ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រកាសថា «​ដល់​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ហើយ​»
18, Aug 2019 , 8:07 pm        
រូបភាព
លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង បានចាត់ទុក ផែន​ការវិល​ត្រឡប់មក​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា​ជា​ទឹក​ចុងក្រោយ​នៃ​ការ​ប្រកួត​រវាង​លោក ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏ដូចជា​គណបក្សកាន់អំណាច​។ សម្តី​នេះ លោក លើកឡើងក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ ក្នុង​វត្ត​ខ្មែរ​មួយ​នៅ​ប្រទេស​អូស្ត្រាលី នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​។


 
​លោក សម រង្ស៊ី ថ្លែងថា ស្ថានការណ៍ បាន​ទុំ​ជោរ​ហើយ ហើយ​ពេលវេលា​សមគួរ ក៏បាន​មកដល់​ដែរ  សម្រាប់​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក​។ លោក ប្រកាស​ដូច្នេះ​ថា​៖«​យើង​បន្តសកម្មភាព​របស់​យើង ហើយ​បាន​ចូលមក​ដល់​ដំណាក់កាល​ថ្មី​មួយ ដំណាក់កាល​ចុងក្រោយ ដំណាក់កាល​ផ្តាច់​ព្រ័ត្រ​។.....ខ្ញុំ​បានធ្វើ​សេចក្តីសម្រេច​មួយ សំខាន់​ជាងគេ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ថា​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​យើង​វិញ ទៅ​ជួយ​ប្រជារាស្ត្រ​ឲ្យ​ទាល់តែ​បាន​»​។​
 
​មេដឹកនាំ​ក្រុមប្រឆាំង ដែល​និរទេស​អស់​រយៈពេល​ប្រមាណ​ជា​៤​ឆ្នាំ​មកហើយ​នោះ បាន​បន្តថា កា​រត​ស៊ូ​ពី​ក្រៅប្រទេស មិន​គ្រប់គ្រាន់​ឡើយ ហើយក៏​មិនអាច​ជួយ​ស្រោចស្រង់​ប្រទេសជាតិ​បានដែរ​។ លោក យល់ថា លុះត្រាតែ​លោក ដឹកនាំ​កម្លាំង ចូលមកក្នុង​ស្រុក ហើយ​បំផុសបំផុល​កម្លាំង​ប្រជាពលរដ្ឋ  ទើប​អាច​ដណ្តើមយក​ជ័យជម្នះ​បាន​។ លោក សង្កត់ធ្ងន់ថា​៖«​បើ​យើង​មិន​ចូលទៅ​ប្រឡូក មិន​ទៅ​ស្រោចស្រង់​ប្រទេសជាតិ​ទេ ជាតិ​យើង​នឹង​រលាយ​ហើយ​»​។​
 
​លោក សម រង្ស៊ី មិនមែនមិនគិត​ពី​គ្រោះថ្នាក់​នៃ​ការវិលត្រឡប់​ម​កកម្ពុជា​នោះទេ​។ តែ​លោក ប្រកាន់ជំហរថា ក្នុង​ជីវិត​របស់​មនុស្ស ត្រូវតែ​ផ្តូ​រ​ផ្តាច់ និង ត្រូវធ្វើ​សេចក្តីសម្រេច ដើម្បី​អ្វីមួយ​។ លោក បញ្ជាក់ថា​៖«​អ្វី​ក៏មាន​ហា​និ​ភ័យ​ដែរ តែ​យើង​ត្រូវ​ហ៊ាន​ប្រឈមមុខ ពីព្រោះ​អ្វីដែល​យើង​អាច​ទទួល​មកវិញ គឺ​ស្រោចស្រង់​ប្រទេស​ចា​តិ ដែលធានាថា​ជាតិ​យើង​មិន​ស្លាប់​...​អ៊ីចឹង​យើង​ហ៊ាន​​ទទួល​ហានិភ័យ​ហ្នឹង​ទាំងអស់គ្នា​....»​។​
 
​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្សប្រឆាំង បាន​បើក​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស ហើយក៏​សម្រេច​ថា មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦​។ 
 
​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៨ ខែសីហា ក្នុងន័យ​ព្រមាន​ដូច្នេះ​ថា​៖«​ទណ្ឌិត​រត់ចោលស្រុក​ត្រៀមខ្លួន​ចូល​ស្រុក អាជ្ញាធរ​កម្ពុជា ក៏បាន​ត្រៀម​ខ្នោះ​រួចហើយ​ដែរ»​។ យ៉ាងណាក៏ដោយ មន្ត្រី​បក្ស​កាន់អំណាច​រូបនេះ នៅតែ​ជឿ​ថា ក្រុម​លោក សម រង្ស៊ី នឹង​មិន​ហ៊ាន​ចូល​ស្រុក តាម​កាល​កំណ​ត់ឡើយ​។ 
 
​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រាប់​សារព័ត៌​មាន​ថ្មីៗ ក្រោយ​ការប្រកាស​របស់​អតីត​គណបក្សប្រឆាំង​ថា ផែន​ការដាក់​កម្លាំង ដើម្បី​ចាប់​លោក សម រង្ស៊ី និង បក្សពួក ត្រូវបានរៀប​ចំ​រួចហើយ​។ លោក ព្រមាន​ថា មិន​ថា​ពួកគេ ចូលមក​កម្ពុជា តាមផ្លូវ​គោក ផ្លូវអាកាស ឬ ផ្លូវទឹក​នោះទេ សមត្ថកិច្ច នឹង​អនុវត្តតាម​ដីកា​របស់​តុលាការ ក្នុង​ការចាប់​ពួកគេ​។ ប៉ុន្តែ លោកបញ្ជាក់ថា អ្នក​ដែល​គ្មាន​ទោស​ឬ​គ្មាន​ឈ្មោះក្នុងដីកា នឹងមិន​ត្រូវ​ចាប់ខ្លួន​ឡើយ​។ 
 
​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បើក​កិច្ចប្រជុំ​រួមគ្នា ស្តីពី​ការត្រៀម​កម្លាំង ដើម្បី​ចាប់​អ្នកប្រឆាំង ពេល​ពួកគេ​ធ្វើ​មាតុភូមិ​និវត្ត​។​
 
​ចំណែក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់​ព្រមានរួចមកហើយដែរថា សមត្ថកិច្ច នឹង​វាយខ្នោះ​លោក សម រង្ស៊ី យកទៅដាក់​នៅ​ពន្ធនាគារ ឲ្យ​តែ​លោក មកដល់​កម្ពុជា​។​
 
​លោក សម រង្ស៊ី  មិន​ត្រឹមតែ​អះអាងថា មាន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ស្រុក សម្រេចចិត្ត​រួម​ដំណើរ​ជាមួយ​លោក​នោះទេ តែ​លោក ថែមទាំង​អះអាងថា ឥ​ស្សរ​ជនបរទេស​មួយចំនួន ក៏​នឹង​រួម​ដំណើរ​មក​កម្ពុជា​ជាមួយ​លោក​ដែរ​៕    

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com