លោក សុង សារ៉ន ប្ដេជ្ញា​ឲ្យ​ការនាំចេញ​អង្ករ​១​លាន​តោន សម្រេចបាន​ក្នុង​រយៈពេល​៣​ឆ្នាំ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក សុង សារ៉ន ប្ដេជ្ញា​ឲ្យ​ការនាំចេញ​អង្ករ​១​លាន​តោន សម្រេចបាន​ក្នុង​រយៈពេល​៣​ឆ្នាំ​
18, Aug 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកMC Smile Smile
រូបពីហ្វេសប៊ុកMC Smile Smile
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ទើបតែ​បាន​បោះឆ្នោត​ជ្រើសរើស​គណៈ​ដឹកនាំ​ថ្មី​សម្រាប់​អាណត្តិ​ទី​៣​របស់ខ្លួន​។ សហព័ន្ធ​ស្រូវ​អង្ករ ដែលមាន​លោក សុង សារ៉ន ជា​ប្រធាន​នេះ បានដាក់​ទិសដៅ​ឲ្យ​ផែនការ​នាំចេញ​អង្ករ​១​លាន​តោន​របស់​រដ្ឋាភិបាល សម្រេចបាន​ក្នុង​រយៈពេល​បី​ឆ្នាំ ពោលគឺ​ក្នុង​អាណត្តិ​ដែល​លោក​ដឹកនាំ​នេះ ត្រឹម​ឆ្នាំ​២០២២​។​



​សូម​ស្ដាប់​កិច្ច​សម្ភាស​តាម​ប្រព័ន្ធ​ទូរ​សព្ទ​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុង សារ៉ន ដូចតទៅ​នេះ​៖


 
 
​ដើម្បី​សម្រេចបាន​ទិសដៅ​ខាងលើនេះ  CRF នឹង​ដោះស្រាយ​បញ្ហា​អាទិភាព​មួយចំនួន​។ តាមរយៈ​កិច្ច​សម្ភាស​ខាងលើនេះ លោក សុង សារ៉ន បញ្ជាក់ថា CRF នឹង​ពង្រីក​ការនាំ​ចេញទៅ​ទីផ្សារ​ចិន​។ លោក​មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ដោះស្រាយ​គឺ​បញ្ហា​ទីផ្សារ​ដែល​ត្រូវ​ពង្រីក​និង​អនុវត្ត​កូតា​ដែល​ចិន​ដាក់​ឲ្យ​៤០​ម៉ឺន​តោន ដោយ​យើង​នឹង​ប្រឹង​ពិនិត្យ​មើលថា​យើង​អាចធ្វើ​អ្វី​? ព្រោះ​យើង​នាំចេញ​ទើបបាន​ជាង​១០​ម៉ឺន​តោន​ប៉ុណ្ណោះ​»​។​
 
​ស្របគ្នា​នេះ សហព័ន្ធ​នឹង​ជំរុញ​ការងារ​ជួយ​កសិករ​។ លោក សុង សារ៉ន ប្រាប់​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ​កសិករ​ប្រើប្រាស់​ពូជ​មួយ​ដែល​សុទ្ធ​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង​។ ហើយ​យើង​នឹង​ផលិត​ស្រូវ​មួយចំនួន​ដែល​តម្រូវ​ទីផ្សារ​ចិន​ចង់បាន​»​។ ក្រៅពីនេះ កសិករ​នឹងត្រូវ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា ការប្រើ​បច្ចេកវិទ្យា​សម្រាប់​ជា​ប្រយោជន៍​ជុំវិញ​ការដាំដុះ​ស្រូវ​របស់ខ្លួន ដែល​ហៅថា​កម្មវិធី​កសិករ​វៃឆ្លាត​។​
 
​ប្រធាន CRF និង​ជា​អគ្គនាយក​ក្រុម AmruRice រូបនេះ បន្ថែមទៀតថា សហព័ន្ធ​នឹង​ខិតខំ​ប្រជុំ​ដោះស្រាយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទីផ្សារ កសិកម្ម ការដឹកជញ្ជូន​ជាដើម ឲ្យ​បាន​ភ្លាមៗ​ទាន់ពេល​។​
 
​ដោយឡែក​សហព័ន្ធ​ស្រូវ​អង្ករ​អាណត្តិ​ថ្មី​នេះ ក៏បាន​កំណត់​បញ្ហា​ប្រឈម​ចំពោះ​ទិសដៅ​នាំចេញ​អង្ករ​១​លាន​តោន​។ បើតាម​លោក សុង សារ៉ន បញ្ហា​ទាំងនោះ​រួ​មានការ​ប្រែប្រួល​អាកាសធាតុ និង​គោលនយោបាយ​ឧបត្ថម្ភ​ធន និង​ការពារ​និយម​របស់​ប្រទេស​មួយចំនួន​៕
 
 
 
 
 
 
 

Tag:
 ស្រូវ អង្ករ​
  សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com