ជាតិ
បាក់ឌុប
ឈុត សេរី​វ៉ាន់​ថន នឹង​រៀន​មហាវិទ្យាល័យ​ដោយ​អត់​អស់​លុយ បើ​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ឆ្នាំនេះ​
18, Aug 2019 , 7:55 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​មាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង ឈុត សេរី​វ៉ាន់​ថន សម្រេច​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឡើងវិញ បន្ទាប់ពី​បោះបង់​ការប្រឡង​នៅ​ឆ្នាំ​មុខ​។ សេរី​វ៉ាន់​ថន ដែល​ប្រឡង​ថ្នាក់​បំពេញវិជ្ជា ហាក់​មាន​រំពឹង​ខ្ពស់​ក្នុង​ការប្រឡង​នៅ​ឆ្នាំនេះ​។ ម្ចាស់​ជើងឯក​ពានរង្វាន់ ISI Palm រដូវ​កាល​ទី​២​រូបនេះ នឹង​ទទួលបាន​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​ដោយ​ឥតគិតថ្លៃ បើ​ប្រឡង​ជាប់​នៅលើ​ក​នេះ​។​

 
​ក្រោយ​បោះបង់​ជា​បេក្ខភាព​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៨ កីឡាករ ឈុត សេរី​វ៉ាន់​ថន មកពី​ក្លិប​ប្រដាល់​រា​ហ៊ូ​ខេត្តបាត់ដំបង បានសម្រេច​ចូលរួម​ប្រឡង​សាជាថ្មី​នៅ​ឆ្នាំនេះ​។ ពាក់ព័ន្ធ​មូលហេតុ ដែល​ជំរុញ​ឲ្យ​គេ​ចូលរួម​ប្រឡង​នៅ​លើក​នេះ ត្រូវបាន​លោក ឈុត សេរី ជា​ឪពុក​អះអាងថា ដោយសារ​រូបគេ​មានការ​ជឿជាក់​លើ​ខ្លួនឯង ក្រោយ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​បង្កើន​ចំណេះដឹង​។ 
 
​បុរស​វ័យ​៥៤​ឆ្នាំ​រូបនេះ​រំពឹងថា កូនប្រុស​លោក​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ប្រឡង ខណៈ​សា​ម៉ី​ខ្លួន​បានដាក់​ក្តី​រំពឹង​រហូត​៧០​ភាគរយ​។ លោក​អះអាងថា ទោះបី វ៉ាន់​ថន មិនបាន​រៀន​នៅតាម​សាលា​រដ្ឋ​ក៏ដោយ តែ​រូបគេ​បាន​ព្យាយាម​សិក្សា​រៀនសូត្រ​យ៉ាងខ្លាំង​ជាមួយ​គ្រូ ដែល​បើក​បង្រៀន​គួរ​នៅក្រៅ​ម៉ោង និង​ជួល​គ្រូ​មក​បង្រៀន​ជាដើម​។ ការប្រឹងប្រែង​រៀនសូត្រ ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំនេះ ទើប​ធ្វើ​ឲ្យ ឈុត សេរី​វ៉ាន់​ថន មិនសូវ​បានបង្ហាញ​ខ្លួន​នៅលើ​សង្វៀន​ប្រកួត​។ 
 
​ពាក់ព័ន្ធ​មូលហេតុ​ដែល​ធ្វើ​ឲ្យ ឈុត សេរី​វ៉ាន់​ថន បោះបង់​ការប្រឡង​បាក់​ឌុប​ឆ្នាំមុន ត្រូវបាន​លោក ឈុត សេរី បកស្រាយ​ថា គឺ​ដោយសារ វ៉ាន់​ថន គ្មាន​ពេលវេលា​សិក្សា​គ្រប់គ្រាន់ ព្រោះ​ជាប់រវល់​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ប្រចាំ​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ ការបរាជ័យ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​កីឡាករ ឡុង ជិន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មួយថ្ងៃ​មុន​ការប្រឡង ក៏​អាចជា​មូលហេតុ​មួយ​ផងដែរ​។ 
 
​លោក ស៊ី​ថូ ណា​ថា​ន់ ប្រធាន​ផ្នែក​កីឡា​របស់​ក្រុមហ៊ុន CBS (CNC CTN MYTV) សន្យា​ជួយ​ផ្គត់ផ្គង់​ការរៀនសូត្រ​ថ្នាក់​មហាវិទ្យាល័យ​ដល់​កីឡាករ ឈុត សេរី​វ៉ាន់​ថន បើ​រូបគេ​ប្រឡង​ជាប់​ឌុប​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈុត សេរី​។ 
 
​សូមបញ្ជាក់ថា កីឡាករ ឈុត សេរី​វ៉ាន់​ថន ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​បំពេញវិជ្ជា នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​សម្តេចឪ ខេត្តបាត់ដំបង​។ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ទូទាំងប្រទេស​ចំនួន​១១៧,០២៤​នាក់​(​ស្រី​៦០,៤២១​នាក់​) ហើយ​បែង​ចែកជា​២០២​មណ្ឌល​៕  
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឈុត សេរី​
  ឈុត សេរី​វ៉ាន់​ថន
© រក្សាសិទ្ធិដោយ thmeythmey.com