«ជាមធ្យោបាយដ៏ពិសិដ្ឋមួយដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍ ដែលមានអាយុកាល២៥ឆ្នាំមកហើយ»។ លោក Bill Gates និងអ្នកស្រី Melinda បានអះអាងយ៉ាងដូច្នេះក្នុងបទសម្ភាសផ្តាច់មុខជាមួយ Business Insider ទាក់ទងនឹងការឆ្លៀតពេលវេលាដ៏មមាញឹករបស់ខ្លួនដើម្បីលាងចានឆ្នាំងជាមួយគ្នារៀងរាល់ល្ងាច។
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានជួបអ្នកស្រី Melinda នៅឆ្នាំ១៩៨៧ ដែលបានបម្រើការនៅក្រុមហ៊ុនក្នុងតួនាទីជានាយិកាផ្នែកផលិតផល ហើយបានរៀបការជាមួយគ្នានៅឆ្នាំ១៩៩៤ និងមានកូនបីនាក់ គឺ Jennifer, Rory និង Phoebe។
មានទ្រព្យសម្បត្តិជាង១០០ពាន់លានដុល្លារអាមេរិក និងរស់នៅក្នុងផ្ទះតម្លៃ១២៤លានដុល្លារអាមេរិក ហើយបានចំណាយលើសប្បុរសធម៌ប្រមាណ៤៥ពាន់លានដុល្លារអាមេរិកតាមរយៈមូលនិធិ Bill & Melinda Gates Foundation ប៉ុន្តែគន្លឹះសម្ងាត់ដែលពួកគាត់បានរកឃើញដើម្បីពង្រឹងចំណងអាពាហ៍ពិពាហ៍នោះ គឺការឆ្លៀតចំណាយពេលវេលារួមគ្នា។
អ្នកស្រី Melinda Gates បានរៀបរាប់ប្រាប់ Business Insider ក្នុងបទសម្ភាសទាក់ទងនឹងការចេញផ្សាយសៀវភៅថ្មីរបស់ខ្លួន «The Moment of Life» ថា គ្រួសារគាត់តែងតែលាងចានឆ្នាំងរួមគ្នាពេលល្ងាច ដើម្បីរំលឹកកូនៗថា ការងារផ្ទះជាទំនួលខុសត្រូវរួមគ្នា មិនមែនជាការងារផ្តាច់មុខរបស់ស្ត្រីនោះឡើយ។
អ្នកស្រីបានបញ្ជាក់ថា អ្វីៗកើតចេញពីការពិភាក្សាគ្នា ពោលគឺបន្ទាប់ពីពេលដែលអ្នកស្រីពរពោះលើកដំបូង ដែលកាលណោះអ្នកស្រីមានអារម្មណ៍ឯកោ ដោយសារលោក Bill Gate មមាញឹកខ្លាំងក្នុងនាមជាអគ្គនាយក Microsoft។