៍​នេសាទ​ហើយ​នោះ លោក សាវ៉ាត ក៏បាន​លើក​ពី​ការងារ​ដែល​អង្គការ​រ​បស់​លោក​បាននិងកំពុង​រួមចំណែក​អភិរក្ស​ធនធាន​ជលផល​តាមរយៈ​ជួយ​ទ្រទ្រង់​ដល់​សហគមន៍​នេសាទ​ទូទាំងប្រទេស​ឱ្យមាន​លទ្ធភាព​និង​សមត្ថភាព ក៏ដូចជា​ដកហូត​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ លោក សាវ៉ាត ពន្យល់ថា​តាមរយៈ​ការជួយ​ទ្រទ្រង់​ដល់​សហគមន៍​នេសាទ​នេះ អង្គការ​របស់លោក​បាន​ស្វែងរក​មូលនិធិ​ខ្នាតតូច​ពី​អង្គការ​ដៃគូ​នានា​ក្នុង​បំណង​ដើម្បីឱ្យ​សហគមន៍​ទាំង​៣​តំបន់​ដែល​សរុប​ជាង​៥០ មាន​សមត្ថភាព និង​បង្ហាញ​ស្នាដៃ​ល្អ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​ពួកគេ និង​ប្រើប្រាស់​ធនធាន​ទាំងនោះ​ប្រកបដោយ​និរន្តរភាព​។​


 
​លោក យិន ដា​រ៉ា តំណាង​មកពី Forum Syd ប្រចាំ​នៅ​កម្ពុជា ដែលជា​ស្ថាប័ន​មួយ​គាំទ្រ​ថវិកា​ដល់​សហ​គន៍​នេសាទ​ក្នុងប្រទេស​កម្ពុជា បានឱ្យដឹងថា ក្នុងការ​គាំទ្រ​លើ​គម្រោង​អភិរក្ស​ធនធាន​ជលផល​នៅ​កម្ពុជា ស្ថាប័ន​របស់លោក​ចង់​ឃើញ​សហគមន៍​នេសាទ​ម្ចាស់ការ​ដោយ​ខ្លួនឯង​ដោយ​ក្នុងនោះ​ព្យាយាម​បណ្ដុះបណ្ដាល​ពួកគេ​ឱ្យ​ចេះ​រៀបចំ​ផែនការ​ការងារ​ដោយ​ខ្លួនឯង ដោយ​មិនត្រូវ​ពឹង​ផ្អែកលើ​អង្គការ​ជំនួយ​ពេក​ទេ​។ ក្នុងន័យនេះ​លោក ដា​រ៉ា ពន្យល់ថា សហគមន៍​នេសាទ​ត្រូវ​ចេះ​រៀបចំ​ការងារ​តូចៗ​ដោយ​ខ្លួនឯង ពិសេស​ចេះ​ចាត់ចែង​ការងារ​ដោយផ្ទាល់​មិនត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ទេ​។ ទាំងនេះ​ជា​អ្វីដែល​ស្ថាប័ន​របស់លោក​ចង់ឃើញ​នាពេល​អនាគត​។​
 
​ជាមួយគ្នា​នោះ បើតាម​ការបញ្ជាក់​ពី​លោក យិន ដា​រ៉ា  Forum Syd បាននិងកំពុង​ជួយ​គាំទ្រ​ដល់​សហគមន៍​នេសាទ​ចំនួន ១៣៤ ក្នុងចំនោម ៥១៦​ទូទាំងប្រទេស លើ​ការគាំទ្រ​ថវិកា​ខ្នាតតូច​។ ក្នុង​មួយឆ្នាំៗ​តាមរយៈ​ការផ្តល់​ថវិកា​ខ្នាតតូច​នេះ សរុប​ចំនួន​ជាង​៣០​ម៉ឺន​ដុល្លារ តាមរយៈ Forum Syd​។ ហើយ​បេសកកម្ម​ធំ​របស់ Forum Syd គឺ​ចង់ឃើញ​សហ​គន៍​នេសាទ​ទាំងអស់​ចុះបញ្ជី​ស្របច្បាប់​។ «​ចុះបញ្ជី​ជា​បេសកកម្ម​សំខាន់​ដែរ អរគុណ​ដល់​នាយ នាយរង​ខណ្ឌ​ទូទាំងប្រទេស​ដែល​បាន​សហការ​ល្អ យើង​មិនមែន​គាំទ្រ​តែ​សហគមន៍​នេសាទ​ទេ គឺមាន​ទាំង​ស្រះ​ជម្រក​ត្រី ក៏​យើង​បាន​ជួយ​ដែរ នឹង​បន្ត​គាំទ្រ​នេះ​ត​ទៅមុខទៀត​...»​។​
 
​ក្នុងការ​លើកកម្ពស់​និង​គាំទ្រ​សហគមន៍​នេះដែរ លោក ដា​រ៉ា ក៏មាន​បំណង​ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើ​គោលនយោបាយ​ដោយ​បញ្ជ្រាប​ថវិកា​របស់​រដ្ឋ​ចូលដល់​សហគមន៍ តាមរយៈ​ការផ្តល់​ថវិកា​ខ្នាតតូច កុំឱ្យ​ពឹង​តែ​លើ​ជំនួយ​ពី​អង្គការ​អភិវឌ្ឍន៍ ព្រោះថា​សហគមន៍​អាច​នឹង​ដើរទៅ​មុខ​លឿន ប្រសិនបើ​ពួកគេ​ត្រូវបាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​។ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« បើ​ខ្ញុំ​មានឱកាស​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អ្នកធ្វើ​គោលនយោបាយ​ធំៗ ខ្ញុំ​ចង់ឱ្យ​សម័យកាល​នៃ​ការផ្លាស់ប្ដូរ​របៀប​ធ្វើការ​ពិសេស​ចង់ឱ្យ​បញ្ជ្រាប​ថវិកា​របស់​រដ្ឋា​ភិ​បាល​ចូល​ទៅដល់​សហគមន៍ កុំឱ្យ​គិតតែ​ជំនួយ​ពី​អង្គការ​អភិវឌ្ឍន៍ ព្រោះ​សហគមន៍​ធម្មតា​លុយ​មួយកញ្ចប់រ​សប់​រដ្ឋាភិបាល​យកចិត្តទុកដាក់ មាន​លុយ​គាត់​ចេះ​ចែកចាយ​ធ្វើ​អាជីវកម្ម​...​ខ្ញុំ​មើលថា ដូច Forum Syd គាំទ្រ​រាល់​ឆ្នាំ ៣០​ទៅ​៤០​ម៉ឺន​ដុល្លារ​វា​មិន​ច្រើន​ទេ​...»​។​
 
​នៅក្នុង​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ជលផល និង​អង្គការ​សង្គម​ស៊ីវិល​លើ​ការងារ​គ្រប់គ្រង​ធនធាន​ជលផល​នៅ​ខេត្តសៀមរាប​នោះដែរ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជា​សាន បាន​កោតសរសើរ​និង​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​និរន្ដរភាព​ធនធាន​ជលផល​កម្ពុជា​។ ជាមួយគ្នានេះ​លោក​ក៏បាន​លើក​ពី​ច្បាប់​ជលផល​ថ្មី​ដែល​កំពុង​រៀបចំ​និង​អនុម័ត​ឱ្យប្រើ​ប្រាស់​យ៉ាងយូរ​ឆ្នាំ​២០២០​ខាងមុខ ដោយ​ក្នុងនោះ​ក៏មាន​កែប្រែ​មួយចំនួន​ទាក់ទង​នឹង​សហគមន៍​នេសាទ​នេះដែរ​។ លោក អេង ជា​សាន បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​នេះ លោក​រំពឹងថា កម្ពុជា​នឹង​អាច​ក្លាយជា​ប្រទេស​នាំចេញ​ធនធាន​ជលផល​នាពេល​អនាគត​ផងដែរ​។ 
 
​ឆ្លើយតប​ទៅនឹង​ការលើកឡើង​ករណី​បទល្មើស​នេសាទ​ដោយ​អនុញ្ញាត​ឱ្យមាន​ការនេសាទ​ខ្នាត​ធំ និង​រារាំង​ការនេសាទ​ខ្នាតតូចៗ ប្រធាន​រដ្ឋបាល​ជលផល​ពន្យល់ថា មានការ​ឆ្លៀតឱកាស​ពី​ជនខិលខូច​តែប៉ុណ្ណោះ ហើយ​ចំណុច​នេះ​ក៏​ដោយសារ​ការស្នើសុំ​ផ្លាស់ប្ដូរ​ម្ដង​ជា​ពីរដង​របស់​សហគម​ន៍​នេសាទ​ផងដែរ ដូចជា​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មោង​ប្រវែង​ពី​១០​ម៉ែត្រ រហូត​១០០​ម៉ែត្រ និង​រហូតដល់​មិនបាច់​កំណត់​ដើម្បី​ងាយស្រួល​ប្រមូល​ផល​នេសាទ​នេះ​ជាដើម​។ តែ​យ៉ាងណាក៏ដោយ ប្រធាន​រដ្ឋបាល​ជលផល​បញ្ជាក់ថា បានចាត់ទុក​សហគម​ន៍​ជា​ដៃគូ​សំខាន់​ក្នុង​ការបន្ត​អភិរក្ស​ធនធាន​ជលផល​ឱ្យមាន​និរន្តរភាព​៕

Tag:
 ជលផល​
  អេង ជា​សាន​
© រក្សាសិទ្ធិដោយ thmeythmey.com