ជាតិ
បាក់ឌុប
ឈុត សេរីវ៉ាន់ថន នឹងរៀនមហាវិទ្យាល័យដោយអត់អស់លុយ បើប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ
× អ្នកលេងគុនខ្មែរមានដើមកំណើតនៅខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថន សម្រេចចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឡើងវិញ បន្ទាប់ពីបោះបង់ការប្រឡងនៅឆ្នាំមុខ។ សេរីវ៉ាន់ថន ដែលប្រឡងថ្នាក់បំពេញវិជ្ជា ហាក់មានរំពឹងខ្ពស់ក្នុងការប្រឡងនៅឆ្នាំនេះ។ ម្ចាស់ជើងឯកពានរង្វាន់ ISI Palm រដូវកាលទី២រូបនេះ នឹងទទួលបានការសិក្សាថ្នាក់មហាវិទ្យាល័យដោយឥតគិតថ្លៃ បើប្រឡងជាប់នៅលើកនេះ។
ក្រោយបោះបង់ជាបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៨ កីឡាករ ឈុត សេរីវ៉ាន់ថន មកពីក្លិបប្រដាល់រាហ៊ូខេត្តបាត់ដំបង បានសម្រេចចូលរួមប្រឡងសាជាថ្មីនៅឆ្នាំនេះ។ ពាក់ព័ន្ធមូលហេតុ ដែលជំរុញឲ្យគេចូលរួមប្រឡងនៅលើកនេះ ត្រូវបានលោក ឈុត សេរី ជាឪពុកអះអាងថា ដោយសាររូបគេមានការជឿជាក់លើខ្លួនឯង ក្រោយមានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាបង្កើនចំណេះដឹង។
បុរសវ័យ៥៤ឆ្នាំរូបនេះរំពឹងថា កូនប្រុសលោកនឹងទទួលបានលទ្ធផលល្អក្នុងការប្រឡង ខណៈសាម៉ីខ្លួនបានដាក់ក្តីរំពឹងរហូត៧០ភាគរយ។ លោកអះអាងថា ទោះបី វ៉ាន់ថន មិនបានរៀននៅតាមសាលារដ្ឋក៏ដោយ តែរូបគេបានព្យាយាមសិក្សារៀនសូត្រយ៉ាងខ្លាំងជាមួយគ្រូ ដែលបើកបង្រៀនគួរនៅក្រៅម៉ោង និងជួលគ្រូមកបង្រៀនជាដើម។ ការប្រឹងប្រែងរៀនសូត្រ ដើម្បីត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ ទើបធ្វើឲ្យ ឈុត សេរីវ៉ាន់ថន មិនសូវបានបង្ហាញខ្លួននៅលើសង្វៀនប្រកួត។
ពាក់ព័ន្ធមូលហេតុដែលធ្វើឲ្យ ឈុត សេរីវ៉ាន់ថន បោះបង់ការប្រឡងបាក់ឌុបឆ្នាំមុន ត្រូវបានលោក ឈុត សេរី បកស្រាយថា គឺដោយសារ វ៉ាន់ថន គ្មានពេលវេលាសិក្សាគ្រប់គ្រាន់ ព្រោះជាប់រវល់ហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីដណ្តើមខ្សែក្រវាត់ប្រចាំកម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ការបរាជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករ ឡុង ជិន នៅវគ្គផ្តាច់ព្រ័ត្រមួយថ្ងៃមុនការប្រឡង ក៏អាចជាមូលហេតុមួយផងដែរ។
លោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡារបស់ក្រុមហ៊ុន CBS (CNC CTN MYTV) សន្យាជួយផ្គត់ផ្គង់ការរៀនសូត្រថ្នាក់មហាវិទ្យាល័យដល់កីឡាករ ឈុត សេរីវ៉ាន់ថន បើរូបគេប្រឡងជាប់ឌុបនៅឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឈុត សេរី។
សូមបញ្ជាក់ថា កីឡាករ ឈុត សេរីវ៉ាន់ថន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់បំពេញវិជ្ជា នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង។ ការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ដោយមានបេក្ខជនចូលរួមប្រឡងទូទាំងប្រទេសចំនួន១១៧,០២៤នាក់(ស្រី៦០,៤២១នាក់) ហើយបែងចែកជា២០២មណ្ឌល៕
Tag:
ប្រដាល់គុនខ្មែរ
ឈុត សេរី
ឈុត សេរីវ៉ាន់ថន
© រក្សាសិទ្ធិដោយ thmeythmey.com